ជាតិ
ព័ត៍មានសុខភាព
សង្គមជាតិ
សុខភាព
កម្ពុជា រកឃើញអ្នកឆ្លងវីរុសអុត​ស្វា​លើ​បុរស​ម្នា​ក់ទៀត
09, Feb 2024 , 10:59 am        
រូបភាព
ក្រសួងសុខាភិបាល ប្រកាស​រកឃើញអ្នកឆ្លង​ជំងឺអ៊ឹមផក(​អុត​ស្វា)​លើបុរសម្នាក់ទៀត នាថ្ងៃទី៨កុម្ភៈ។ ការរកឃើញនេះ ធ្វើឱ្យអ្នកឆ្លងជំងឺ​អុត​ស្វានៅកម្ពុជា កើន​ដល់៦ករណី​ហើយ។ សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល បានបញ្ជាក់ថា បច្ចុប្បន្នបុរសឆ្លងជំងឺនេះ កំពុងសម្រាកព្យាបាល​នៅមន្ទីរពេទ្យ។

 
ជុំវិញនៃករណីឆ្លងនេះ ក្រសួងសុខាភិបាល បន្តអំពាវនាវដល់ពលរដ្ឋទាំងអស់បង្កើនការប្រុងប្រយ័ត្នផ្ទាល់ខ្លួន ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីបង្ការចម្លងជំងឺអ៊ឹមផក ជាពិសេសត្រូវអនុវត្តវិធានការបង្ការនានា។ វីរុសអុតស្វា ឆ្លងពីមនុស្សម្នាក់ ទៅមនុស្សម្នាក់ទៀត តាមរយៈការរួមភេទគ្រប់ទម្រង់ ជាមួយអ្នកជំងឺ អឹមផក និងការប៉ះពាល់ដោយផ្ទាល់នឹងកន្លែងមានដំបៅ ទឹកសារពាង្គកាយ ទឹកមាត់ តំណក់តូចៗ តាមផ្លូវដង្ហើម និងសម្ភារប្រើប្រាស់ ដែលប្រឡាក់ប្រឡូកជាមួយនឹងវីរុស រួមមាន សម្លៀកបំពាក់ ពួក កន្សែង ឬសម្ភារ ស្លាបព្រាបាន កែវទឹក។ល។
 
វីរុសអុតស្វា ឆ្លងពីម្តាយទៅកូនតាមរយៈទងសុក ក្នុងអំឡុងពេលឬក្រោយពេលសម្រាល និងការប៉ះផ្ទាល់ បើស្ត្រីមានផ្ទៃពោះឬឪពុកម្តាយមានជំងឺអ៊ឹមផក។ ដើម្បីបង្ការការចម្លងនូវជំងឺនេះ អ្នកត្រូវចៀសវាងប៉ះពាល់ផ្ទាល់ ជាមួយអ្នកដែលមានចេញរោគសញ្ញាជំងឺអ៊ឹមផក។ ជាពិសេសចៀសវាងការប៉ះពាល់ជាមួយសម្លៀកបំពាក់ កម្រាលពូកខ្នើយ ឬកន្សែងពោះគោ ឬ ចាន ស្លាបព្រាឬពែង ឬផ្ទៃនៃទីតាំង និងហាមប៉ះដំណក់ទឹកចេញពីផ្លូវដង្ហើម ឬសារធាតុរាវ តាមមាត់របស់អ្នកជំងឺអ៊ឹមផក។ អនុវត្តអនាម័យដៃដោយលាងសម្អាតដៃជាមួយទឹកនិងសាប៊ូ ឬដែល លាងដៃ ឬអាល់កុលលាងដៃ។
 
បុគ្គលដែលសង្ស័យ ឬបញ្ជាក់ថា មានជំងឺអ៊ឹមផក ត្រូវតែដាក់ឱ្យនៅដាច់ដោយឡែក រហូតដល់ទទួលលទ្ធផលអវិជ្ជមានវីរុសអុតស្វា។ បុគ្គលដែលផ្តល់ការថែទាំអ្នកជំងឺអ៊ឹមផក ត្រូវតែប្រើប្រាស់វិធានការការពារខ្លួនឱ្យបានសមស្រប។ នេះ​បើតាមក្រសួងសុខាភិបាល៕ 
 

Tag:
 សុខាភិបាល
  ជំងឺ​អុត​ស្វា
© រក្សាសិទ្ធិដោយ thmeythmey.com