ជាតិ
សង្គមជាតិ
អត្ថបទពាណិជ្ជកម្ម
ក្រោយដំណើរការបាន៨ឆ្នាំ វិទ្យាស្ថានពាណិជ្ជសាស្ត្រអេស៊ីលីដា ក្លាយជាសាកលវិទ្យាល័យ
15, Feb 2024 , 9:22 am        
រូបភាព
ប្រមុខរដ្ឋាភិបាលសម្តេច ហ៊ុន ម៉ាណែត បានទទួលស្គាល់ការប្រែក្លាយវិទ្យាស្ថានពាណិជ្ជសាស្ត្រ អេស៊ីលីដា ទៅជាសាកលវិទ្យាល័យពាណិជ្ជសាស្ត្រ អេស៊ីលីដា ស្ថិតនៅក្រោមឱវាទរបស់ក្រសួងអប់រំ យុវជន និងកីឡា។
 
អនុក្រឹត្យរបស់​សម្តេច ដែលចុះនៅថ្ងៃទី១២កុម្ភៈ បានបញ្ជាក់ថា សាកលវិទ្យាល័យនេះ នឹងបណ្ដុះបណ្ដាលធនធានមនុស្សលើកម្រិតបរិញ្ញាបត្ររង បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់។ ក្នុងនោះការសិក្សានៅសាកលវិទ្យាល័យពាណិជ្ជសាស្ត្រ អេស៊ីលីដា ក្នុងបរិញ្ញាបត្ររង គឺមានលើជំនាញហិរញ្ញវត្ថុ និងធនាគារ, ជំនាញគណនេយ្យ, ជំនាញធានារ៉ាប់រង, ជំនាញចលនូបត្ថម្ភ, ជំនាញគ្រប់គ្រងអាហរ័ណ-នីហរ័ណ, ជំនាញទីផ្សារ និងភាសាអង់គ្លេស។ 
 
សិក្សាលើកម្រិតបរិញ្ញាបត្រ រួមមានជំនាញហិរញ្ញវត្ថុ និងធនាគា, គណនេយ្យ, គ្រប់គ្រងហានិភ័យ និងធានារ៉ាប់រង, សេដ្ឋកិច្ចពាណិជ្ជកម្ម, នីតិសាស្ត្រ  , គ្រប់គ្រងបណ្តាញផ្គត់ផ្គង់ និងចលនូបត្ថម្ភ, ពាណិជ្ជកម្មអន្តរជាតិ, ទីផ្សារ, គ្រប់គ្រងធុរកិច្ច និងសហគ្រាស, បច្ចេកវិទ្យាព័ត៌មានធុរកិច្ច, វិទ្យាសាស្ត្រ និងវិស្វកម្មកុំព្យូទ័រ, បច្ចេកវិទ្យាហិរញ្ញវត្ថុ, អង់គ្លេសសម្រាប់ទំនាក់ទំនងធុរកិច្ច , ជំនាញការបង្រៀនភាសាអង់គ្លេស និងជំនាញភាសាអង់គ្លេសសម្រាប់បំណិនបកប្រែ។
 
ចំពោះការសិក្សាបរិញ្ញាបត្រជាន់ខ្ពស់ នៅសាកលវិទ្យាល័យពាណិជ្ជសាស្ត្រ អេស៊ីលីដា គឺមានលើ ជំនាញហិរញ្ញវត្ថុ និងធនាគារ , ជំនាញហិរញ្ញវត្ថុ និងជំនាញគ្រប់គ្រង។
 
បើតាមសាកលវិទ្យាល័យពាណិជ្ជសាស្ត្រ អេស៊ីលីដា តាមរយៈបទពិសោធន៍នៅក្នុងវិស័យធនាគារ និងហិរញ្ញវត្ថុ ជាង៣០ឆ្នាំមកនេះ ជាមួយនឹងបទពិសោធន៍នៃការធ្វើធុរកិច្ចប្រកប​ដោយ​គុណភាពឈានមុខ ក្នុងយុគសម័យឌីជីថល របស់ធនាគារ អេស៊ីលីដា នឹងត្រូវចែករំលែកទៅក្នុងថ្នាលបណ្តុះបណ្តាលសម្រាប់សិស្ស និស្សិត ធុរកិច្ចជន ឱ្យទទួលបាននូវចំណេះដឹង ជំនាញ និងបណ្តាញទំនាក់ទំនងអាជីវកម្មសម្របតាមតម្រូវការទីផ្សារការងារ និងធុរកិច្ច ដើម្បីលើកកម្ពស់ទស្សនវិស័យ អាជីពការងាររបស់សិស្ស និស្សិត និងមានសក្ដានុពល​ការងារខ្ពស់បន្ទាប់ពីបញ្ចប់ការសិក្សា ព្រមទាំងភាពជាសហគ្រិនរបស់លោកអ្នក៕

(អត្ថបទពាណិជ្ជកម្ម)

© រក្សាសិទ្ធិដោយ thmeythmey.com