ជាតិ
«ចាក់អង្រែក្រោម-ព្រែកប្រា» នឹងក្លាយជាស្ពានឆ្លងកាត់ទន្លេទី៨ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ
19, Feb 2024 , 8:38 am        
រូបភាព
លោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន។
លោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន។
ប្រមុខរដ្ឋាភិបាលកម្ពុជា និងឯកអគ្គរដ្ឋទូតចិន នាព្រឹកថ្ងៃចន្ទ ទី១៩ ខែកុម្ភៈ នេះ ធ្វើជាអធិតីភាពក្នុងពិធីបើកការដ្ឋានសាងសង់ស្ពានឆ្លងកាត់ទន្លេបាសាក់ «ចាក់អង្រែក្រោម-ព្រែកប្រា» ដែលជាស្ពានឆ្លងកាត់ទន្លេទី៨ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ។



ស្ពាន «ចាក់អង្រែក្រោម-ព្រែកប្រា» ជាគម្រោងសាងសង់ស្ពានឆ្លងទន្លេលើកដំបូងសម្រាប់រដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត។ បើតាមរបាយការណ៍ដែលបង្ហាញដោយរដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន លោក ប៉េង ពោធិ៍នា គម្រោងនេះ ជាប្រភេទស្ពានបេតុងភ្លោះ ប្រវែង ៨៤៥,៧ម៉ែត្រ ដោយមានចំណុចចាប់ផ្តើមពីត្រើយខាងលិចទន្លេបាសាក់ ស្ថិតក្នុងសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ និងចំណុចបញ្ចប់នៅត្រើយខាងកើតទន្លេបាសាក់ ស្ថិតក្នុងសង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ។

ផ្លូវតភ្ជាប់ក្បាលស្ពាន នឹងត្រូវស្ថាបនាទៅតាមលក្ខណៈបច្ចេកទេស ហើយគម្រោងក៏រួមបញ្ចូលការស្ថាបនារង្វង់មូលចំនួន ២កន្លែង នៅសងខាងក្បាលស្ពាន និងផ្លូវអមស្ពានទាំងសងខាងផងដែរ។ រដ្ឋមន្ត្រីក្រសួងសាធារណការ បញ្ចាក់ថា គម្រោងដែលអនុវត្ដការសាងសង់ដោយក្រុមហ៊ុនសំណង់សៀងហៃ និងត្រួតពិនិត្យបច្ចេកទេសដោយក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេសក្វាងចូវវ៉ានអាន ប្រើប្រាស់រយៈពេលសាងសង់ចំនួន ៤២ខែ នឹងបញ្ចប់នៅក្នុងអំឡុងឆ្នាំ២០២៧។

លោក ប៉េង ពោធិ៍នា បានបន្ថែមថា ការសាងសង់នេះ គ្រោងចំណាយថវិកាសរុបប្រមាណ ៦០,២លានដុល្លារអាម៉េរិក ដែលជាឥណទានសម្បទានពីរដ្ឋាភិបាលចិន រួមជាមួយនឹងថវិកាបដិភាគរបស់រដ្ឋាភិបាលកម្ពុជា។ ​

«ស្ពានឆ្លងកាត់ទន្លេបាសាក់ «ចាក់អង្រែក្រោម-ព្រែកប្រា» គឺជាគម្រោងយុទ្ធសាស្រ្តមួយយ៉ាងសំខាន់សម្រាប់តភ្ជាប់ និងសម្រួលការធ្វើដំណើររបស់ប្រជាពលរដ្ឋ។ ជាពិសេស កាត់បន្ថយការកកស្ទះចរាចរណ៍នៅលើស្ពានព្រះមុនីវង្ស។

បច្ចុប្បន្ន ស្ពានឆ្លងកាត់ទន្លេក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ កំពុងដំណើរការ មានចំនួន៧រួចហើយ ដែលរួមមាន ស្ពានមិត្តភាពកម្ពុជា-ជប៉ុន ជ្រោយចង្វារ,ស្ពានមិត្តភាពកម្ពុជា-ចិន ជ្រោយចង្វារ, ស្ពានព្រះមុនីវង្សច្បារអំពៅ (ទី១), ស្ពានព្រះមុនីវង្សច្បារអំពៅ (ទី២), ស្ពានបេតុងខ្សែកាប្លិ៍ ឆ្លងទន្លេសាប ប្ញស្សីកែវ, ស្ពានបេតុងខ្សែកាប្លិ៍ តភ្ជាប់តំបន់អភិវឌ្ឍន៍កោះនរា និងតំបន់អភិវឌ្ឍន៍កោះពេជ្រ និង ស្ពានព្រែកព្នៅ៕

 


© រក្សាសិទ្ធិដោយ thmeythmey.com