អន្តរជាតិ
អ៊ីស្រាអែលកេណ្ឌទាហាននិងប៉ូលិសបម្រុង ស្របពេលភាពតានតឹងជាមួយក្រុមហាម៉ាស់កើនឡើង
08, Apr 2023 , 1:59 pm        
រូបភាព
នាយករដ្ឋមន្រ្តីអ៊ីស្រាអែល បេនចាមីន ណេតាន់យ៉ាហ៊ូ នៅថ្ងៃទី៧ ខែមេសា​ ប្រកាសធ្វើកំណែនទាហាន និងប៉ូលិសបម្រុង ស្របពេលដែលអំពើហិង្សាសម្លាប់មនុស្ស៣នាក់។

ភាពតានតឹងរវាងអ៊ីស្រាអែល និងប៉ាឡេស្ទីន បានឡើងកម្ដៅខ្លាំងក្រោយកងកម្លាំងប៉ូលុសអ៊ីស្រាអែលប៉ះទង្គិចជាមួយប្រជាជនប៉ាឡេស្ទីននៅវិហារស័ក្តិសិទ្ធិ Al-Aqsa ក្នុងទីក្រុងហ្សេរុយសាឡិមកាលពីដើមសប្ដាហ៍នេះ។ ផ្ដើមចេញពីរឿងនេះ អ៊ីស្រាអែលក៏រងការវាយប្រហារដោយគ្រាប់រ៉ុក្កែតពីសំណាក់ក្រុមហាម៉ាស់។ អ៊ីស្រាអែលក៏តបវិញ ដោយការវាយប្រហារតំបន់ភាគខាងត្បូងលីបង់ និងត្រើយខាងលិចរបស់ប៉ាឡេស្ទីន។
 
ជាការរាលដាលនៃជម្លោះរ៉ាំរ៉ៃនេះ ជនជាតិអ៊ីស្រាអែល-អង់គ្លេសពីរនាក់ ត្រូវបានសម្លាប់ ឯម្ដាយរបស់ពួកគេរងរបួសក្នុងការបាញ់ប្រហារនៅតំបន់ត្រើយខាងលិចដែលគ្រប់គ្រងដោយអ៊ីស្រាអែល។ នៅទីក្រុងតែលអាវីវវិញ បុរសម្នាក់បានស្លាប់ក្នុងការបុករះមួយ ខណៈមនុស្ស៧នាក់ទៀតរងរបួស។ បើតាមការបញ្ជាក់របស់អាជ្ញាធរអ៊ីស្រាអែល ជនរងគ្រោះជាអ្នកទេសចរ។
 
អ្នកស្លាប់នៅតែលអាវីវ ជាជនជាតិអ៊ីតាលីវ័យ៣៦ឆ្នាំ។ នេះជាបើតាមលើកឡើងរបស់នាយករដ្ឋមន្រ្តីអ៊ីតាលី Giorgia Meloni ។ ចំណែកមន្ទីរពេទ្យ Ichilov ក្នុងទីក្រុងធំរបស់អ៊ីស្រាអែលបញ្ជាក់ពីការទទួលជនរងគ្រោះជាជនជាតិអង់គ្លេស៣នាក់ និងជនជាតិអ៊ីតាលីម្នាក់ទៀត។ អ្នកនាំពាក្យប៉ូលិសអ៊ីស្រាអែលប្រាប់ទីភ្នាក់ងារព័ត៌មាន AFP ថា ជនដៃដល់ត្រូវបានឃាត់។
 
ជាមួយនឹងសភាពការណ៍តានតឹងនេះ ប្រមុខរដ្ឋាភិបាលអ៊ីស្រាអែល បេនចាមីន ណេតាន់យ៉ាហ៊ូ ក៏បញ្ជាឱ្យប៉ូលិសកេណ្ឌអង្គភាពប៉ូលិសព្រំដែនបម្រុងទាំងអស់ ហើយក៏បង្គាប់ឱ្យយោធាប្រមូលកម្លាំងបន្ថែមដែរ។
 
ទាក់ទងការវាយប្រហារតបវិញ យោធាអ៊ីស្រាអែលបញ្ជាក់ថា ការវាយប្រហារផ្លូវអាកាស និងការប្រើកាំភ្លើងធំ បានកម្ទេចគោលដៅ និងហេដ្ឋារចនាសម្ព័ន្ធរបស់ក្រុមហាម៉ាស់នៅភាគខាងត្បូងលីបង់។ នៅត្រើយខាងលិចវិញ យោធាអ៊ីស្រាអែលក៏បានកម្ទេចផ្លូវរូងក្រោមដីពីរកន្លែង និងទីតាំងផលិតអាវុធពីរកន្លែងដែរ។
 
ស្របគ្នាការផ្ទុះឡើងជាថ្មីភាពតានតឹងនេះ កាតាដែលជាតួអង្គអន្តរការីក្នុងជម្លោះនេះ លើកឡើងថា ខ្លួនកំពុងសម្របសម្រួលរវាងភាគីទាំង២ដើម្បីបន្ធូរភាពតានតឹង។ ប៉ុន្តែក្រុមហាម៉ាស់ និងជីហាដប្រាប់អេហ្ស៊ីបដែលជួយសម្រុះសម្រួលជម្លោះថា ក្រុមខ្លួននឹងបញ្ឈប់សកម្មភាព បើអ៊ីស្រាអែលបញ្ឈប់សកម្មភាពដែរ៕​ 
 
 
 
 

Tag:
 អ៊ីស្រាអែល
  ប៉ាឡេស្ទីន
© រក្សាសិទ្ធិដោយ thmeythmey.com