ជាតិ
ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សុខភាព
ប្រយ័ត្ន ! ​គេង​មិន​​គ្រប់​អាច​ហានិភ័យ​ខ្ពស់​នៃ​ការ​លើស​សម្ពាធ​ឈាម
07, Feb 2024 , 10:59 pm        
រូបភាព
ការ​គេង​លក់​ស្កប់ស្កល់​ពេញ​មួយ​យប់ ផ្តល់​អត្ថប្រយោជន៍​យ៉ាងច្រើន​ដល់​សុខភាព​។ ផ្ទុយ​ទៅ​វិញ មាន​កត្តា​ផ្សេង​ៗ ដែល​ធ្វើ​ឲ្យ​គ្នា​យើង​ពិបាក​គេង ដែល​បញ្ហា​នេះ អាច​មាន​ទំនាក់ទំនង​ទៅ​នឹង​ហានិភ័យ​នៃ​បញ្ហា​សុខភាព​ជា​ច្រើន រួម​មានការ​លើស​សម្ពាធ​ឈាម ជំងឺ​បេះដូង ជំងឺ​តម្រងនោម ទឹកនោមផ្អែម គ្រោះថ្នាក់​សរសៃឈាម​ខួរក្បាល ឡើង​ទម្ងន់ ហឺត និង​បាក់ទឹកចិត្ត ជាដើម​។

 
យ៉ាងណាមិញ ការ​សិក្សា​ចុង​ក្រោយ​មួយ ដោយ​ក្រុម​អ្នក​ស្រាវជ្រាវ Brigham បាន​រក​ឃើញ​ពី​ទំនាក់ទំនង​នៃ​រោគ​សញ្ញា​គេង​មិន​លក់ និង​ការ​លើស​សម្ពាធ​ឈាម​ចំពោះ​ស្ត្រី​។
ជាក់ស្តែង លទ្ធផល​នៃ​ការ​សិក្សា​បាន​បង្ហាញ​ថា អ្នក​គេង​មិន​បាន​គ្រប់គ្រាន់ អាច​មាន​ហានិភ័យ​ខ្ពស់​នៃ​ការ​លើស​សម្ពាធ​ឈាម​។
 
ហេតុ​អ្វី​បានជា​ការ​គេង​មិន​គ្រប់គ្រាន់​មាន​ហានិភ័យ​ខ្ពស់​នៃ​ការ​លើស​សម្ពាធ​ឈាម?
 
ពិត​ណាស់ បច្ចុប្បន្ន​នេះ ទាំង​ការ​លើស​សម្ពាធ​ឈាម និង​វិបត្តិ​ដំណេក កើត​ឡើងជា​ទូទៅ​ចំពោះ​មនុស្ស​ពេញវ័យ​។
 
ថ្វី​ត្បិត​តែ​ក្រុម​អ្នក​ស្រាវជ្រាវ​នៅ​មិន​ទាន់​រក​ឃើញ​មូលហេតុ​ជាក់លាក់​ពី​ផល​ប៉ះពាល់​នៃ​ការ​គេង​មិន​គ្រប់គ្រាន់ ដែល​បង្ក​ហានិភ័យ​នៃ​ការ​លើស​សម្ពាធ​ឈាម​ក៏​ពិតមែន ប៉ុន្តែ​បញ្ហា​នេះ អាច​បណ្តាល​មក​ពី​ការ​កើនឡើង​នៃ​ការ​ចាល់​ជាតិ​អំបិល រឹង​សរសៃឈាម និង​ការ​ច្របាច់​បេះដូង​មាន​សភាព​ខ្សោយ ដែល​ជា​ឫសគល់​បណ្តាល​ឲ្យ​កើតជា​ជំងឺលើសឈាម​។
 
បន្ថែម​ពី​នេះ យោង​តាម​ការ​សិក្សា​ដដែល​បាន​រក​ឃើញ​ថា ស្ត្រី​ដែល​ជួប​បញ្ហា​ពិបាក​គេង ក៏​មាន​ស​ន្ទ​ស្សន៍​ម៉ាស​រាង​កាយ​ខ្ពស់ កង្វះ​សកម្មភាព​រាង​កាយ និង​របប​អាហារ​មិនល្អ​ផង​ដែរ​។
 
ដូច្នេះ​ហើយ ប្រការ​ចម្បង គ្នា​យើង​គួរ​គេង​ឲ្យ​បាន​គ្រប់គ្រាន់ ចាប់ពី​៧​ម៉ោង​ឡើង​ទៅ​នៅ​ក្នុង​មួយ​ថ្ងៃ ទើប​អាច​ជៀស​ឆ្ងាយ​ពី​បញ្ហា​សុខភាព​ជាក់លាក់​មួយ​ចំនួន​។

ត្រួតពិនិត្យដោយ៖ www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com