ជាតិ
សង្គមជាតិ
អាជ្ញាធរជាតិអប្សរាជួសជុលដំបូលខ្លោងទ្វារខាងកើតប្រាសាទអង្គរវត្តឡើងវិញ ក្រុមការងារអាជ្ញាធរជាតិអប្សរាកំពុងរៀបចំជួសជុលដំបូងខ្លោងទ្វារខាងកើតប្រាសាទអង្គរវត្ត។ រូបភាពពីអាជ្ញាធរជាតិអប្សរា
× សៀមរាប៖ អាជ្ញាធរជាតិអប្សរាបាននិងកំពុងជួសជុលដំបូលខ្លោងទ្វារខាងកើតប្រាសាទអង្គរវត្ត ឡើងវិញ បន្ទាប់ពីសិក្សា និងស្ថានភាពប្រឈមខ្លាំងនៅទីតាំងបុរាណដ្ឋានមួយនេះ។
ដោយសារកត្តាអាយុកាល ធ្វើឱ្យថ្មមួយចំនួននៃដំបូលខ្លោងទ្វារខាងកើតប្រាសាទអង្គរវត្តនៅជ្រុងឦសានពុកផុយ។ អាជ្ញាធរជាតិអប្សរា តាមរយៈក្រុមការងារអភិរក្សបានសិក្សា និងចុងក្រោយធ្វើការរុះរើថ្មដំបូលខ្លោងទ្វារនេះដើម្បីរៀបចំជួសជុលឡើងវិញ។
ពិធីសែនព្រេនតាមបែបជំនឿសាសនាមុនការជួសជុល ត្រូវបានរៀបចំឡើង ដើម្បីសុំសេចក្តីសុខក្នុងការរុះរើដំបូលខ្លោងទ្វារខាងកើត។ នាពិធីនោះ លោក ឃាម មុនី មន្ត្រីបច្ចេកទេសរបស់នាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា បានឱ្យដឹងថា ក្រុមការងារចាប់ផ្ដើមរុះរើថ្មដំបូលកណ្ដាលខ្លោងទ្វារខាងកើតនៃប្រាសាទអង្គរវត្តនេះ ដោយសារតែថ្មនៅទិសឦសានបែកជាច្រើនបំណែក និងបាក់ធ្លាក់ដោយអន្លើ។ លោក មុនី បន្តថា ដំបូលនេះ គឺជាអ័ក្សខ្វែងនៃដំបូលទាំងមូល ដែលត្រូវទ្រនូវរចនាសម្ពន្ធរបស់ដំបូលទាំងអស់ បើកាលណាធ្លាក់បាក់ គឺមានបញ្ហា មិនអាចឱ្យជួសជុលដំបូលទាំងអស់បានទេ ហើយក៏អាចធ្វើឱ្យប៉ះពាល់ដល់ជ្រុងឬជញ្ជាំងដទៃទៀតដែលនៅជុំវិញដែរ។
លោក ឃាម មុនី បន្តទៀតថា ដោយសារតែអាយុកាលនៃសំណង់ បានធ្វើឱ្យថ្មមួយចំនួនពុកផុយ និងមានការខូចខាតនូវរចនាសម្ពន្ធរបស់ដំបូល ដោយដុំថ្មខ្លះក្រៀកចេញពីគ្នា និងមានប្រហោងផងដែរ។ ក្នុងលក្ខណៈដូចនេះ គឺគេត្រូវរើថ្មដំបូលដូរថ្មី១ដុំ និងប៉ះថ្មបែកមួយចំនួន រួចរៀបបញ្ចូលពង្រឹងជ្រុងឦសាននោះឡើងវិញ។
គួរបញ្ជាក់ថា ការជួសជុលនេះ ក៏ដើម្បីបើកឱកាសឱ្យទេសចរចូលទស្សនាបានប្រក្រតីវិញផងដែរ ខណៈដែលកន្លងមក ទីនេះមានការទល់ទ្រ និងពុំអនុញ្ញាតឱ្យចូលទស្សនាឡើយ៕
© រក្សាសិទ្ធិដោយ thmeythmey.com