កីឡាជាតិ
ជាតិ
ស៊ីហ្គេម២០២៣
ប៉ារ៉ាហ្គេម៖ អត្តពលិកវាយកូនឃ្លីលើតុ ថា ការប្រកួតក្នុងដី កក់ក្តៅជាងនៅក្រៅប្រទេស
03, Jun 2023 , 10:19 pm        
រូបភាព
កីឡាករប៉ារ៉ាវាយកូនឃ្លីលើតុកម្ពុជា ឯក ញ្ញាណសមុទ្រ ពេលកំពុងហ្វឹកហាត់
កីឡាករប៉ារ៉ាវាយកូនឃ្លីលើតុកម្ពុជា ឯក ញ្ញាណសមុទ្រ ពេលកំពុងហ្វឹកហាត់
ដោយ:
អត្តពលិកវាយកូនឃ្លីលើតុ អះអាងថា ការប្រកួតក្នុងទឹកដី កក់ក្តៅជាងការប្រកួតនៅក្រៅស្រុក ព្រោះមិនសូវមានសម្ពាធ ។ អត្តពលិកកីឡាប៉ារ៉ាវាយកូនឃ្លីលើតុ ប្តេជ្ញាខិតខំប្រឹងប្រែងប្រជែងមេដាយឱ្យបាន ក្នុងការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣ ដែលប្រព្រឹត្តទៅនៅថ្ងៃទី៣ ដល់ទី៩ ខែមិថុនា ខាងមុខនេះ។

 
កីឡាករ ពៅ ណុច ម្ចាស់មេដាយសំរឹទ្ធក្នុងព្រឹត្តិការណ៍ប្រកួតប៉ារ៉ាហ្គេមលើកទី១១ នៅក្រុងសូឡូ លើវិញ្ញាសាវាយគូបុរស ប្តេជ្ញាចិត្តដណ្តើមមេដាយជូនជាតិឱ្យបាន។ លោក ពៅ ណុច និយាយថា៖«​​និយាយរួមទៅគឺកក់ក្តៅនៃការប្រកួតក្នុងទឹកដីរបស់យើង»។


កីឡាករ ពៅ ណុច ពេលកំពុងហ្វឹកហាត់ត្រៀមប្រកួតកីឡាប៉ារ៉ាហ្គេមលើកទី១២
 
 បន្ថែមពីលើនោះទៀតកីឡាករវាយកូនឃ្លីលើតុប្រភេទ Class3 ជឿជាក់យ៉ាងមុតមាំថា ទោះមិនបានមេដាយមាស ក៏ខ្លួនអាចយកបានត្រឹមប្រាក់ដែរ។ ចំណែកដៃគូរបស់លោក ពៅ ណុច កីឡាករប៉ារ៉ាវាយកូនឃ្លីលើតុកម្ពុជា ឯក ញ្ញាណសមុទ្រ ក៏បង្ហាញការតាំងចិត្តខ្ពស់ដូចគ្នា ចំពោះការប្រកួតនាពេលខាងមុខនេះ។
 
កីឡាករ ឯក ញ្ញាណសមុទ្រ និយាយថា៖«ចំពោះខ្ញុំ ខ្ញុំនឹងប្រឹងប្រែងឱ្យអស់ពីសមត្ថភាពដើម្បីបង្កើនពីមេដាយសំរឹទ្ធឆ្ពោះទៅយកមេដាយប្រាក់ ឬក៏មាស»។ 
សម្រាប់កីឡាករទាំងពីរនឹងលេងលើបីវិញ្ញាសាដូចគ្នា គឺមានវិញ្ញាសាឯកត្តជន វិញ្ញាសាក្រុម និងវិញ្ញាសាគូបុរស។
 
គួបញ្ជាក់ថា ការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣ នឹងប្រព្រឹត្តទៅនៅថ្ងៃទី៣ ដល់ទី៩ ខែមិថុនា ឆ្នាំ២០២៣ នៅប្រទេសកម្ពុជា៕
 

© រក្សាសិទ្ធិដោយ thmeythmey.com