កីឡាអន្តរជាតិ
អន្តរជាតិ
Everton និង Forest ប្រឈមកាត់ពិន្ទុ ពីបទចំណាយលើសចំណូល នៅ EPL
× ក្លិប Everton និង Nottingham Forest ប្រឈមមុខនឹងការកាត់ពិន្ទុបន្ទាប់ក្លិបទាំងពីររងការចោទប្រកាន់ពីសំណាក់ក្របខណ្ឌ Premier League ជុំវិញការបំពានច្បាប់លើការចំណាយ និងនិរន្តរភាព (PSR)។ នេះបើតាមការប្រកាសរបស់លីគកំពូលអង់គ្លេស នាថ្ងៃទី១៥ ខែមករា។
កាលពីដើមរដូវកាល Everton ត្រូវបានកាត់ចំនួន ១០ពិន្ទុរួចហើយនៅរដូវកាល ២០២៣-២៤ ចំពោះបញ្ហាផ្នែកហិរញ្ញវត្ថុកាលពីរដូវកាល ២០២០-២១ និងរុញច្រានក្រុមធ្លាក់ទៅឈរនៅបាតតារាង។
ឥឡូវនេះទាំង Forest និង Everton ត្រូវបានបញ្ចូលបទចោទទៅកាន់ប្រធានក្រុមប្រឹក្សាចៅក្រម ដែលនឹងតែងតាំងគណៈកម្មការឯករាជ្យមួយ ដើម្បីកំណត់ការដាក់ទណ្ឌកម្មសមស្រប។
បើតាមច្បាប់ប្រកួតដោយយុត្តិធម៌ផ្នែកហិរញ្ញវត្ថុរបស់ Premier League ក្លិបទាំង ២ បានធ្វើឱ្យខាតបង់ប្រាក់អតិបរមា ១០៥លានផោន (១៣៣,៦៣លានដុល្លារ) ក្នុងរយៈពេល ៣ឆ្នាំ។ ជុំវិញបញ្ហានេះ ទាំងក្លិប Everton និង Forest ក៏បានចេញសេចក្តីថ្លែងការណ៍រៀងៗខ្លួន ឆ្លើយតបទៅនឹងការប្រកាសរបស់ Premier League វិញផងដែរ។
ក្លិប Everton អាចធានាដល់អ្នកគាំទ្រថា នឹងបន្តការពារជំហររបស់ខ្លួនលើការចោទប្រកាន់នេះ ដោយក្លិប បានដាក់ពាក្យបណ្តឹងប្រឆាំងនឹងការកាត់ពិន្ទុដែល Premier League ធ្លាប់បានដាក់លើខ្លួនម្តងហើយ និងចោទលីគកំពូលអង់គ្លេសថា បានធ្វើរឿងអយុត្តិធម៌មកលើក្លិប។
កាលពីរដូវកាល ២០២២-២៣ ក្លិប Nottingham Forest ដែលឡើងមកលីគកំពូលក្រោយឈ្នះកៅអីនៅក្របខណ្ឌ Championship បានបំបែកកំណត់ត្រានាំចូលកីឡាករ ២១នាក់។ មូលហេតុនេះដែលនាំឱ្យ Forest ជួបបញ្ហាខាតបង់ប្រាក់ដ៏ច្រើនសន្ធឹកសន្ធាប់។
«ក្លិបមានបំណងបន្តកិច្ចសហប្រតិបត្តិការយ៉ាងពេញលេញ ជាមួយ Premier League លើបញ្ហានេះ ហើយមានទំនុកចិត្តលើដំណោះស្រាយដ៏លឿន និងយុត្តិធម៌។»។ នេះបើតាមសេចក្តីថ្លែងការណ៍របស់ក្លិប Nottingham Forest។
ក្លិបក្នុងលីគកំពូលប្រទេសអង់គ្លេស កាលពីមុនក៏ធ្លាប់ត្រូវបានកាត់ពិន្ទុដូចគ្នាដែរ រួមមាន Middlesbrough កាត់ ៣ពិន្ទុ កាលពីឆ្នាំ ១៩៩៧ ព្រោះខកខានបំពេញតាមកាលវិភាគប្រកួត, Portsmouth កាត់ ៩ពិន្ទុ ឆ្នាំ ២០១០ ព្រោះវិបត្តិហិរញ្ញវត្ថុរបស់ក្លិប៕
Tag:
Everton
Nottingham Forest
© រក្សាសិទ្ធិដោយ thmeythmey.com