RFI
អន្តរជាតិ
វៀតណាម ​កាត់ទោស​មនុស្ស​ជិត​១០០នាក់ ពីបទ​ភេរវនិយម
22, Jan 2024 , 6:59 pm        
រូបភាព
វៀតណាម ​កាត់ទោស​មនុស្ស​ជិត​១០០នាក់ ពីបទ​ភេរវនិយម។ AFP – STR
វៀតណាម ​កាត់ទោស​មនុស្ស​ជិត​១០០នាក់ ពីបទ​ភេរវនិយម។ AFP – STR
ដោយ៖ហេង ឧត្តម/RFI
 
ថ្ងៃទី២០ ខែ​មករា តុលាការ​នៅប្រទេស​វៀតណាម បាន​សម្រេច​កាត់ទោស​ ជនជាតិ​ភាគតិច ចំនួន​ជិត ​១០០ នាក់ ពីបទល្មើស​​ភេរវនិយម នៅក្នុងករណី​បាញ់រះ​ទៅលើ​ការិយាល័យ​រដ្ឋបាល​និង​ប៉ុស្តិ៍​ប៉ូលិស​​ ដែល​បណ្តាល​ឲ្យ​មនុស្ស​ ៩ នាក់​ស្លាប់។ ក្នុងនោះ ៤នាក់ ជាប៉ូលិស ២នាក់ជាភ្នាក់ងារ​នគរបាលនៅមូលដ្ឋាន ហើយស្លាប់ប្រជាជនស៊ីវិល ៣នាក់។ ហេតុការណ៍​បាញ់រះនោះ បាន​កើតឡើង​កាលពីពាក់កណ្តាល​ឆ្នាំទៅមិញ តែ​តុលាការ​ទើបតែ​ជម្រះ​ទោស​នៅពេលនេះ​។
 
បើតាម​សាលក្រម​ជម្រះក្តី ក្នុង​ចំណោម​អ្នក​ជាប់ទោស​ជិត​១០០នាក់​នោះ គឺ​ ជន​ត្រូវចោទ ១០ នាក់ ត្រូវ​តុលាការ​វៀតណាម ផ្តន្ទាទោស​ ដាក់ពន្ធនាគារ​ អស់​១ជីវិត ហើយ​អ្នក​ផ្សេងទៀត ជាប់​ក្រោយ​ចម្រឹងដែក ចន្លោះ​ពី ៩ ខែ រហូត​ដល់ ២៥ ឆ្នាំ ទៅតាម​ស្ថានទម្ងន់ទោស​រៀងៗខ្លួន។​
 
​សេចក្តីរាយការណ៍​របស់ Frédéric Noir​ អ្នកកាសែត​វិទ្យុ​បារាំង​ RFI ដែល​ឈរ​ជើង​នៅ​ក្រុងហូជីមិញ បាន​ឲ្យដឹង​ថា ស្រុក​សង្គម​និយម​ដូច​នៅវៀតណាម គឺ​បាន​ហាម​ឃាត់​ការប្រើប្រាស់​អាវុធយ៉ាងតឹងតែង​​ ហើយ​ការ​បាញ់​រះ​នៅទីសាធារណៈ​ ជា​ករណី​កម្របំផុត​។ ប៉ុន្តែរឿងបាញ់រះ​ដ៏​​កម្រ​ ក៏បាន​ផ្ទុះឡើង​ នៅ​ខែ​មិថុនា ឆ្នាំ​២០២៣ ​នៅ ខេត្ត​ ដាក់ឡាក់  ចម្ងាយ​ប្រមាណជា ៣០០ គីឡូ​ម៉ែត្រ ពី​ទីក្រុង​ហូជីមិញ (អតីត​ព្រៃនគរ ឬហៅតាម​បារាំង សៃហ្គុង)។​
 
ក្រោយ​ហេតុការណ៍ស្ងប់ស្ងាត់​ នគរបាល​វៀតណាម បាន​​​ប្រមូល​ចាប់​រឹបអូស​វត្ថុតាង​ សរុប កាំភ្លើង ​២៣ ដើម, គ្រាប់​បែកដៃ ២ គ្រាប់​ និង​ គ្រាប់​កាំភ្លើង​ ជាង​ ១០០០ គ្រាប់ ព្រមទាំង​គ្រឿង​ផ្ទុះ​ផ្សេងៗទៀត។​ ទន្ទឹ​ម​នឹងគ្នា​​នោះ អាជ្ញាធរវៀតណាម ​បាន​ស្រាវជ្រាវ​រាវរក​មុខ​ជន​ដៃដល់ និង​​ចាប់​ឃាត់ខ្លួន​មនុស្ស​ ៩៨​នាក់ ដែល​សុទ្ធសឹងតែ​មនុស្ស​ពេញ​កម្លាំង មាន​វ័យ​ចន្លោះ ពី ១៨ ទៅ​ ៥៦ ​​ឆ្នាំ​។ នេះ​​បើតាម​សារព័ត៌មានក្នុង​ស្រុកវៀតណាម VNEpress ផ្សាយ​ថ្ងៃទី​២០មករា។​
 
ពួក​ចៅក្រម​វៀតណាម បាន​ចោទប្រកាន់​ពួក​គេទាំង​នោះ​ថា ​មាន​ចេតនា​ធ្វើ​អបគម​ន៍​ចង់​បំបែក​រដ្ឋ និង​ប្រព្រឹត្ត​បទល្មើស​​ភេរវកម្ម​ប្រឆាំង​រដ្ឋអំណាចសង្គម​និយម​វៀតណាម ព្រម​ទាំង​ចោទទៀត​ថា ពួក​គេមួយ​ចំនួន ប្រព្រឹត្តល្មើ​ស​ដោយ​ខ្វះការ​យល់​ដឹង និង​​បាន​ទទួល​ជំនួយ​ពី​បក្ស​ពួក​ដៃជើង ដែល​រស់​នៅ​សហរដ្ឋអាមេរិក​។​
 
​ជាការ​កត់សម្គាល់ នៅវៀតណាម​​ អ្នក​រស់​នៅ​តំបន់​ភ្នំ ឬ អ្នក​លើ ឬ​​ក៏ បារាំង​ ​ហៅថា Les Montagnards គឺ​សំដៅទៅដល់​​ក្រុម​បណ្តា​ជនជាច្រើនរស់នៅ​តំបន់​ភ្នំ មាន​ដូចជា ពួក​ជនជាតិ​ ហ្មង, ពូនង (ភ្នង), ចរ៉ាយ, រដេរ, រ៉ាគ្លាយ, បាហ្នារ, សេដាង (ស្តឹង ឬស្ទៀង), ស្រែ (សម្រែ) ។ល។ នៅក្នុងជំនាន់​សម័យ​សង្គ្រាម​អាមេរិក​-វៀតណាម​​ ក្រុម​អ្នក​រស់​នៅ​តំបន់​ភ្នំនេះ មាន​អ្នក​មួយ​ចំនួន​ ពិសេស​ ពូនង ​បាន​ជួយ​តស៊ូ​ពួតដៃជាមួ​យ​កង​ទ័ព​អាមេរិក ទប់ទល់​ប្រឆាំង​វៀតណាម​កុម្មុយនិស្ត។ សព្វថ្ងៃ​ ពួក​គេ​ខ្លះ បាន​និរទេសខ្លួន តាំងលំនៅ​ក្នុងទឹកដី​អាមេរិក ក្រោយពី​​សង្គ្រាម​រលត់ទៅ។
 
ប៉ុន្មាន​ទសវត្សរ៍​ចុងក្រោយ​នេះ ក្រុម​ជនជាតិ​ភាគតិច រស់នៅ​តាម​ភ្នំ នៅវៀតណាម គឺ​ប្រឈមមុខ​យ៉ាងតឹងតែង​ជាមួយ​អាជ្ញាធរ​វៀតណាម ហើយ​បើតាម​ក្រុម​អ្នក​ស្រាវជ្រាវ​ខាង​នរ​វិទ្យា គឺ​ ជម្លោះ​ប្រឈម​មុខដាក់​គ្នា​​នោះ ​ក៏​ពាក់ព័ន្ធ​នឹង​បញ្ហា​កម្មសិទ្ធដីធ្លី និង​បញ្ហា​សេដ្ឋកិច្ច៕

© រក្សាសិទ្ធិដោយ thmeythmey.com