ជាតិ
សង្គមជាតិ
សមត្ថកិច្ចរកឃើញបង្គា មានសាធាតុចាហួយ ជាង៤តោន នៅត្រឡោកបែក
13, Feb 2024 , 2:59 pm        
រូបភាព
សមត្ថកិច្ចចុះត្រួតពិនិត្យនិងដកហូតបង្គាដែលមានសារធាតុចាហួយលើក្បាល។ រូបពី ក.ប.ប
សមត្ថកិច្ចចុះត្រួតពិនិត្យនិងដកហូតបង្គាដែលមានសារធាតុចាហួយលើក្បាល។ រូបពី ក.ប.ប
ភ្នំពេញ៖ មន្ត្រីអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ(ក.ប.ប) បានរកឃើញបង្គាផ្ទុកសារធាតុចាហួយ ជាង៤តោន នៅម្ដុំត្រឡោកបែក ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ នេះបើតាមការចេញផ្សាយលើទំព័រហ្វេសប៊ុករបស់ ក.ប.ប កាលពីថ្ងៃទី១២កុម្ភៈ ។

 
ក្នុងប្រតិបត្តិការត្រួតពិនិត្យនេះ សមត្ថកិច្ច បានរកឃើញសារធាតុចាហ៊ួយលើក្បាលបង្គា ដែលរក្សាទុក នៅក្នុងកេះចំនួន ២២៦កេះ ដែលស្មើ ៤,២៣៥គីឡូក្រាម។  
 
«កម្លាំងមន្ត្រីយើងរកឃើញបង្គាចាក់ចាហួយនៅលើរថយន្តដែលកំពុងចែកចាយ និងនៅតាមស្តង់លក់មួយចំនួនម្តុំត្រឡោកបែក។ ដោយមានការអនុញ្ញាតពី ឯកឧត្តមព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានធ្វើការដកហូត និងយកទៅបំផ្លាញចោល»។ នេះបើតាម ក.ប.ប ដែលបានបន្ថែមថា បង្គាទាំងនោះ ត្រូវបានបំផ្លាញចោល នៅទីលានចាក់សំរាម នៅខណ្ឌដង្កោ។
 
ចំពោះករណីនេះ មន្ត្រីជំនាញ នៃអគ្គនាយកដ្ឋាន ក.ប.ប. ក៏បានពន្យល់ណែនាំអាជីវករ អ្នកលក់រាយ និងតាមស្តង់ ដែលតាំងលក់ផលិតផលគ្រឿងសមុទ្រ ឱ្យលក់ដូរដោយសុចរិតភាព ដើម្បីធានាសុខុមាលភាព និងផលប្រយោជន៍អ្នកប្រើប្រាស់៕ 
 

Tag:
 បង្គាចាហួយ
© រក្សាសិទ្ធិដោយ thmeythmey.com