អន្តរជាតិ
វៀតណាមគ្រោងដំឡើងកម្រិតមន្ទីរពេទ្យដើម្បីទាក់ទាញអ្នកជំងឺបរទេស
02, Sep 2023 , 8:39 am        
រូបភាព
លោក លឿង ង៉ុកឃ្វេ នាយករដ្ឋបាលសេវាវេជ្ជសាស្រ្តក្រសួងសុខាភិបាលវៀតណាម ។ រូបភាពពី Vietnam+ ។
លោក លឿង ង៉ុកឃ្វេ នាយករដ្ឋបាលសេវាវេជ្ជសាស្រ្តក្រសួងសុខាភិបាលវៀតណាម ។ រូបភាពពី Vietnam+ ។
ក្រសួង​សុខាភិបាលវៀតណាម​កំពុង​បង្កើត​គម្រោង​អភិវឌ្ឍ​សេវា​ថែទាំ​សុខភាព​តាម​បច្ចេកវិទ្យា​ខ្ពស់​ ដើម្បី​រក្សា​អ្នក​ជំងឺ​ក្នុង​ស្រុក និងទាក់ទាញអ្នកជំងឺ​បរទេស ជាពិសេសទាក់ទាញ​ជនជាតិ​វៀតណាម​នៅរស់​បរទេស​ឱ្យមក​ពិនិត្យ និង​ព្យាបាល។ បើតាមអ្នកជំនាញ អ្នកដែលប្រើប្រាស់សេវាវេជ្ជសាស្រ្តនៅវៀតណាមអាចកាត់បន្ថយការចំណាយបាន ពាក់កណ្តាល ឬមួយភាគបីបើធៀបប្រទេសដទៃទៀត។

មន្ទីរពេទ្យបង្អែកទាំង៥ ដែលជាមន្ទីរពេទ្យឈានមុខគ្រប់គ្រងដោយក្រសួងសុខាភិបាលវៀតណាម ដែលកំពុងតែកែលម្អនិងធ្វើឱ្យប្រសើរឡើងមាន មន្ទីរពេទ្យ Bach Mai,  Viet Duc និង 108 Central Military នៅរដ្ឋធានីហាណូយ ខណៈមន្ទីរពេទ្យ Cho Ray នៅទីក្រុងហូជីមិញ និងមន្ទីរពេទ្យ Hue Central នៅខេត្តភាគកណ្តាលវៀតណាម។ នេះបើយោងតាមសារព័ត៌មានវៀតណាម Vietnamnet ។ 
 
ក្រសួងសុខាភិបាលវៀតណាមរំពឹងថា កំណែទម្រង់នេះនឹងជួយកាត់បន្ថយចំនួនជនជាតិវៀតណាមដែលត្រូវការទៅព្យាបាលនៅបរទេស ក៏ដូចជាទាក់ទាញអ្នកជំងឺបរទេសមកមន្ទីរពេទ្យផងដែរ។
 
លើសពីនេះ ក្រសួងក៏បានស្នើឱ្យវិនិយោគលើមន្ទីរពេទ្យទូទៅ និងឯកទេសកម្រិតខេត្តចំនួន ៤៧ ដើម្បីធ្វើជាកន្លែងថែទាំសុខភាពក្នុងតំបន់ ជាពិសេសតំបន់កណ្តាលខាងជើង និងតំបន់ភ្នំ តំបន់ដីសណ្ដទន្លេក្រហម និងតំបន់ភាគអាគ្នេយ៍ដែលមានដង់ស៊ីតេប្រជាជនខ្ពស់។
 
​បើ​តាម​សាស្ត្រាចារ្យជំនួយបណ្ឌិត លឿង ង៉ុកឃ្វេ នាយករដ្ឋបាលសេវាវេជ្ជសាស្រ្តរបស់ក្រសួងសុខាភិបាល គុណសម្បត្តិមួយនៃការថែទាំសុខភាពរបស់វៀតណាម គឺការចំណាយទាបជាងប្រទេសក្នុងតំបន់ ក៏ដូចជាពិភពលោក ខណៈដែលគុណភាពនៃការព្យាបាលមិនលើសគ្នាប៉ុន្មានោះទេ ។
 
វេជ្ជបណ្ឌិតវៀតណាម ជាពិសេសនៅមន្ទីរពេទ្យបង្អែកថ្នាក់ជាតិបានសិក្សាយ៉ាងស្ទាត់ជំនាញនូវបច្ចេកទេសទំនើបៗ និងឯកទេសជាច្រើនដូចជា ការប្តូរសរីរាង្គ ការប៉ះធ្មេញ ការព្យាបាលជំងឺដាច់សរសៃឈាមខួរក្បាល ការវះកាត់កាំរស្មីអ៊ិច ការព្យាបាលជំងឺមហារីក ការវះកាត់សរសៃឈាមបេះដូង ការជំនួសសន្លាក់ត្រគាក និងជង្គង់ និងការព្យាបាលសាច់ដុំ ...។ 
 
លោក​ ង៉ុកឃ្វេ ​កត់​សម្គាល់​ឃើញថា​ ​៖« ការ​វិវឌ្ឍ​ផ្នែក​បច្ចេក​វិទ្យា​វេជ្ជសាស្រ្ដ​បាន​ទាក់ទាញ​ជនជាតិ​វៀតណាម​នៅ​បរទេស​ជា​ច្រើន​ឱ្យ​ត្រឡប់​មក​ប្រទេស​វិញ​ដើម្បី​ទទួល​ការ​ព្យាបាល​  សូម្បី​ជនបរទេសក៏មានការកើនឡើង​ក្នុង​មន្ទីរពេទ្យ​ធំៗ​មួយ​ចំនួន​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ»។
 
លោក ង៉ុកឃ្វេ បន្ថែមថា វេជ្ជបណ្ឌិតវៀតណាមអាចប្តូរសរីរាង្គបេះដូង ថ្លើម សួត តំរងនោម លំពែង និងពោះវៀន ជាពិសេសជំនាញលើបច្ចេកវិទ្យានៃការវះកាត់កាំរស្មីអ៊ិច វះកាត់សរសៃឈាមបេះដូង  ប៉ះនិងពត់ធ្មេញ ដែលអាចកាត់បន្ថយបានពាក់កណ្តាល ឬមួយភាគបីនៃតម្លៃបើធៀបនឹងប្រទេសផ្សេងទៀត ។
 
ទាក់ទងនឹងការថែទាំសុខភាពឯកទេស ទីក្រុងហូជីមិញគឺជាតំបន់ឈានមុខគេក្នុងប្រទេសក្នុងការអភិវឌ្ឍន៍វិជ្ជាជីវៈ និងបច្ចេកទេស ជាមួយនឹងការអនុវត្តប្រកបដោយជោគជ័យនូវបច្ចេកទេសពិបាកៗជាច្រើនក្នុងការព្យាបាលជម្ងឺដ៏កាចសាហាវ ដូច្នេះអ្នករស់នៅទីក្រុងទទួលបានលក្ខខណ្ឌថែទាំសុខភាពល្អបំផុតនៅក្នុងប្រទេស។ នេះបើតាមការអះអាងរបស់លោក ង៉ុកឃ្វេ ។ 
 
ទីក្រុង​ហូជីមិញ​ ​បាន​ក្លាយ​ជា​គោលដៅ​សម្រាប់​ពិនិត្យ​សុខភាព និង​ព្យាបាល​ប្រជាជន​មកពី​ប្រទេស​ជិតខាង។ បើតាមលោក ង៉ុកឃ្វេ ក្រសួងសុខាភិបាលកំពុងបង្កើតគម្រោងអភិវឌ្ឍការថែទាំសុខភាពតាមបច្ចេកវិទ្យាខ្ពស់ មិនត្រឹមតែរក្សាអ្នកជំងឺក្នុងស្រុកប៉ុណ្ណោះទេ ថែមទាំងទាក់ទាញជនបរទេស និងជនជាតិវៀតណាមនៅឯបរទេសមកវៀតណាម ដើម្បីធ្វើការពិនិត្យ និងព្យាបាលផងដែរ។ 
 
បើតាមសារព័ត៌មានចិន Xinhua ប្រជាជនវៀតណាមបានចំណាយប្រហែល ២ពាន់លានដុល្លារដើម្បីធ្វើដំណើរទៅក្រៅប្រទេសសម្រាប់សេវាវេជ្ជសាស្រ្តក្នុងឆ្នាំ ២០១៧ ដែលភាគច្រើនទៅសិង្ហបុរី ថៃ និងកូរ៉េខាងត្បូង៕
 

Tag:
 វៀតណាម
  សុខាភិបាល
  វេជ្ជសាស្រ្ត
© រក្សាសិទ្ធិដោយ thmeythmey.com