ជាតិ
សង្គមជាតិ
ក្រឡាប់ឡានសម្លាប់មនុស្ស៥នាក់ លើផ្លូវល្បឿនលឿន ដោយសារមិនអាចគ្រប់គ្រងស្ថានភាពលើផ្លូវកោង
07, Feb 2024 , 4:59 pm        
រូបភាព
រូបភាពពីស្នងការនគរបាលខេត្តកំពង់ស្ពឺ
រូបភាពពីស្នងការនគរបាលខេត្តកំពង់ស្ពឺ
មនុស្ស៥នាក់បានស្លាប់ និង២នាក់របួស ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ក្រឡាប់រថយន្ត លើកំណាត់ផ្លូវល្បឿនលឿន ស្ថិតក្នុងភូមិសាស្រ្តខេត្តកំពង់ស្ពឺ នៅព្រឹកថ្ងៃទី៧ ខែកុម្ភៈ។ អាជ្ញាធរបញ្ជាក់ថា អ្នកបើករថយន្តជាស្រ្តីវ័យ៣០ឆ្នាំ បើកបរក្នុងល្បឿនលឿនជ្រុល ជាង១៤០គីឡូម៉ែត្រក្នុងមួយម៉ោង។



លោក ហេង សុវណ្ណ ប្រធានដឹកនាំរួមក្រុមប្រតិបត្តិការផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ បានបញ្ជាក់ប្រាប់សារព័ត៌មានឌីជីថលថ្មីៗថា អ្នកបើកបររថយន្តនេះ ជិះក្នុងល្បឿនលឿនខ្លាំង ក្នុងស្ថានភាពផ្លូវកោង ហើយមិនអាចគ្រប់គ្រងស្ថានការណ៍បាន ទើបបណ្ដាលឱ្យរថយន្តក្រឡាប់ ទៅគន្លងផ្លូវម្ខាងទៀត ហើយអូសចម្ងាយប្រមាណ១៩ម៉ែត្រ។ បើតាមលោក សុវណ្ណ នេះជាករណីគ្រោះថ្នាក់ចរាចរណ៍ធ្ងន់ធ្ងរបំផុត លើផ្លូវល្បឿនលឿន ដែលបានសម្លាប់មនុស្ស៥នាក់ភ្លាមៗ។ 
 
«គាត់ជូនក្រុមគ្រួសារគាត់ដើរលេង គោលដៅពីភ្នំពេញទៅកំពង់សោម ហើយគាត់អ្នកបើកបរហ្នឹងជាស្រ្តី (ស្លាប់) ហើយកូនស្រីរបស់គាត់អាយុ១៣ឆ្នាំបាក់កំភួនជើង ត្រូវបានក្រុមការងារយើងបញ្ជូនទៅមន្ទីរពេទ្យ។ ហើយប្ដីរបស់គាត់ យើងបានសង្គ្រោះបឋមហើយអត់របួសធ្ងន់ទេ។ ប៉ុន្តែអ្នកដំណើរផ្សេងទៀត មានម្ដាយរបស់គាត់ ឪពុកម្ដាយក្មេក និងក្មួយបានស្លាប់»។ នេះជាការលើកឡើងរបស់លោក ហេង សុវណ្ណ ប្រធានដឹកនាំរួមក្រុមប្រតិបត្តិការផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ។
  
រូបភាពពីស្នងការនគរបាលខេត្តកំពង់ស្ពឺ

លោក ហេង សុវណ្ណ បានបញ្ជាក់ថា ក្រុមការងារនៃគម្រោងផ្លូវល្បឿនលឿន និងក្រសួងពាក់ព័ន្ធ កំពុងសិក្សាដាក់ឧបករណ៍បាញ់ល្បឿន និងវាស់ជាតិស្រវឹងនៅលើផ្លូវល្បឿនលឿន ដើម្បីទប់ស្កាត់ និងបញ្ចៀសករណីគ្រោះថ្នាក់ចរាចរណ៍នៅលើផ្លូវល្បឿនលឿននេះ។
 
ទន្ទឹមនឹងនេះលោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានចូលរួមសោកស្ដាយចំពោះហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ ដែលបណ្ដាលឱ្យមនុស្សស្លាប់ដល់៥នាក់ ត្រង់ចំណុចផ្លូវគីឡូម៉ែត្រលេខ២០ ស្ថិតក្នុងភូមិសាស្ត្រស្រុកសំរោងទង ខេត្តកំពង់ស្ពឺ លើផ្លូវល្បឿនលឿន។ 
 
លោក ក៏អំពាវនាវដល់ពលរដ្ឋទាំងអស់ បើកបរប្រកបដោយការប្រុងប្រយ័ត្ន ដើម្បីជៀសវាងគ្រោះថ្នាក់ចរាចរណ៍ផងដែរ៕ 

រូបភាពពីស្នងការនគរបាលខេត្តកំពង់ស្ពឺ

Tag:
 គ្រោះថ្នាក់ចរាចរណ៍
 ផ្លូវល្បឿនលឿន
© រក្សាសិទ្ធិដោយ thmeythmey.com