ជាតិ
សង្គមជាតិ
លោក កើត រិទ្ធ និង​លោក ជីវ កេង រួម​គ្នា​ដឹកនាំការកែទម្រង់​ប្រព័ន្ធយុត្តិធម៌
09, Feb 2024 , 3:29 pm        
រូបភាព
លោក កើត រិទ្ធ (ស្តាំ) និងលោក ជីវ កេង ជាសហប្រធានគណៈកម្មាធិការដឹកនាំការកែទម្រង់ប្រព័ន្ធយុត្តិធម៌។ រូបថត ក្រសួងយុត្តិធម៌
លោក កើត រិទ្ធ (ស្តាំ) និងលោក ជីវ កេង ជាសហប្រធានគណៈកម្មាធិការដឹកនាំការកែទម្រង់ប្រព័ន្ធយុត្តិធម៌។ រូបថត ក្រសួងយុត្តិធម៌
ដោយ: រួបរួម
លោកឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌ និងលោក ជីវ កេង ​ប្រធាន​តុលាការកំពូល ជា​សហប្រធានគណៈ​កម្មាធិការ​ដឹកនាំ​ការ​កែទម្រង់​ប្រព័ន្ធយុត្តិធម៌។ នេះបើតាម​ព្រះរាជក្រឹត្យ​ចុះថ្ងៃទី៨ ខែកុម្ភៈ។

 
​បង្កើតឡើង​ដោយព្រះរាជក្រឹត្យ​ចុះថ្ងៃទី​៣០ ខែធ្នូ ឆ្នាំ២០២៣ គណៈ​កម្មាធិការ​ដឹកនាំ​ការកែទម្រង់​ប្រព័ន្ធ​យុត្តិធម៌ (គ.ក.ប.យ.) មានតួនាទី​សំខាន់​ក្នុងការដឹកនាំ គាំទ្រ សម្របសម្រួល និងជំរុញ​ការអនុវត្ត​ការងារ​កែទម្រង់​ប្រព័ន្ធយុត្តិធម៌​នៅ​កម្ពុជា។
 
ក្រោម​ការ​ដឹកនាំ​របស់​លោក កើត រិទ្ធ និង​លោក ជីវ កេង គណៈកម្មាធិការនេះ លោកស្រី ជា លាង អគ្គ​ព្រះរាជអាជ្ញា​តុលាការកំពូល​ជាអនុប្រធានទី១, លោក ជិន ម៉ាលីន រដ្ឋលេខាធិការក្រសួងយុត្តិធម៌ ជាអនុប្រធាន​ប្រចាំការ, លោក ឃាង សេង អនុប្រធាន​អង្គភាពប្រឆាំងអំពើពុករលួយ និង​លោក តាំង ស៊ុនឡាយ អនុប្រធាន​តុលាការកំពូល ជាអនុប្រធាន។
 
សមាជិក មាន​រដ្ឋលេខាធិការពីបណ្តាក្រសួង រួមមាន លោក ប៊ុន ហុន (ក្រសួងមហាផ្ទៃ), លោក ហ៊ែល ចំរើន (ក្រសួងសេដ្ឋកិច្ច), លោក ស៊ា ម៉ៅ (ទីស្តីការគណៈរដ្ឋមន្ត្រី), លោក ស សាម៉ីឌី (ក្រសួងមុខងារសាធារណៈ), លោក គង់ ផល្លៈ (ក្រសួងប្រៃសណីយ៍), លោក បួន សារៈមុនី (ក្រសួងពាណិជ្ជកម្ម), លោកស្រី សុវណ្ណ វណ្ណារតន៍ (ក្រសួង​ការងារ), លោក រស់ ថាន់សន (ក្រសួងព័ត៌មាន), លោក សួន វិសាល, លោក តាន់ហ៊ាង ដាវ័ណ្ឌ (ក្រសួងយុត្តិធម៌)។
 
សមាសភាពសមាជិក​ផ្សេងទៀត រួមមាន លោក សេង ស៊ីវុត្ថា ប្រធាន​សាលាឧទ្ធរណ៍ភ្នំពេញ, លោក អ៊ុក សាវុធ អគ្គ​ព្រះរាជអាជ្ញាអម​សាលាឧទ្ធរណ៍ភ្នំពេញ, លោក ឈន ព្រលឹង ប្រធាន​បណ្ឌិត្យ​សភាភូមិន្ទយុត្តិធម៌កម្ពុជា, លោក សំ ប្រជាមានិត អគ្គ​លេខាធិការនៃអគ្គ​លេខាធិការដ្ឋានឧត្តម​ក្រុម​ប្រឹក្សាអង្គ​ចៅក្រម, លោក លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា​, លោក សៀ តុង អគ្គាធិការនៃអគ្គារធិការ​ដ្ឋាន​កិច្ច​ការតុលាការនៃក្រសួងយុត្តិធម៌, លោក ងួន​ ណារ៉ា ប្រធាន​សាលាដំបូង​រាជធានីភ្នំពេញ, លោក ច្រឹង ខ្មៅ ព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ។
 
អគ្គ​លេខាធិការ​ដ្ឋាននៃអគ្គ​លេខាធិការ​ដ្ឋាន គ.ក.ប.យ. ជាសមាជិកមួយរូបផងដែរ។ លោក កេង សុម៉ារិទ្ធ ត្រូវបាន​តែងតាំងជា​អគ្គ​លេខាធិការ គ.ក.ប.យ. ដែល​មាន​ឋានៈ​ស្មើ​រដ្ឋមន្ត្រី។ លោក​មាន​អគ្គ​លេខាធិការ​រង​៣​នាក់​ គឺ​លោក​ស្រី សុង ឆ័ន្ត, ​លោក ឃ្លោក ដារ៉ា ឋានៈ​ស្មើ​រដ្ឋលេខាធិការ និង​លោកស្រី ឌី ម៉ូឡានី ឋានៈស្មើ​អគ្គ​នាយក។
 
គ.ក.ប.យ. ជា​យន្ត​ការ​​​ដឹកនាំ​ ​សម្របសម្រួល​ ​និង​ជំរុញ​ការ​អនុវត្ត​ការងារ​កំណែ​ទម្រង់​ប្រព័ន្ធ​យុត្តិធម៌ ​សំដៅ​ដល់​ការ​ពង្រឹង​ និង​ការ​លើក​ក​ម្ពស់​គោលការណ៍​នីតិ​រដ្ឋ​ ​ព្រមទាំង​គុណភាព​និង​ប្រសិទ្ធ​ភាព​ប្រព័ន្ធ​យុត្តិធម៌​នៅ​កម្ពុជា​​។​
 
គណៈកម្មាធិការនេះ អាច​អញ្ជើញ​តំណាងក្រសួង និងស្ថាប័នពាក់ព័ន្ធ សាលាជម្រះក្តី និងអង្គការអយ្យការអម​សាលា​ជម្រះក្តីពាក់ព័ន្ធ ដៃគូ​អភិវឌ្ឍន៍ វិស័យឯកជន ទីប្រឹក្សា​ឬអ្នកជំនាញការជាតិ និងអន្តរជាតិ ចូលរួម​ប្រជុំតាម​ការចាំបាច់៕

Tag:
 យុត្តិធម៌
© រក្សាសិទ្ធិដោយ thmeythmey.com