កីឡាអន្តរជាតិ
អន្តរជាតិ
Kompany ថា មិនធ្លាប់រំពឹងអាចដឹកនាំ Burnley ឡើង ​Premier League សម្រាប់រដូវកាលដំបូង
08, Apr 2023 , 4:20 pm        
រូបភាព
លោក Vincent Kompany អ្នកចាត់ការក្រុម Burnley និយាយថា លោកមិនធ្លាប់បានរំពឹងអាចដឹកនាំក្រុម Burnley ឡើងទៅកាន់ក្របខណ្ឌ Premier League នៅក្នុងការដឹកនាំរដូវកាលដំបូងឡើយ។

ក្រុម Burnley រក្សាបានកៅអីស្វ័យប្រវត្តិលេងនៅក្នុងក្របខណ្ឌ ​Premier League រដូវកាលក្រោយ ខណៈក្រុមខ្លួននៅសល់ ៧ប្រកួតក្នុងដៃ ដែលត្រូវប្រកួតបង្រ្គប់។ Burnley យកឈ្នះលើក្រុម Middlesbrough ក្នុងលទ្ធផល ២-១ ធ្វើឱ្យក្រុមមានពិន្ទុដាច់លើកំពូលតារាង Championships មាន ៨៧ពិន្ទុ ក្រោយឆ្លងកាត់ការប្រកួតចំនួន ៣៩ប្រកួត។ 
 
រដូវកាល ២០២៣-២៤ ក្រុម Burnley នឹងធ្វើដំណើរត្រលប់ទៅកាន់ Premier League វិញបន្ទាប់ពីធ្លាក់មកលេងនៅក្របខណ្ឌលំដាប់ទីពីរអង់គ្លេសរដូវកាលនេះ ក្រោយធ្វើមិនបានល្អកាលពីរដូវកាល ២០២១-២២ ដោយបញ្ចប់ចំណាត់ថ្នាក់នៅតំបន់កាត់ចោលលេខ ២០។
 
លោក Kompany អតីតប្រធានក្រុម Manchester City ដែលបានតែងតាំងឱ្យកាន់តំណែងក្នុងខែមិថុនា ឆ្នាំ ២០២២ និយាយថា លោកមិននឹកស្មានអាចជួយក្រុមសម្រេចសមិទ្ធិផលធំនៅរដូវកាលដំបូង។
 
«វាងាយស្រួលពេកហើយ នៅសល់ការប្រកួតចំនួន ៧ប្រកួតទៀត ហើយយើងបានអបអររឿងនេះរួចទៅហើយ។ យើងមិនធ្លាប់បានរំពឹងអំពីរឿងនេះទេ យើងចង់បានបទពិសោធន៍នេះនៅថ្ងៃណាមួយបន្ថែមទៀត ប៉ុន្តែយើងក៏ត្រូវមានគោលដៅផ្សេងទៀតលើវា ហើយភាពលឿនរហ័សពេលខ្លះក៏ល្អខ្លាំងដែរ។»។ Kompany បាននិយាយប្រាប់ទូរទស្សន៍ Sky Sports បែបនេះបន្ទាប់ពីចប់ការប្រកួត។
 
Burnley ត្រូវការត្រឹមតែ ១១ពិន្ទុទៀតប៉ុណ្ណោះពីការប្រកួតចំនួន ៧ ដែលពួកគេនៅសល់ ដើម្បីក្លាយជាក្រុមឈ្នះជើងឯកពានរង្វាន់ Championship។ ប្រសិនបើ Burnley អាចរកបានចំនួន ១៣ពិន្ទុ នោះពួកគេនឹងក្លាយជាជើងឯក Championship លើកដំបូងដែលរកបានពិន្ទុច្រើនជាង ១០០ពិន្ទុ​ ចាប់តាំងពីក្រុម Leicester City ក្នុងឆ្នាំ ២០១៣-១៤៕
​​
 

Tag:
 Burnley
  Premier League
© រក្សាសិទ្ធិដោយ thmeythmey.com