ជាតិ
សង្គមជាតិ
មនុស្ស២៣នាក់បានស្លាប់ ដោយសារគ្រោះថ្នាក់ចរាចរណ៍ អំឡុងពេលចូលឆ្នាំចិន
12, Feb 2024 , 10:19 am        
រូបភាព
រូបពី អគ្គស្នងការដ្ឋាននគរបាលជាតិ
រូបពី អគ្គស្នងការដ្ឋាននគរបាលជាតិ
ភ្នំពេញ៖ រយៈពេល៣ថ្ងៃ អំឡុងពេលចូលឆ្នាំចិន មានមនុស្សស្លាប់២៣នាក់ និងរបួស៤១នាក់ ដោយសារគ្រោះថ្នាក់ចរាចរណ៍។ នេះបើតាមរបាយការណ៍របស់ក្រសួងមហាផ្ទៃ។

 
គិតពីថ្ងៃទី៩ ដល់​ ១១ ខែកុម្ភៈ មានគ្រោះថ្នាក់ចរាចរណ៍កើតឡើង៣៥ករណី នៅទូទាំងប្រទេស។ បើតាម លោក ទូច សុឃៈ អ្នកនាំពាក្យក្រសួងមហាផ្ទៃ អ្នករបួសធ្ងន់ស្រាលទាំង៤១ នាក់  កំពុងទទួលការសង្គ្រោះនៅមន្ទីរពេទ្យរដ្ឋ និងឯកជននៅឡើយ ហើយខ្លះកំពុងសម្រាកព្យាបាលតាមផ្ទះ។
 
អ្នកនាំពាក្យរូបនេះ បានលើកឡើងថា បញ្ហាចរាចរណ៍នៅតែជាកង្វល់ ហើយការអនុវត្តច្បាប់ត្រូវតែពង្រឹង ជាពិសេសការត្រួតពិនិត្យជាតិអាល់កុលនៅពេលយប់។ លោកបានចាត់ទុកបញ្ហានេះ ជារបៀបវារៈអាទិភាពមួយ ក្នុងចំណោមបញ្ហាទាំង៦ដែលអាជ្ញាធរកម្ពុជា ត្រូវយកចិត្តទុកដាក់ រួមមានគ្រឿងញៀន ,ចរាចរណ៍ ,បទល្មើសព្រហ្មទណ្ឌនានា ,ករណីក្មេងទំនើង ការជួញដូរមនុស្ស និងបទល្មើសតាមបន្ទាត់ព្រំដែនគោក និងទឹក។
 
កាលពីឆ្នាំ២០២៣ គ្រោះថ្នាក់ចរាចរណ៍កើតឡើងច្រើន នៅរាជធានីភ្នំពេញ ខេត្តកំពង់ស្ពឺ កំពង់ចាម កំពង់ឆ្នាំង  តាកែវ ព្រះសីហនុ កោះកុង ឧត្តរមានជ័យ  ព្រះវិហារ  ត្បូងឃ្មុំ  និងខេត្តប៉ៃលិន។ បើតាមលោក សុឃៈ ខេត្តទាំងនេះ ត្រូវខំប្រឹងប្រែងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ក្នុងឆ្នាំ២០២៤។ 
 
កន្លងមក លោក ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានជំរុញឱ្យអនុគណៈកម្មការសុវត្ថិភាពចរាចរណ៍រាជធានី ខេត្ត បន្តយកចិត្តទុកដាក់លើករណីបើកបរលើសល្បឿនកំណត់ ,ការបើកបរក្រោមឥទ្ធិពលនៃគ្រឿងញៀន ឬគ្រឿងស្រវឹង ,ការបិទកញ្ចក់ពណ៌លើកញ្ចក់រថយន្តធំ និងការរត់គេចខ្លួនក្រោយពេលបង្កគ្រោះថ្នាក់ ដើម្បីចាត់វិធានការតាមច្បាប់ ឱ្យបានម៉ឺងម៉ាត់ដោយគ្មានការលើកលែង ជាពិសេសត្រូវឃាត់ខ្លួនជនបង្កភ្លាមៗនៅនឹងកន្លែង។ 
 
យោងតាមរបាយការណ៍ នៅឆ្នាំ២០២៣ មានគ្រោះថ្នាក់ចរាចរណ៍ ៣,៣១៧លើក ដែល ៥៥ភាគរយកើតឡើងនៅពេលយប់។ គ្រោះថ្នាក់នេះ បណ្តាលឱ្យមានអ្នកស្លាប់ ១,៥៩០នាក់ និងរបួស ៤,៥១៥នាក់។ មូលហេតុចម្បងនៃគ្រោះថ្នាក់ទាំងនោះ មានដូចជាបើកបរល្មើសល្បឿន មិនគោរពសិទ្ធិ មិនប្រកាន់ស្តាំប្រជែងគ្រោះថ្នាក់ កត្តាយាន និងស្រវឹងជាដើម៕ 

© រក្សាសិទ្ធិដោយ thmeythmey.com