កីឡាអន្តរជាតិ
អន្តរជាតិ
ថៃ ដកគ្រូអាល្លឺម៉ង់ Polking ដាក់គ្រូជប៉ុន Masatada Ishii
× ក្រុមកីឡាបាល់ទាត់ជម្រើសជាតិថៃ បានចែកផ្លូវជាមួយគ្រូបង្វឹកលោក Alexandre Polking បន្ទាប់ពីការចាប់ផ្តើមយុទ្ធនាការជម្រុះ FIFA World Cup 2026 តំបន់អាស៊ី បាន២ប្រកួត។ នេះបើតាមការបញ្ជាក់របស់អ្នកចាត់ការអ្នកស្រី Nualphan Lamsam នៅថ្ងៃទី២២ ខែវិច្ឆិកា ដោយតែងតាំងគ្រូជប៉ុនលោក Masatada Ishii ជំនួសវិញ។
បើទោះ ដឹកនាំក្រុមថៃ ទទួលជ័យជម្នះ ៣-១ លើសិង្ហបុរី នៅជំនួបទី២ពូល C នៅថ្ងៃទី២១ ខែវិច្ឆិកាក្តី ប៉ុន្តែមិនគ្រប់គ្រាន់ក្នុងការសង្គ្រោះតំណែងគ្រូសញ្ជាតិប្រេស៊ីល-អាល្លឺម៉ង់ Polking ឡើយ។ នេះដោយសារជំនួបបើកឆាក ក្រុមរហស្សនាមដំរីសង្គ្រាមចាញ់ចិន ២-១ ក្នុងផ្ទះខ្លួនឯង។
អ្នកចាត់ការក្រុមថៃអ្នកស្រី Nualphan Lamsam ឬ Madam Pang បានសរសេរលើផេកហ្វេសប៊ុកផ្លូវការរបស់ខ្លួនថា លោក Polking នឹងត្រូវបានជំនួសតំណែងដោយលោក Masatada Ishii។ លោក Ishii គ្រូសញ្ជាតិជប៉ុន វ័យ៥៦ឆ្នាំ បានដឹកនាំ Buriram United ឈ្នះជើងឯកលីគកំពូលថៃ Thai Premier League ក្នុងឆ្នាំ ២០២២ និង ២០២៣។
លោក Ishii ជាគ្រូជនជាតិជប៉ុនទីពីរដែលក្លាយគ្រូថៃ បន្ទាប់ពី Akira Nishino កាន់តំណែងនេះពីឆ្នាំ២០១៩ ដល់ឆ្នាំ២០២១។
«យើងត្រូវជ្រើសរើសគ្រូបង្វឹកដែលស្គាល់ច្បាស់ពីកីឡាករ និងក្រុមបាល់ទាត់ជម្រើសជាតិថៃ ដូច្នេះយើងជ្រើសរើសគ្រូបង្វឹកលោក Ishii ដែលមានបទពិសោធន៍ច្រើន»។ នេះជាការបញ្ជាក់របស់មហាសេដ្ឋីថៃ Madam Pang។
សេដ្ឋនីថៃរូបនេះ ក៏បានបង្ហាញការអរគុណចំពោះលោក Polking វ័យ៤៧ឆ្នាំ ដែលប្រឹងប្រែងដឹកនាំក្រុមថៃរយៈពេល ២ឆ្នាំ ដោយឈ្នះជើងឯក AFF Championships ២លើកចុងក្រោយជាប់ៗគ្នា។
បើតាមការផ្សាយរបស់សារព័ត៌មានផ្សេងៗ លោក Polking ទំនងអាចនឹងទៅដឹកនាំក្រុម Ho Chi Minh City នៃលីគកីឡាបាល់ទាត់កំពូលវៀតណាម V.League 1។
ក្រោយឆ្លងកាត់២ប្រកួតវគ្គជម្រុះជុំទី២ World Cup ឆ្នាំ ២០២៦ ថៃឈរលេខ២ក្នុងពូល C មាន៣ពិន្ទុ តាមពីក្រោយកូរ៉េខាងត្បូងដែលឈរកំពូលតារាងមាន៦ពិន្ទុ។ ចិន នៅលេខ៣មាន៣ពិន្ទុ ឯសិង្ហបុរីនៅបាតតារាងគ្មានពិន្ទុរាប់នៅឡើយ។ ថៃ ដែលសព្វថ្ងៃស្ថិតនៅលេខរៀងទី១១១ពិភពលោក FIFA Ranking និងត្រូវបន្តជួបកូរ៉េខាងត្បូងនៅជំនួបទី៣ នៅថ្ងៃទី ២១ ខែមីនា ឆ្នាំ២០២៤៕
Tag:
ថៃ
World Cup
Madam Pang
© រក្សាសិទ្ធិដោយ thmeythmey.com