ជាតិ
សង្គមជាតិ
កម្ពុជាទទួលបានកូនផ្សោតទី២ នាថ្ងៃក្តីស្រឡាញ់!
15, Feb 2024 , 12:59 pm        
រូបភាព
ក្រុមអ្នកស្រាវជ្រាវនៃ រដ្ឋបាលជលផល និងអង្គការWWF រកឃើញកូនផ្សោតទើបកើតមួយក្បាល ហែលក្នុងហ្វូងផ្សោតពេញវ័យចំនួន៧ក្បាលទៀត នៅក្នុងអន្លង់កាំពី នាខេត្តក្រចេះ នៅថ្ងៃទី១៤ ខែកុម្ភៈ។ នេះជាកូនផ្សោតទី២ហើយដែលកម្ពុជាទទួលបាននៅដើមឆ្នាំ២០២៤។  បើតាមការចុះផ្សាយរបស់WWF។

 
«ស្វាគមន៍កូនផ្សោតទី២ ក្នុងឆ្នាំ២០២៤ មកក្នុងហ្វូងផ្សោតទន្លេមេគង្គ ដែលកើតចំថ្ងៃនៃក្តីស្រឡាញ់តែម្តង!»។  អង្គការWWF បានសរសេរនៅក្នុងសេចក្តីប្រកាសព័ត៌មានរបស់ខ្លួនបែបនេះនៅថ្ងៃទី១៤កុម្ភៈ ដោយបានរំលឹក​ថា កូនផ្សោតទី១ក្នុងឆ្នាំនេះ គឺបានប្រទះឃើញ​នៅថ្ងៃទី១១កុម្ភៈ។ 
 
សត្វផ្សោតទន្លេមេគង្គ ត្រូវបានចាត់ទុកជារតនសម្បត្តិជាតិមានជីវិតរបស់កម្ពុជា ខណៈបច្ចុប្បន្នសត្វដ៏មានតម្លៃនេះស្ថិតនៅក្នុងបញ្ជីក្រហមរបស់អង្គការIUCN ជាប្រភេទសត្វរងគ្រោះថ្នាក់ជិតផុតពូជបំផុត ចាប់តាំងពីឆ្នាំ២០០៤មក។  ហេតុដូច្នេះគ្រប់ភាគីពាក់ព័ន្ធត្រូវពួតដៃរួមគ្នាការពារសត្វ​ផ្សោត​ទន្លេ​មេគង្គ និងលំហូរសេរីនៃទន្លេមេគង្គដែលទីជម្រករបស់ពួកវា ដើម្បីរក្សាធនធានដ៏មានតម្លៃឥតគណនាសម្រាប់កូនចៅជំនាន់ក្រោយៗទៀត។ 
 
តាម​ការ​ប៉ាន់​ស្មាន​សត្វ​ផ្សោត​នៅកម្ពុជាមានប្រមាណ​៩០​ក្បាល​ ដែល​កំពុង​រស់នៅ​តាម​បណ្តោយ​អន្លង់ធំៗ​ប្រវែង​១៨០​គីឡូម៉ែត្រនៃ​ទន្លេមេគង្គស្ថិត​ក្នុង​ខេត្ត​ស្ទឹងត្រែង និង​ខេត្ត​ក្រចេះ៕ 
 

Tag:
 ផ្សោត
  បរិស្ថាន
© រក្សាសិទ្ធិដោយ thmeythmey.com