ជាតិ
សង្គមជាតិ
អភិបាលខេត្តកំពង់ស្ពឺ , កំពង់ធំ និងត្បូងឃ្មុំ ចេញចំណាត់ការលើអាជីវកម្មឆ្នោតឡូតូ និងល្បែងអនឡាញ
12, Feb 2024 , 2:22 pm        
រូបភាព
ភ្នំពេញ៖ លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ ប្រកាសមិនឱ្យអនុញ្ញាតបើកអាជីវកម្មឆ្នោតឡូតូ ល្បែងផ្សងសំណាង និងចាត់វិធានការបង្ក្រាបល្បែងស៊ីសងគ្រប់ប្រភេទ នៅក្នុងមូលដ្ឋានខេត្ត។ នេះបើតាមលិខិតអភិបាលខេត្តកំពង់ស្ពឺ ជម្រាបទៅអភិបាលក្រុង ស្រុក និងអាជ្ញាធរ។

 
ដើម្បីថែរក្សាសន្តិសុខ សុវត្ថិភាពសង្គម និងជំរុញការអនុវត្តច្បាប់ ទើបលោកអភិបាលខេត្ត សម្រេចមិនឱ្យបើកអាជីវកម្មល្បែងស៊ីសង ពិសេសឆ្នោតឡូតូបន្តទៀត។ លោកបញ្ជាក់ថា ការធ្វើបែបនេះ ក្នុងគោលបំណងពង្រឹង និងលើកកម្ពស់គោលការណ៍នីតិរដ្ឋ ស្របតាមកម្មវិធីនយោបាយ ភូមិឃុំ សុវត្ថិភាព និងលើកកម្ពស់ជីវភាពពលរដ្ឋ។ 
 
«យើងមិនអនុញ្ញាតឱ្យពង្រីកអាជីវកម្មល្បែងស៊ីសងគ្រប់ប្រភេទបន្តទៀតទេ! អាជ្ញាធរនឹងចុះបង្ក្រាប និងពិនិត្យ អាជ្ញាប័ណ្ណអាជីវកម្មល្បែង តាមមូលដ្ឋាន ហើយបើពិនិត្យឃើញថាមិនមានអាជ្ញាប័ណ្ណ ឬអាជ្ញាប័ណ្ណផុតកំណត់នឹងចាត់វិធានការ។ ចំណែក កន្លែងដែលមានអាជ្ញាប័ណ្ណ យើងបន្តឱ្យបើក ប៉ុន្តែមិនឱ្យពង្រីកទីតាំងបន្ថែមជាដាច់ខាត»។ អភិបាលខេត្តកំពង់ស្ពឺប្រាប់សារព័ត៌មានថ្មីៗ តាមប្រព័ន្ធទូរស័ព្ទនៅថ្ងៃ១២ កុម្ភៈ មុននឹងបន្តថា អាជ្ញាធរនឹងចាត់វិធានការតាមច្បាប់ លើអ្នកមិនចូលរួមសហការ និងបង្ក្រាបបទល្មើសគ្រប់ប្រភេទ ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។
 
ដោយឡែកអភិបាលខេត្តត្បូងឃ្មុំ និងអភិបាលខេត្តកំពង់ធំ ក៏បានបើកកិច្ចប្រជុំពិភាក្សាលើការទប់ស្កាត់ល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ ក្នុងមូលដ្ឋានដែរ។
 
លោក ងួន រតនៈ អភិបាលខេត្តកំពង់ធំ បានបញ្ជាឱ្យរដ្ឋបាលខេត្ត ត្រូវបង្កើតក្រុមការងារដឹកនាំដោយអភិបាលរងខេត្ត០១រូប ដែលមានមន្ទីរ អង្គភាព និងរដ្ឋបាលក្រុង ស្រុកជាសមាជិក ដើម្បីបង្ក្រាប និងទប់ស្កាត់ល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ ។
 
រដ្ឋបាលខេត្ត ត្រូវអញ្ជើញប្រតិបត្តិករដែលកំពុងប្រកបអាជីពល្បែងគ្រប់ភេទ នៅក្នុងភូមិសាស្រ្តខេត្តកំពង់ធំ ហើយមិនទាន់បានបំពេញលក្ខខណ្ឌច្បាប់ ស្តីពីការគ្រប់គ្រងល្បែងពាណិជ្ជកម្មមកប្រជុំ និងណែនាំឱ្យទៅបំពេញលក្ខខណ្ឌឱ្យបានគ្រប់គ្រាន់ ហើយករណីមិនសហការ ត្រូវអនុវត្តតាមច្បាប់ ។
 
ជាមួយគ្នានេះ រដ្ឋបាលក្រុង ស្រុក ត្រូវប្រជុំផ្សព្វផ្សាយលិខិតគតិយុត្តនានា ពាក់ព័ន្ធការគ្រប់ល្បែងស៊ីសងគ្រប់ប្រភេទ ដល់ប៉ុស្តិ៍នគរបាលរដ្ឋបាល ដើម្បីអនុវត្តឲ្យមានប្រសិទ្ធភាព ។ នេះបើតាមអភិបាលខេត្តកំពង់ធំ។
 
ទន្ទឹមនេះ លោក ងួន រតនៈ ក៏បានដាស់តឿនទៅដល់អាជ្ញាធរដូច្នេះ៖« ត្រូវត្រួតពិនិត្យទីកន្លែង ដែលមានល្បែងស៊ីសងគ្រប់ប្រភេទឲ្យបានច្បាស់លាស់ ដើម្បីបង្ក្រាបឲ្យមានប្រសិទ្ធភាព ជាពិសេសមន្ត្រីសមត្ថកិច្ច ត្រូវដកខ្លួនចេញឲ្យឆ្ងាយកុំឲ្យមានការពាក់ព័ន្ធ បើមិនដូច្នេះទេ ត្រូវអនុវត្តន៍ទៅតាមច្បាប់សហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិលនិងកងកម្លាំងប្រដាប់អាវុធ» ។
 
គួរបញ្ជាក់ថា ទីតាំងល្បែងស៊ីសង និងល្បែងផ្សងសំណាង ក្នុងខេត្តកំពង់ធំមានចំនួន ៣៩១ទីតាំង ក្នុងនោះមានតែ៣ទីតាំងប៉ុណ្ណោះ ដែលមានច្បាប់អនុញ្ញាត៕
 

© រក្សាសិទ្ធិដោយ thmeythmey.com