Lionel Messi ក្លាយជាម្ចាស់ពានកីឡាករល្អបំផុតប្រចាំឆ្នាំ២០២៣ (Best FIFA Player of the Year) និងពីរឆ្នាំជាប់គ្នា របស់សហព័ន្ធកីឡាបាល់ទាត់អន្តរជាតិ FIFA ក្រោយទទួលបានសំឡេងគាំទ្រនាំមុខ Erling Haaland ខ្សែប្រយុទ្ធឆ្នើម Manchester City និង Kylian Mbappe របស់ Paris St-Germain។ Pep Guardiola ជាប់ជាគ្រូល្អបំផុត (The Best FIFA Men’s Coach)។ Aitana Bonmati ជាប់ជាកីឡាការិនីល្អបំផុតប្រចាំឆ្នាំ (Best FIFA Women's player)។
ពិធីប្រគល់ពាន The Best FIFA Football Awards ប្រព្រឹត្តិទៅនៅរាត្រីថ្ងៃទី១៥ ខែមករា ក្នុងក្រុងឡុងដ៏ ប្រទេសអង់គ្លេស ក្រោមការរៀបចំរបស់ FIFA។ Messi ខ្សែប្រយុទ្ធ Inter Miami ដែលគ្មានវត្តមានក្នុងកម្មវិធី បន្តជាប់ជា Best FIFA Player ឆ្នាំ២០២៣ តាមរយៈការបោះឆ្នោតពីក្រុមគ្រូបង្វឹក ប្រធានក្រុម និងអ្នកសារព័ត៌មានជុំវិញពិភពលោក។ ពីកម្ពុជា ប្រធានក្រុមគោព្រៃ គួច សុកុម្ភៈ បោះឱ្យ Messi ម្ចាស់ពាន Ballon D’or ៨សម័យ នៅលេខរៀងទី១ Haaland លេខ២ និង Kevin De Bruyne លេខ៣ ស្របពេលគ្រូបង្វឹកលោក Felix Dalmas បោះឱ្យ Messi, Haaland និង Julian Alvarez។ ដោយឡែកលោក អ៊ឹង ចំរើន នាយកប្រតិបត្តិសារព័ត៌មានថ្មីៗ បោះឆ្នោតឱ្យ Haaland លេខ១ Messi លេខ២ និង Khvicha Kvaratskhelia ខ្សែប្រយុទ្ធ Napoli និងជម្រើសជាតិហ្សកស៊ី នៅលេខ៣។
ប្រធានក្រុមអាហ្សង់ទីន វ័យ៣៦ឆ្នាំ ដែលទទួលបានពានកីឡាករល្អបំផុតប្រចាំឆ្នាំ របស់ FIFA ២លើករួចមកហើយនៅឆ្នាំ ២០១៩ និង ២០២២ ស៊ុតបញ្ចូលទីបាន១០គ្រាប់ ឱ្យ Inter Miami និងជួយក្រុមអាម៉េរិកមួយនេះលើកពាន Leagues Cup ឆ្នាំ២០២៣ ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រក្លិប។
លោក Infantino ប្រធាន FIFA និង កីឡាការិនី Aitana Bonmati
Pep Guardiola អ្នកចាត់ការទូទៅ Man City ជាប់គ្រូល្អបំផុតក្រោយជួយក្រុមអង់គ្លេសមួយនេះឈ្នះពាន៣ក្នុងមួយរដូវកាល។ លោក Simone Inzaghi គ្រូ Inter Milan និង Luciano Spalletti គ្រូ Napoli នៅលេខ២ និងលេខ៣។
អ្នកស្រី Sarina Wiegman ជាប់ជាគ្រូល្អបំផុតប្រចាំឆ្នាំ២០២៣ បើទោះនាំក្រុមនារីអង់គ្លេសបានត្រឹមរងជើងឯក World Cup ក្រោយចាញ់អេស្ប៉ាញ ១-០ វគ្គផ្តាច់ព្រ័ត្រ។
Aitana Bonmati ខ្សែប្រយុទ្ធក្រុមនារី Barcelona និងជម្រើសជាតិអេស្ប៉ាញ ជាប់ជាកីឡាការិនីល្អបំផុតប្រចាំឆ្នាំ។ Bonmati វ័យ២៥ឆ្នាំ ជួយ Barca ឈ្នះ Champions League និង World Cup ជាមួយអេស្ប៉ាញ។
ជម្រើស១១នាក់ល្អបំផុតរបស់ FIFA (FIFA FIFPro World11) ប្រចាំឆ្នាំ២០២៣ មានកីឡាករ Man City ដល់ទៅ៦រូប និង Real Madrid ៣រូប៖
- អ្នកចាំទី: Thibaut Courtois (Real Madrid)
- ខ្សែការពារ: John Stones, Kyle Walker, Ruben Dias (Man City)
- ខ្សែបម្រើ : Jude Bellingham (Real Madrid), Kevin De Bruyne (Man City) និង Bernardo Silva (Man City)
- ខ្សែប្រយុទ្ធ : Lionel Messi (Inter Miami), Haaland (Man City) និង Mbappe (PSG) និង Vinicius Jr (Real Madrid)៕