ជាតិ
សង្គមជាតិ
យុវជន វិន វុទ្ធី ប្រកួតនិយាយជាសាធារណៈឈ្នះបានលេខ១ លើប្រធានបទ«បញ្ហាគ្រឿងស្រវឹង»
04, Jun 2023 , 8:00 am        
រូបភាព
យុវជន វិន វុទ្ធី ម្ចាស់ជ័យលាភីលេខ១ លើការប្រកួតប្រជែងនិយាយជាសាធារណៈ ក្នុងកម្មវិធីជើងឯកថ្វីមាត់ របស់សហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ រូបភាពពីហ្វេសប៊ុកផេក Let
យុវជន វិន វុទ្ធី ម្ចាស់ជ័យលាភីលេខ១ លើការប្រកួតប្រជែងនិយាយជាសាធារណៈ ក្នុងកម្មវិធីជើងឯកថ្វីមាត់ របស់សហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ រូបភាពពីហ្វេសប៊ុកផេក Let's Talk
ភ្នំពេញ៖ យុវជន វិន វុទ្ធី ជាជ័យលាភីលេខ១ ក្នុងកម្មវិធីជើងឯកថ្វីមាត់ របស់សហភាព សហព័ន្ធយុវជនកម្ពុជា រាជធានីភ្នំពេញ ដែលវគ្គផ្តាច់ព្រ័ត្រ បានធ្វើឡើង កាលពីថ្ងៃ៣០ ខែមេសាកន្លងទៅ។ វុទ្ធី ជាសិស្សថ្នាក់ទី១១ មកពីខេត្តស្វាយរៀង បានបកស្រាយប្រធានបទទាក់ទងនឹងបញ្ហាគ្រឿងស្រវឹង ហើយទទួលបានជ័យលាភីលេខ១ ក្នុងចំណោមបេក្ខជន៦នាក់។


យុវជន វិន វុទ្ធី ជាសិស្សថ្នាក់ទី១១ នៃវិទ្យាល័យគោកព្រីង ស្ថិតក្នុងភូមិចំបក់ថ្លឹង ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ទទួលបានជ័យលាភីលេខ១ ក្នុងចំណោមបេក្ខជន១២នាក់ ដែលបានជាប់ក្នុងការប្រកួតប្រជែងនិយាយជាសាធារណៈ ក្នុងកម្មវិធីជើងឯកថ្វីមាត់របស់ស.ស.យ.ក.។ ការប្រកួតនេះ ធ្វើឡើងដោយបែងចែកជាបីដំណាក់កាល មានវគ្គជម្រុះ វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ និងផ្ដាច់ព្រ័ត្រ ហើយក៏មានវគ្គបណ្ដុះបណ្ដាលតម្រង់ទិស បេក្ខជនតាមវគ្គនីមួយៗផងដែរ។
  

យុវជន វិន វុទ្ធី ម្ចាស់ជ័យលាភីលេខ១ លើការប្រកួតប្រជែងនិយាយជាសាធារណៈ ក្នុងកម្មវិធីជើងឯកថ្វីមាត់ របស់សហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ រូបភាពពីហ្វេសប៊ុក វិន វុទ្ធី

តាមការពន្យល់របស់ វុទ្ធី ក្នុងវគ្គជម្រុះគេតម្រូវឱ្យបេក្ខជនសរសេរអត្ថបទមួយរៀបរាប់អំពីបញ្ហាប្រឈម និងកាលានុវត្តភាព ក្រោមប្រធានបទដំណើរនៃការកសាងសង្គមជាតិក្នុងរយៈពេលជាង២ទស្សវត្សរ៍ចុងក្រោយ និងការសម្ភាសផ្ទាល់ ដោយមានបេក្ខជនជាប់១៥នាក់ប៉ុណ្ណោះ។ បន្តទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ វុទ្ធី ជ្រើសយកប្រធានបទទាក់នឹងសំរាមប្លាស្ទិកមកបកស្រាយ ដោយដាក់ចំណងជើងថា «សត្រូវក្បែរកាយ» ហើយក៏បានជាប់ក្នុងចំណោមបេក្ខជន៦នាក់។ 
 
បន្តឡើងដល់វគ្គផ្ដាច់ព្រ័ត្រជាមួយបេក្ខជន៦នាក់ ដែលសុទ្ធសឹងតែមានសមត្ថភាព វុទ្ធី មានអារម្មណ៍រំភើប លាយឡំនឹងភ័យបន្តិច តែក៏តាំងចិត្តថានឹងធ្វើឱ្យបានល្អបំផុត។

យុវជនវ័យ១៧ឆ្នាំរូបនេះ បានជ្រើសយកប្រធានបទទាក់ទងនឹងបញ្ហាប្រឈមនៃគ្រឿងស្រវឹង មកបកស្រាយ ដោយដាក់ចំណងជើងថា កំហុសអ្នកណា ហើយទទួលបានជ័យលាភីលេខ១ ក្នុងចំណោមបេក្ខជន៦នាក់នោះ។ ចំណែកឯម្ចាស់ជ័យលាភីលេខ២ គឺយុវតី អ៊ួង គីមអ៊ី បកស្រាយប្រធានបទទាក់ទងនឹងព្រឹត្តិការណ៍ប្រវត្តិសាស្រ្តកម្ពុជា និងយុវតី សេង ច័ន្ទវល័ក្ខ ទទួលបានជ័យលាភីលេខ៣ ដោយបកស្រាយប្រធានបទ ទាក់ទងនឹងការប្រើប្រាស់ប្រាក់រៀល។
 
យុវជន វិន វុទ្ធី សប្បាយចិត្តខ្លាំង ព្រោះនេះជាជ័យលាភីលេខ១ដំបូងរបស់គេ ដ្បិតគេធ្លាប់បរាជ័យពីការប្រកួតនានាជាច្រើនលើកមកហើយ។ វុទ្ធី ប្រាប់សារព័ត៌មានថ្មីៗថា៖ «ខ្ញុំសប្បាយចិត្តខ្លាំង ដោយសារពេលហ្នឹងកំពុងលំបាកផង ម្ដាយខ្ញុំកំពុងឈឺ ហើយត្រូវការលុយដើម្បីវះកាត់ ហើយឪពុកខ្ញុំក៏កំពុងឈឺ អ៊ីចឹងពេលយើងបានមក (ប្រាក់រង្វាន់) ទោះបីមិនច្រើន តែអាចជួយបានមួយកម្រិត។ អ៊ីចឹងខ្ញុំសប្បាយចិត្តខ្លាំងដែលការខិតខំខ្ញុំបានសម្រេច»។ 
 

រូបភាពពីហ្វេសប៊ុកផេក Let's Talk

មូលហេតុមួយទៀត ដែលជំរុញឱ្យ យុវជន វិន វុទ្ធី ចូលរួមប្រកួតប្រជែងនិយាយជាសាធារណៈ ព្រោះចង់ចង់ដុសខាត់ចំណេះដឹង ពង្រឹងសមត្ថភាព និងភាពក្លាហាន លើជំនាញនេះ ដើម្បីក្លាយជាអ្នកសារព័ត៌មាននាពេលអនាគត។ ពិតណាស់ វុទ្ធី ចង់ក្លាយជាអ្នកសារព័ត៌មាន ដ្បិតយល់ថា គេមានទេពកោសល្យខាងវោហារ និងចូលចិត្តផ្នែកអក្សរសាស្រ្តខ្មែរ ជាជាងវិទ្យាសាស្រ្ត។

«គោលដៅដែលខ្ញុំស្រឡាញ់ហ្នឹងគឺចង់ធ្វើអ្នកសារព័ត៌មាន ព្រោះវាត្រូវនឹងជំនាញខ្ញុំ ហើយខ្ញុំចូលចិត្តនិយាយ ហើយក៏ចង់ក្លាយជាអ្នកនិពន្ធដែរ»។នេះជាការលើកឡើងរបស់យុវជន វិន វុទ្ធី។
 
មានឆន្ទៈ និងក្ដីស្រមៃច្បាស់លាស់ យុវជន វិន វុទ្ធី ប្ដេជ្ញាខិតខំប្រឹងប្រែង និងតស៊ូរៀនឱ្យចប់ បើទោះជាជីវភាពគ្រួសារលំបាកក៏ដោយ។ វុទ្ធី ជាកូនច្បងក្នុងគ្រួសារ ដែលមានប្អូន២នាក់កំពុងនៅរៀន ហើយឪពុកជាអតីតទាហាន កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ និងម្ដាយជាអាជីករស៊ីឈ្នួលដេរសក់តុក្កតាលក់ ហើយក៏មានជំងឺប្រចាំកាយផងដែរ៕

Tag:
 វិន វុទ្ធី
 ជ័យលាភីលេខ១
  ប្រកួតនិយាយជាសាធារណៈ
© រក្សាសិទ្ធិដោយ thmeythmey.com