ភ្នំពេញ៖ ការកើនឡើងនៃក្មេងទំនើង បង្កអសន្តិសុខ និងអនាធិបតេយ្យ តាមមូលដ្ឋាន ត្រូវបានអ្នកឃ្លាំមើលព្រឹត្តិការណ៍សង្គម ដាក់បន្ទុកលើអាជ្ញាធរតាមមូលដ្ឋាន ពុំមានចំណាត់ការទាន់ពេលវេលា។
មួយរយៈចុងក្រោយនេះ គេសង្កេតឃើញ តាមមូលដ្ឋាន សម្បូរទៅដោយក្មេងទំនើង។ ជាក់ស្ដែង កម្លាំងសមត្ថកិច្ចរាជធានីភ្នំពេញ
បង្ក្រាបបានជិត២០នាក់ ក្នុងពេលមួយយប់ ។ រីឯ តាមបណ្ដាខេត្ត ក៏សម្បូរក្មេងទំនើងណាស់ដែរ ដូចនៅបាត់ដំបង សមត្ថកិច្ចចុះបង្ក្រាបម្ដងបាន
ជិត៥០នាក់ និងខេត្តបន្ទាយមានជ័យឃាត់ខ្លួនបាន
ជាង១០នាក់ ក្រុមក្មេងទាំងនេះ សុទ្ធតែជាអ្នកបង្កអនាធិបតេយ្យ ដេញវាយគ្នាជាដើម និងដើរផឹកស៊ីពាក់កណ្ដាលយប់។ យ៉ាងណាភាពអសន្តិសុខខាងលើនេះ គ្រាន់តែជាផ្នែកមួយប៉ុណ្ណោះ ដោយពុំទាន់គិតពីបទល្មើស ឆក់ ប្លន់ គ្រឿងញៀន ដែលកើតមានជាហូរហែទៀត។
ដើម្បីធានាសុខសុវត្ថិភាពភូមិឃុំ ត្រូវតែពង្រឹងការអនុវត្តការងាររបស់មន្ត្រីមូលដ្ឋាន
កន្លងមកក្រោមការដឹកនាំរបស់ សម្ដេច ស ខេង អតីតរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានដាក់ចេញនូវគោលនយោបាយ ភូមឃុំសុវត្ថិភាព។ គោលនយោបាយនេះ គឺទប់ស្កាត់គ្រឿងញៀន ល្បែងស៊ីសង អំពើឆក់ប្លន់ រួមទាំងក្មេងទំនើងផងដែរ។ ប៉ុន្តែ អ្វីដែលលោក ស៊ឹង សែនករុណា មន្រី្តផ្នែកស៊ើបអង្កេតនិងសិទ្ធិមនុស្សនៃសមាគមអាហុក (ADHOC) សម្គាល់ឃើញ គឺការអនុវត្តច្បាប់ ពិសេសមន្ត្រីនៅមូលដ្ឋាន ហាក់ពុំទាន់ឆ្លើយតបទាន់ពេលវេលា ឬយឺតយ៉ាវឡើយ។ «ហេតុនេះ ទើបធ្វើឱ្យពលរដ្ឋ មានការព្រួយបារម្ភ! ហើយក៏ជាហេតុធ្វើឱ្យក្រុមក្មេងទំនើងមើលស្រាល ពីសមត្ថភាពនិងការទទួលខុសត្រូវរបស់សមត្ថកិច្ចពាក់ព័ន្ធ…ដូច្នេះ សមត្ថកិច្ចនិងអាជ្ញាធរតាមមូលដ្ឋាន គួរតែអនុវត្តតួនាទីបម្រើរាស្រ្តឱ្យសកម្មជាមុខ ហើយទាន់សភាពការណ៍»។ ក្នុងកិច្ចសម្ភាសន៍ជាមួយសារព័ត៌មានថ្មីៗ តាមប្រព័ន្ធទូរស័ព្ទ លោក ស៊ឹង សែងករុណា សង្កត់ធ្ងន់បែបនេះ។
ជាមួយគ្នាដែរ លោក យ៉ង គីមអេង នាយកប្រតិបត្តិនៃមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍ និងសន្តិភាព ហៅកាត់ PDP ក៏យល់ឃើញដូចលោក ស៊ឹង សែនករុណា ដែរ ដោយដាក់បន្ទុកលើ ភាពអសកម្មរបស់មន្ត្រីតាមមូលដ្ឋាន ទើបបង្កឱ្យមានក្មេងទំនើងកាន់តែច្រើន។ លោកយល់ថា សុវត្ថិភាពតាមតំបន់នីមួយ គឺបញ្ជាក់ពីសមត្ថភាពគ្រប់គ្រងរបស់មន្ត្រីក្នុងមូលដ្ឋាននោះ។
លោក យ៉ង គីមអេង នាយកប្រតិបត្តិនៃមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍ និងសន្តិភាព ហៅកាត់ PDP។ រូបភាពយកពី PDP-Center
ដូចនេះ អ្នកឃ្លាំមើលសង្គមទាំងពី ជំរុញឱ្យមន្ត្រីថ្នាក់លើ ពិនិត្យការអនុវត្តតួនាទីរបស់ មន្ត្រីមូលដ្ឋាន ដើម្បីធានាសុវត្ថិភាពដល់ពលរដ្ឋ។ ទន្ទឹមនឹងនេះ ត្រូវបែងចែកការងារឱ្យមន្ត្រីមូលដ្ឋានចុះធ្វើការឱ្យបានខ្ជាប់ខ្ជួន ជាជាងយកតែឈ្មោះនិងប្រាក់ខែមន្ត្រី។
«បើមានបញ្ហាកើតឡើងនៅតំបន់ណាមួយ ត្រូវសួរដេញដោលមេប៉ុស្តិ៍ ពីមូលហេតុហើយចោទសួរថាមេប៉ុស្តិ៍នោះបានធ្វើកិច្ចការងារឬទេ! និងដាក់ទោសទណ្ឌឬពិន័យបើខកខានទំនួសខុសត្រូវ! ដូច្នេះ ទាល់តែយើងពង្រឹងមន្ត្រីទាំងនោះ បានការងារមានប្រសិទ្ធភាព ហើយគ្រាន់តែអប់រំៗមន្ត្រីទាំងនោះពុំអាចដោះស្រាយបានឡើង!»។ លោក គីមអេង ពន្យល់ ប្រាប់សារព័ត៌មានថ្មីៗ បែបនេះតាមប្រព័ន្ធតេឡេក្រាម ហើយលោកទទូចឱ្យមន្ត្រី អនុវត្តច្បាប់ អនុវត្តឱ្យស្មើភាពគ្នា ខណៈក្មេងទំនើងខ្លះគឺជាកូនអ្នកមានអំណាច។
ស៊ឹង សែនករុណា មន្រី្តផ្នែកស៊ើបអង្កេតនិងសិទ្ធិមនុស្សនៃសមាគមអាហុក (ADHOC)
ពាក់ព័ន្ធនឹងករណីក្មេងទំនើងនេះ សមត្ថកិច្ចខិតខំទប់ស្កាត់យ៉ាងយកចិត្តទុកដាក់ ដើម្បី ធានាសុវត្ថិភាពដល់ពលរដ្ឋក្នុងសហគមន៍ ក៏ដូចជាការជំរុញការអនុវត្តគោលនយោបាយ ភូមិឃុំសុវត្ថិភាព។ ជាមួយគ្នាដែរ អគ្គស្នងការដ្ឋាននគរបាលជាតិ បានចេញបញ្ជាពង្រឹងការចុះល្បាតតាមមូលដ្ឋាននិងការអប់រំ ដើម្បីកាត់បន្ថយសកម្មភាពអនាធិបតេយ្យ។ លោក ឆាយ គឹមខឿន ប្រាប់សារព័ត៌មានថ្មីៗ តាមប្រព័ន្ធតេឡេក្រាមបែបនេះ ។
លោកសង្កត់ធ្ងន់ថា៖ «ប៉ុន្តែអ្វីដែលសំខាន់ ក្នុងការដោះស្រាយបញ្ហាក្មេងទំនើង គឺកត្តាអប់រំជាសាធារណនិងសង្គមទាំងមូល! កងកម្លាំងសមត្ថកិច្ចពុំអាចធ្វើឬដោះស្រាយម្នាក់ឯងអស់ទេ ដោយសារក្មេងទាំងអស់នោះអត់ចូលរួម។ បើគ្រួសារ ម៉ែឪ និងមជ្ឈដ្ឋានជុំវិញមិនជួយ សាលារៀនមិនរឹតបន្តឹង ក៏មិនអាចដោះស្រាយបានអស់ដែរ»។ យ៉ាងណា ជាវិធានការចំពោះមុខ លោក អះអាងថាម្លាំងសមត្ថកិច្ច នឹងចុះអនុវត្តតាមនីតិវិធីច្បាប់ តាមលទ្ធភាពជាក់ស្ដែង។
ស្នងការតាមរាជធានីខេត្ត នាពេលថ្មីៗមានការដាក់បញ្ជាឱ្យ
កងកម្លាំងចុះល្បាត ។ ទោះបីមានការចុះល្បាត ក៏មហាជននៅតែបង្ហាញក្ដីព្រួយបារម្ភ ហើយសង្ឃឹមថាកម្លាំងសមត្ថកិច្ចនឹងចុះល្បាតជាប្រចាំ។ នេះបើ តាមមតិ ដែលពលរដ្ឋឆ្លើយឆ្លងតាមបណ្ដាញសង្គម ក្នុងទំព័រហ្វេសប៊ុករបស់ស្នងការ រាជធានីភ្នំពេញ៕