ប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង បានលើកទឹកចិត្តឱ្យកម្ពុជាធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី (Sommet de la Francophonie) ឆ្នាំ២០២៦។ នេះបើតាមការបញ្ជាក់ក្នុងសេចក្តីប្រកាសព័ត៌មានក្រសួងការបរទេស និងកិច្ចសហប្រតិបត្តិការអន្តរជាតិ អំពីលទ្ធផលនៃព្រះរាជសវនាការរវាងព្រះករុណា ព្រះមហាក្សត្រ ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី និងលោកប្រធានាធិបតីបារាំង នៅវិមាន Élysée កាលពីថ្ងៃទី១៣ ខែវិច្ឆិកា។
លោក អេម៉ានុយអែល ម៉ាក្រុង បានលើកទឹកចិត្ត និងសន្យាគាំទ្របេក្ខភាពកម្ពុជា បន្ទាប់ពីបានដឹងអំពីឆន្ទៈរបស់កម្ពុជាក្នុងការទទួលរៀបចំព្រឹត្តិការណ៍សំខាន់មួយរបស់អង្គការហ្វ្រង់កូហ្វូនី។ សម្រាប់ព្រះករុណា ព្រះមហាក្សត្រ កម្ពុជាពិតជាមានមោទនភាពនឹងដាក់បេក្ខភាពរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី នៅឆ្នាំ២០២៦ ហើយ ព្រះអង្គទ្រង់មានព្រះរាជតម្រិះថា ការគាំទ្ររបស់បារាំងមានតម្លៃយ៉ាងខ្លាំង ពីព្រោះកិច្ចគាំទ្រនេះ នឹងឆ្លុះបញ្ចាំងពីឆន្ទៈក្នុងការពង្រឹងវត្តមានដ៏មានសារសំខាន់របស់បារាំងនៅអាស៊ី។
បារាំងនឹងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលនៃបណ្តាប្រទេសប្រើប្រាស់ភាសាបារាំង (ហ្វ្រង់កូហ្វូនី) លើកទី១៩ នៅក្រុង Villers-Cotterêts នាខែតុលា ឆ្នាំ២០២៤។ ក្នុងព្រះរាជសវនាការ លោក ម៉ាក្រុង បានសូមយាងព្រះករុណា ព្រះមហាក្សត្រ ចូលរួម ហើយព្រះប្រមុខរដ្ឋកម្ពុជា ក៏បានអញ្ជើញលោកប្រធានាធិបតីបារាំង និងភរិយា ចូលរួមកិច្ចលើកទី២០នៅកម្ពុជាវិញផងដែរ។
ចាប់ផ្តើមដំបូងនៅឆ្នាំ១៩៨៦ កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី (Sommet de la Francophonie) ជាជំនួបរវាងប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាលដែលជាសមាជិកអង្គការអន្តរជាតិនៃក្រុមប្រទេសនិយាយភាសាបារាំង (OIF) ដើម្បីពិភាក្សា ផ្លាស់ប្តូរយោបល់លើបញ្ហាផ្សេងៗដូចជា នយោបាយអន្តរជាតិ សេដ្ឋកិច្ចពិភពលោក កិច្ចសហប្រតិបត្តិការហ្វ្រង់កូហ្វូនី សិទ្ធិមនុស្ស អប់រំ វប្បធម៌ និងប្រជាធិបតេយ្យ ជាដើម។
កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី១៨ ត្រូវបានរៀបចំឡើងកាលពីខែវិច្ឆិកា ឆ្នាំ២០២២ នៅក្រុង Djerba ប្រទេសទុយនីស៊ី។ សម្រាប់ជំនួបកំពូលលើកទី១៩ នាឆ្នាំ២០២៤ បារាំងនឹងក្លាយជាម្ចាស់ផ្ទះលើកទី៣ ខណៈក្រុងហាណូយ ប្រទេសវៀតណាម ជាម្ចាស់ផ្ទះដំបូងបំផុតពីតំបន់អាស៊ី ដែលបានរៀបចំកិច្ចកំពូលនេះ នាព្រឹត្តិការណ៍លើកទី៧ កាលពីឆ្នាំ១៩៩៧។
ព្រះករុណា ព្រះបាទសម្តេចព្រះនរោត្តម សីហនុ «ព្រះបរមរតនកោដ្ឋ» គឺជាបិតាស្ថាបនិកមួយព្រះអង្គ នៃអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី ដែលបានចាប់កំណើតនៅថ្ងៃទី២០ ខែមីនា ឆ្នាំ១៩៧៩ ដោយបិតាស្ថាបនិកផ្សេងទៀតរួមមានដោយអតីតប្រធានាធិបតីសេណេហ្គាល់ លោក Léopold Sédar Senghor, អតីតប្រធានាធិបតីទុយនេស៊ី លោក Habib Bourguiba និងអតីតប្រធានាធិបតីនីហ្សេរីយ៉ា លោក Hamani Diori។
តាមតួលេខរបស់ OIF រដ្ឋ និងរដ្ឋាភិបាលជាសមាជិកហ្វ្រង់កូហ្វូនី មាន៨៨ (សមាជិកពេញសិទ្ធិ៥៤, មិនពេញសិទ្ធិ៧ និងសង្កេតការណ៍២៧)។ កម្ពុជាជាសមាជិកពេញសិទ្ធិចាប់តាំងពីឆ្នាំ១៩៩៣ ក្រោយឆ្លងកាត់ជាសមាជិកសង្កេតការណ៍២ឆ្នាំ។
បច្ចុប្បន្នអ្នកប្រើប្រាស់ភាសាបារាំង មាន៣២១លាននាក់នៅទូទាំងពិភពលោក និងមានអ្នករៀនប្រមាណ១៤៤លាននាក់ ហើយភាសាបារាំងជាភាសាទី៥លើពិភពលោក និងជាភាសាលំដាប់ទី៤លើបណ្តាញអ៊ីនធ័រណិត៕