ជាតិ
អត្ថបទពាណិជ្ជកម្ម
វិទ្យាស្ថានកាឌី បញ្ចប់ការអនុវត្តគម្រោង«អភិវឌ្ឍន៍បច្ចេកវិទ្យាប្រកបដោយភាតរៈបរិស្ថានសម្រាប់ផលិតកម្មដំណាំបន្លែ»ដោយជោគជ័យ
25, Jan 2024 , 4:35 pm        
រូបភាព
វិទ្យាស្ថានស្រាវជ្រាវជ្រាវ និងអភិវឌ្ឍន៍កសិកម្មកម្ពុជា (CARDI) បានបញ្ចប់ការអនុវត្ត​​គម្រោង «ការអភិវឌ្ឍ​បច្ចេកវិទ្យាប្រកបដោយភាតរភាពបរិស្ថានសម្រាប់ផលិតកម្មដំណាំបន្លែ» ដោយជោគជ័យ ដោយទទួលបាននូវសមិទ្ធផលផ្លែផ្កាជាច្រើន។ គម្រោងនេះ មានរយៈពេល៣ឆ្នាំ ដោយបានចាប់ផ្តើមពីឆ្នាំ២០២១ ដល់ឆ្នាំ​២០២៣ ក្រោម​កិច្ចសហការ និងគាំទ្រថវិកា ដោយកម្មវិធីអភិវឌ្ឍន៍កសិកម្មអន្តរជាតិកូរ៉េ ប្រចាំនៅកម្ពុជា (KOPIA)។​
 
គម្រោង ​«ការអភិវឌ្ឍបច្ចេកវិទ្យាប្រកបដោយភាតរភាពបរិស្ថានសម្រាប់ផលិតកម្មដំណាំបន្លែ” មាន​គោល​បំណង បង្កើនទិន្នផលដំណាំបន្លែ និងចំណូលរបស់កសិករ តាមរយៈការកាត់បន្ថយថ្លៃដើមផលិត ដូចជាកាត់បន្ថយ​ការប្រើប្រាស់ថ្នាំពុលកសិកម្ម​ និងជីគីមីតាមរយៈការដាំដុះបន្លែក្នុងផ្ទះសំណាញ់ ជាមួយនឹងការប្រើប្រាស់​បច្ចេកទេសថ្មីៗ រួមមាន៖ (១)​​ ការដាំដំណាំ​គំរបដី មុននិងក្រោយពេលប្រមូលផល​​ដំណាំបន្លែ រួមជាមួយការដាក់ជីកំប៉ុស្ត និងធ្យូងអង្កាម ដើម្បីកែប្រែគុណភាពដី (២) ការប្រើប្រាស់បច្ចេកទេសស្រោចស្រព​ និងដាក់ជីដោយប្រព័ន្ធស្វ័យប្រវត្តិ ដើម្បីសន្សំសំចៃទឹក ពេលវេលា​ ​និងកម្លាំងពលកម្ម (៣) ការប្រើប្រាស់ប្រព័ន្ធចំហាយទឹក និងស្បៃម្លប់ ដើម្បីកាត់បន្ថយ​កម្តៅក្នុង​ផ្ទះ​សំណាញ់​ (៤) ការបំបៅកូនដំណាំបន្លែដោយប្រើប្រាស់ជើងទម្ររដែលធន់នឹងជំងឺក្នុងដី (៥) ផ្សព្វផ្សាយបច្ចេកទេសដាំដុះដំណាំបន្លែ​ទៅកាន់កសិករតាមរយៈវគ្គ បណ្តុះ បណ្តាល​ និងទិវាស្រែបង្ហាញ។
 
តាមរយៈការអនុវត្តគម្រោងរយៈពេល ០៣ឆ្នាំកន្លងមក គម្រោងសម្រេចបាន​នូវ​លទ្ធផល​មួយ​​ចំនួនដូច​ជា៖ បានជ្រើសរើសស្រឡាយត្រប់ និងពូជល្ពៅសម្រាប់ធ្វើជាជើងទម្ររ បាន​ចំនួន ២ ស្រឡាយ។ លើស​ពីនេះ ក្រោយទទួលយកបច្ចេកទេសដាំដុះរបស់គម្រោង កសិករស្ម័គ្រចិត្តអនុវត្តន៍គម្រោង បានបង្កើនផលិតភាព​ដាំដុះបានប្រមាណ ៦៣%​ ពោលគឺពីការដាំដុះ ៤ដងក្នុងមួយឆ្នាំ ទៅ៦ដងក្នុងមួយឆ្នាំ  និងអាចបង្កើនចំណូលដុលច្រើនជាងការដាំដុះនៅទីវាល រហូតដល់​ ៦ដង​។ ទន្ទឹមនឹងនេះ កសិករអាចកាត់​បន្ថយ​ការ​ប្រើប្រាស់​ថ្នាំពុលកសិកម្ម​ និងជីគីមីបានប្រមាណ ៥៦%។
 
ស្របពេលជាមួយគ្នានេះដែរ គម្រោងបានបណ្តុះ​បណ្តាល​​កសិករ ស្តីពីបច្ចេកទេស​ដាំដុះដំណាំបន្លែក្នុងផ្ទះសំណាញ់ បានចំនួន ៣៤០​​​​​នាក់ ក្នុងនោះស្រី២៥០នាក់ បោះពុម្ពអត្ថបទ​វិទ្យាសាស្រ្តបាន​ចំនួន​២ សៀវភៅ​​ណែនាំ​​បច្ចេកទេសស្តីពី «ការគ្រប់គ្រងផ្ទះសំ ណាញ់សម្រាប់ ការដាំដុះដំណាំបន្លែ»  និង«បច្ចេកទេសបំបៅកូនដំណាំបន្លែ»បានចំនួន​២ និងផលិតវីឌីអូផ្សព្វផ្សាយស្តីពី លទ្ធផលស្រាវជ្រាវរបស់គម្រោង បានចំនួន១ផងដែរ​។  


កសិករចូលរួមអនុវត្តគម្រោងដាំដំណាំបន្លែបង្ហាញនៅក្នុងផ្ទះសំណាញ់ឧបត្ថម្ភដោយគម្រោង ក្នុងស្រុកស្អាង ខេត្តកណ្តាល។
 

កសិករចូលរួមអនុវត្តគម្រោង ដាំដំណាំបន្លែបង្ហាញនៅក្នុងផ្ទះសំណាញ់ឧបត្ថម្ភដោយគម្រោង ក្នុងស្រុកទឹកឈូ ខេត្តកំពត។


ការបំបៅកូនដំណាំបន្លែ

 

កសិករចូលរួមអនុវត្តគម្រោងដាំដំណាំបន្លែបង្ហាញនៅក្នុងផ្ទះសំណាញ់ឧបត្ថម្ភដោយគម្រោង ក្នុងស្រុកស្អាង ខេត្តកណ្តាល។ 

 

Dr. Song, Young-Ju ប្រធានKOPIA ប្រចាំនៅកម្ពុជា

 

វគ្គបណ្តុះបណ្តាលកសិករស្តីពី ការគ្រប់គ្រងផ្ទះសំណាញ់ 
 
លោក គង់ គីណែត ប្រធានភ្នាក់ងារអនុវត្តគម្រោងនៃវិទ្យាស្ថានកាឌី បានមានប្រ​សាសន៍​​ថា ការអនុវត្តគម្រោងរយៈពេល៣ឆ្នាំ​មកនេះ មានលទ្ធផលស្រាវជ្រាវមួយចំនួនដែល​សម្រេចបាន មានដូចជា ១. ការដាំដុះដំណាំបន្លែក្នុងផ្ទះសំណាញ់។ ២. ការប្រើប្រាស់​ប្រព័ន្ធគ្រប់គ្រងសីតុណ្ហភាព សំណើម ការស្រោចស្រព និងដាក់ជីដោយ​ស្វ័យ​ប្រវត្តិ​។ ៣. បច្ចេកទេសបំបៅកូនដំណាំ (ត្រសក់​ ប៉េងប៉ោះ) ជាមួយជើងទម្ររ​ដែលមានភាព​ធន់ទ្រាំ​ទៅ​នឹង​ជំងឺ​​ក្នុងដី និងទី៤. ការប្រើប្រាស់ជីស្រស់ ធ្យូងអង្កាមនិងកំប៉ុស្ត ដើម្បីកែប្រែគុណភាពដី​ទន្ទឹមនឹងនេះ 
 
លោក គង់ គីណែត បន្តទៀតថា៖ «បច្ចេកទេសទាំងនេះ យើងបានផ្ទេរជូនកសិករ តាមរយៈការរៀបចំវគ្គបណ្តាល ទិវាស្រែ​បង្ហាញ និងចែកជូនសៀវភៅណែនាំបច្ចេកទេស និងផលិតវីឌីអូផ្សព្វផ្សាយ ដែល​បាន​ចងក្រង​ដោយគម្រោង ក្នុងគោលបំណង​ជួយ​កសិករក្នុង​ការបង្កើនផលិតភាពដាំដុះ គុណភាពបន្លែ និងប្រាក់ចំណូល»។
ក្រុមការងាររបស់វិទ្យាស្ថាន នៅតែបន្តការផ្សព្វផ្សាយលទ្ធផលស្រាវជ្រាវ និងបច្ចេកទេសទៅដល់កសិករបន្ត​ទៀត បើទោះបីជាគម្រោងបានបញ្ចប់ទៅហើយក្តី។ 
 
លោក ​ Song Young-Ju ប្រធានKOPIA ប្រចាំនៅកម្ពុជា មានប្រសាសន៍ថា ៖«គម្រោងអភិវឌ្ឍន៍បច្ចេកវិទ្យាប្រកបដោយភាតរៈបរិស្ថានសម្រាប់ផលិតកម្មដំណាំបន្លែ ដែលបានសហការណ៍​ជាមួយវិទ្យាស្ថានកាឌី បានទទួលនូវសមិទ្ធផលមួយចំនួន ដែលអាច​ផ្សព្វផ្សា​យជូនដល់កសិករ នាពេលអនាគតបន្ថែមទៀត។​ មជ្ឈមណ្ឌលKOPIA នឹង​ជួយឧត្ថម្ភគាំទ្រជាបន្ត ប្រសិនបើមានគម្រោងបែបនេះ នាពេលខាងមុខ»៕ 
 

© រក្សាសិទ្ធិដោយ thmeythmey.com