ជាតិ
សង្គមជាតិ
អ្នកឆ្លងមេរោគអេដស៍ថ្មី មាន៤២ភាគរយ ជាយុវវ័យអាយុពី១៥ទៅ២៤ឆ្នាំ
14, Feb 2024 , 9:08 am        
រូបភាព
«ទិវានៃក្តីស្រឡាញ់» ១៤កុម្ភៈ ត្រូវបានយុវជនមួយចំនួនចាត់ទុកថា ជាថ្ងៃដែលត្រូវបង្ហាញនូវមនោសញ្ចេតនាសេចក្តីស្រឡាញ់ រហូតដល់មានសកម្មភាពរួមភេទ។ អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បានលើកឡើងពីក្តីកង្វល់បែបនេះ ជាមួយនឹងការបង្ហាញតួលេខពីការរាលដាលមេរោគអេដស៍នៅកម្ពុជា ជាពិសេសក្នុងចំណោមយុវជន។



ក្នុងសេចក្តីអំពាវនាវចុះថ្ងៃទី១៣ ខែកុម្ភៈ អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បានគូសបញ្ជាក់ថា បច្ចុប្បន្ននេះ ការឆ្លងរីករាលដាលមេរោគអេដស៍នៅកម្ពុជាកំពុងបន្តកើតមានក្នុងចំណោមក្រុម ប្រជាជនគន្លឹះ ជាពិសេសក្រុមយុវវ័យបុរសរួមភេទជាមួយបុរស។

តាមការប៉ាន់ប្រមាណនៅឆ្នាំ២០២៣នេះ អ្នកផ្ទុកមេរោគអេដស៍មានចំនួនប្រមាណ៧៦០០០នាក់ អ្នកឆ្លងមេរោគអេដស៍ថ្មីមានប្រមាណ១៤០០នាក់ នៅក្នុងមួយឆ្នាំ ឬប្រមាណ៤នាក់នៅក្នុងមួយថ្ងៃ។ ក្នុងចំណោមអ្នកឆ្លងមេរោគអេដស៍ថ្មីប្រមាណ៤២ភាគរយ គឺជាយុវវ័យដែលមានអាយុពី១៥ ទៅ២៤ឆ្នាំ។

«ស្រឡាញ់ពិត ថែជីវិតចាកពីមេរោគអេដស៍»។ នេះជាសារណែនាំរបស់អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ដោយស្នើយុវជនប្រើប្រាស់ទិវានៃក្ដីស្រឡាញ់ ទៅជាការស្រឡាញ់ខ្លួនឯង ស្រឡាញ់គ្រួសារ ស្រឡាញ់បងប្អូន ស្រឡាញ់ញាតិមិត្ត ស្រឡាញ់ប្រទេសជាតិ ស្រឡាញ់វប្បធម៌ប្រពៃណីដូនតាខ្មែរដ៏ផូរផង់។

ក្រសួងពាក់ព័ន្ធរួមមាន ក្រសួងអប់រំ យុវជន និងកីឡា, ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ, ក្រសួងកិច្ចការនារី ជាដើម សុទ្ធតែបានចេញសេចក្តីណែនាំ និងសេចក្តីអំពាវ ក្នុងគោលដៅទប់ស្កាត់សកម្មភាពមិនប្រក្រតីក្នុងទិវានៃក្តីស្រឡាញ់។

បើតាមការសង្កេតរបស់ក្រសួងអប់រំ យុវជន និងកីឡា សិស្សានុសិស្សមួយចំនួនតូចយល់ច្រឡំថា ថ្ងៃ១៤ កុម្ភៈ ជាថ្ងៃបុណ្យសង្សារ ឬជាថ្ងៃណាត់ជួបគ្នារវាងគូស្នេហ៍។ ក្រសួងបញ្ជាក់ថា៖ «ទិវានេះពុំមែនជាប្រពៃណីរបស់ជនជាតិខ្មែរយើងទេ។ យុវជន មួយចំនួនតូចភ្លើតភ្លើន ភ្លេចការសិក្សា បាត់បង់សេចក្តីថ្លៃថ្នូរជាបុគ្គល និងក្រុមគ្រួសារ ដោយប្រាសចាកវប្បធម៌ និង ប្រពៃណីជាតិរបស់ខ្មែរ»។

លោកឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ បានណែនាំឱ្យបន្តពង្រឹងការអនុវត្តបទបញ្ជាផ្ទៃក្នុងនៅគ្រប់គ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន តាមរយៈការផ្សព្វផ្សាយអំពីអត្ថន័យទិវានៃក្តីស្រឡាញ់, ការតាមដានវត្តមានសិស្សជាប្រចាំ និងទំនាក់ទំនងជាមួយមាតាបិតាអាណាព្យាបាល ក៏ដូចជាសហគមន៍ពាក់ព័ន្ធនឹងសកម្មភាពមិនប្រក្រតី ជាដើម។

សម្រាប់ក្រសួងវប្បធម៌ ទិវានៃក្តីស្រឡាញ់នៅកម្ពុជា គួរជាឱកាសមួយក្នុងការចែកចាយ និងធានានូវក្តីស្រឡាញ់ប្រកបដោយ ភាពថ្លៃថ្នូរ ស្មោះសរបរិសុទ្ធ ចំពោះមនុស្សជាទីស្រឡាញ់នៅជុំវិញខ្លួន។ «ការរក្សាការពារវប្បធម៌ ប្រពៃណីដ៏ថ្លៃថ្លារបស់ជាតិ ជាកាតព្វកិច្ចនៃយើងទាំងអស់គ្នា»។ នេះជាសារអំពាវនាវរបស់ក្រសួងវប្បធម៌។

ជាមួយគ្នានេះ ក្រសួងកិច្ចការនារី បានក្រើនរំលឹកពលរដ្ឋ ជាពិសេសយុវជន យុវនារីខ្មែរ ឱ្យប្រកាន់ខ្ជាប់នូវកិត្តិយស សេចក្តីថ្លៃថ្នូរ ព្រមទាំងចូលរួមថែរក្សា និងលើកស្ទួយកិត្យានុភាពជាតិ វប្បធម៌ ប្រពៃណី ទំនៀមទម្លាប់ខ្មែរ ដែលជាមរតកដ៏ថ្លៃថ្លាបន្សល់ទុក តាំងពីបុរាណកាលមក ហើយគួរសិក្សាស្រាវជ្រាវ ស្វែងយល់ឱ្យបានស៊ីជម្រៅ គ្រប់ជ្រុងជ្រោយ លើអត្ថន័យ និងខ្លឹមសារនៃ ទិវានៃក្ដីស្រឡាញ់ នេះ៕


© រក្សាសិទ្ធិដោយ thmeythmey.com