កីឡាអន្តរជាតិ
អន្តរជាតិ
FA Cup៖ Everton ទម្លាក់ Palace ឡើងទៅជុំទី៤ រីឯ Forest ឈ្នះ Blackpool
× ក្រុម Everton យកឈ្នះលើក្រុម Crystal Palace លទ្ធផល ១-០ ខណៈដែល Nottingham Forest ក្រសោបជ័យជម្នះពីក្រុម Blackpool លទ្ធផល ៣-២ ក្នុងការប្រកួតរយៈពេល ១២០នាទី ដើម្បីឈានជើងទៅកាន់វគ្គជុំទី៤ ពានរង្វាន់ FA Cup។
១គ្រាប់ឈ្នះក្រុមរហស្សនាមស្ករគ្រាប់នេះ រកបានដោយកីឡាករ Andre Gomes ស៊ុតបាល់ពិន័យ Free Kick បំប៉ោងសំណាញ់ទីលើក្រុម Crystal Palace នៅក្នុងកីឡដ្ឋាន Goodison Park។ ឈ្នះការប្រកួតនេះ ជួយបន្ថយសម្ពាធដែលធ្លាក់លើក្រុម Everton ដែលជួបបញ្ហាចាញ់ការប្រកួតកន្លងមកនៅលីគកំពូលអង់គ្លេស។
Forest ក៏យកឈ្នះលើក្រុមមកពីលីគទី៣ Blackpool ទាំងពិបាកនៅក្នុងរយៈពេលការប្រកួត ៩០នាទី ដោយបញ្ចប់លទ្ធផលស្មើ ២-២ ប៉ុន្តែទោះយ៉ាងណា Forest នៅតែអាចរកបានគ្រាប់ជ័យជម្នះដោយស៊ុត ១គ្រាប់បន្ថែមក្នុងវគ្គបន្ថែម ១៥នាទី ២ដង។
ការប្រកួតបន្ទាប់ Everton ត្រូវធ្វើដំណើរទៅជួបក្រុម Luton Town មកពីលីគកំពូលអង់គ្លេសដូចគ្នា ខណៈដែល Forest ត្រូវជួបតទល់នឹងក្រុម Bristol City ដែលទម្លាក់ក្រុមជើងខ្លាំង West Ham United កាលពីថ្ងៃទី១៦ ខែមករា។
កាលពីសប្តាហ៍មុនក្លិបទាំង ២ នេះ ត្រូវបានរងការពិន័យពីសំណាក់ក្របខណ្ឌ Premier League ចំពោះការបំពានច្បាប់ប្រាក់ចំណេញដែលក្លិបទាំង ២ បានសាងឡើង។ ក្លិប Everton រងពិន័យជាលើកទី២ នៅក្នុងរដូវកាលនេះ ដោយកាលពីដើមរដូវកាលពួកគេត្រូវបានកាត់ ១០ពិន្ទុចេញពីការប្រកួត។
ដោយឡែក Norwich City ដែលទើបឈ្នះលើក្រុម Bristol Rovers លទ្ធផល ៣-១ ត្រូវទៅកាន់ជុំទី៤ ដោយប្រកួតទល់នឹងក្រុមកំពូលតារាងPremier League ជើងខ្លាំង Liverpool៕
© រក្សាសិទ្ធិដោយ thmeythmey.com