ជាតិ
សង្គមជាតិ
សម្តេច ហ៊ុន ម៉ាណែត៖ ផែន​ការគ្រប់វិស័យសរសេរ​ដោយកូនខ្មែរ មន្ត្រីខ្មែរ គឺ​​លែងពឹង​ជំនាញ​ការបរទេសហើយ
15, Feb 2024 , 6:59 pm        
រូបភាព
ក្រុមនិស្សិតនាំគ្នាថតសែលហ្វីជាមួយសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត
ក្រុមនិស្សិតនាំគ្នាថតសែលហ្វីជាមួយសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត
ដោយ: រួបរួម
«ចំណេះដឹងជាអំណាច»។ នេះជាការ​លើកឡើង​របស់សម្តេច ហ៊ុន ម៉ាណែត នាពិធីសម្ពោធអគារសាកលវិទ្យាល័យជាតិគ្រប់គ្រង​សាខាវាលស្បូវ និងការប្រគល់សញ្ញាបត្រជូននិស្សិតជាង​៥០០០នាក់ កាលពីព្រឹកថ្ងៃទី​១៥ ខែកុម្ភៈ។ ប្រមុខ​រដ្ឋាភិបាល​បាន​បញ្ជាក់ថា ដោយសារពលរដ្ឋពោរពេញដោយ​ចំណេះដឹង​បែបនេះហើយ ទើប​កម្ពុជា​លែងពឹងពាក់ជំនួយ​ការបរទេស​សម្រាប់​ការ​សរសេរផែន​ការ​។

 
សម្តេច ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា៖ «យើងមាន​ចំណេះដឹង យើងអាច​មាន​លទ្ធភាព​រៀបចំ​ផែន​ការ​ដើរដោយខ្លួនឯង ​ធ្វើ​ខ្លួន​ឯង​ច្រើន និង​បង្កើន​នូវ​ទំនុក​ចិត្ត​លើ​ខ្លួន​ឯង»។ សម្រាប់សម្តេចនាយករដ្ឋមន្ត្រី ភាព​ប្រកួត​ប្រជែង និងជម្រើស​គឺផ្អែក​លើ​សមត្ថភាព​បុគ្គល ហើយ​ធនធាន​មនុស្សទាំងនេះ គឺជាតួអង្គ​ដ៏សំខាន់​ក្នុងការជំរុញ​សេដ្ឋកិច្ចជាតិ ដោយ​រាប់តាំងពី​ថ្នាក់​ដឹកនាំជាតិ ដល់ក្រោមជាតិ ព្រមទាំងពលរដ្ឋនៅគ្រប់​វិស័យ។
 
សម្តេចទទួល​ស្គាល់ថា ការប្រកួត​ប្រជែង​របស់​កម្ពុជានៅមិនទាន់​ដល់​ប្រទេសជិតខាងដែលគ្មានសង្គ្រាមនោះឡើយ ប៉ុន្តែ​គម្លាត​កាន់​តែ​ឃ្លាតតិច។ «បើមន្ត្រី​របស់យើងមិនមានអ្នកចេះច្បាប់ មិនមានអ្នក​ចេះ​សេដ្ឋកិច្ច  ជាក្រុមមួយសម្រាប់ចរចា តើយើងអាច​ចរចាឈ្នះគេទេ?»។ សម្តេច​បាន​លើកឡើង​យ៉ាងដូច្នេះ ដោយ​ប្រៀបធៀបទិដ្ឋភាពកាលពីអំឡុងទសវត្សរ៍​ឆ្នាំ៩០ ដែល​គ្រប់​ក្រសួង​ស្ថាប័នទាំងអស់ តែងតែពឹងអ្នក​ជំនាញបរទេសជាពិសេសពី IMF (មូលនិធិរូបិយវត្ថុអន្តរជាតិ), World Bank (ធនាគារពិភពលោក) ក្នុង​ការ​សរសេរផែនការ។
 
នៅចំពោះមុខ​និស្សិត​ជាង​៥០០០នាក់ សម្តេច ហ៊ុន ម៉ាណែត បានអះអាងថា៖ «ឥឡូវ​រាល់ផែនការ​របស់យើង គឺកូនខ្មែរ មន្ត្រីខ្មែរអ្នកធ្វើ តាំងពី​ថ្នាក់ជាតិ​ដល់ក្រោមជាតិ អ្នកណា​ថា កម្ពុជាងពឹងលើប្រទេសនេះ ពឹងលើ​ប្រទេសនោះ ទៅមើលទៅ»។ សម្តេចបាន​លើកឡើងពី​សមត្ថភាព​របស់​បញ្ញវន្ត​ខ្មែរ​លើ​ការគ្រប់គ្រង​រៀបចំផែនការដឹកនាំ ការ​ដឹកនាំការអនុវត្ត​ផែន​ការគ្រប់​វិស័យ ហើយ​ធន​ធានភាគច្រើន​គឺទទួលបានការបណ្តុះបណ្តាល​ក្នុងប្រទេសនា​រយៈពេល​ប្រមាណ​៤០​ឆ្នាំចុងក្រោយនេះ៕
 

© រក្សាសិទ្ធិដោយ thmeythmey.com