ជាតិ
សម្ដេច ហ៊ុន ម៉ាណែត ៖ ជនជាតិចិន ដែលថតវីដេអូចាប់ជំរិត ដើម្បីបានល្បីហើយ លក់ផលិតផលអនឡាញ
19, Feb 2024 , 9:55 am        
រូបភាព
ជនជាតិចិនតៃវ៉ាន់២នាក់ ដែលបានថតវីដេអូសម្ដែងចាប់ជំរិត ដើម្បីបង្ហោះលើបណ្ដាញសង្គម TikTok ទាក់ទាញអ្នកចូលទស្សនាឱ្យបានច្រើនហើយ នឹងយកឱកាសនោះ លក់ផលិតផលអនឡាញ។ នេះបើតាមសម្ដេច ហ៊ុន ម៉ាណែត ដែលបានថ្លែងនៅក្នុងពិធីបើកការដ្ឋានសាងសង់ស្ពានឆ្លងកាត់ទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា) ប្រវែង ៨៤៥,៧០ ម៉ែត្រ និង ផ្លូវតភ្ជាប់ប្រវែងសរុប ៨០៤,៣០ម៉ែត្រ នៅថ្ងៃទី១៩ កុម្ភៈ។



សម្ដេច ហ៊ុន ម៉ាណែត បានបន្ថែមថា ជនជាតិចិនតៃវ៉ាន់ទាំង២រូបនេះ បានថតរូបវីដេអូសម្ដែងចាប់ជំរិតនេះហើយ ផ្ញើឱ្យទៅប្រពន្ធខ្លួននៅតៃវ៉ាន់ បង្ហោះវីដេអូ ដើម្បីទទួលបានការចូលទស្សនាច្រើន និងឱ្យគេស្គាល់គណនីTikTok ។ សម្ដេច ហ៊ុន ម៉ាណែត បានបន្ថែមថា ក្រោយគេស្គាល់ គណនីTikTokនោះច្រើន ហើយពួកគេនឹងឆ្លៀតឱកាសលក់ផលិតផលតាម​អនឡាញ។ នេះបើតាមសម្ដេច ហ៊ុន ម៉ាណែត ដែលទទួលបានចម្លើយសារភាពពីជនជាតិចិនតៃវ៉ាន់២នាក់។
 
សម្រាប់សកម្មភាពនេះ ប្រមុខរដ្ឋាភិបាល ចាត់ទុកជាទង្វើបំផ្លាញមុខមាត់កម្ពុជា ដើម្បីផលប្រយោជន៍ខ្លួនឯង។ «សូមព្រមានអ្នកដទៃផ្សេងទៀត ដែលយកប្រទេសកម្ពុជា ជាកន្លែងថតសម្ដែងចាប់ជំរិត ដើម្បីទទួលបានអ្នកទស្សនាច្រើន គឺត្រូវអនុវត្តទោសជាប់គុក២ឆ្នាំហើយ បណ្ដេញចេញពីប្រទេសកម្ពុជា លែងឱ្យចូលកម្ពុជាមួយជីវិត»។ នេះជាការបញ្ជាក់របស់សម្ដេច ហ៊ុន ម៉ាណែត ។
 
ករណីចាប់ជនជាតិចិនតៃវ៉ាន់នេះ ក៏មានការអន្តរាគមន៍ឱ្យដោះលែងវិញដែរ ក្រោមហេតុផលថា ម្ដាយរបស់ពួកគេចាស់ជរា ហើយកំពុងសម្រាកព្យាបាលជំងឺ ដែលត្រូវការពួកគេមើល​ថែរក្សា។ ដ្បិតមានការអន្តរាគមន៍បែបនេះក្តី តែសម្ដេច មិនលើកលែងឡើយ។
 
កន្លងមក ក៏ធ្លាប់មានករណីជនបរទេស ថតវីដេអូបូមឈាមលក់ ក្រោមរូបភាពថា ជា«ទាសករឈាម»ផងដែរ។ ក្រោយពេលអាជ្ញាធរ ស៊ើបអង្កេតលើករណីនេះហើយ ទើបរកឃើញថា បុគ្គលថតវីដេអូនេះ មានជំងឺឈាមស ស៊ីឈាមក្រហម ហើយមិនមានប្រាក់ព្យាបាលជំងឺ ទើបថតវីដេអូសម្ដែង យកទៅបង្ហោះលើបណ្ដាញសង្គម ដើម្បីរកចំណូល និងជំនួយមនុស្សធម៌។ ចំណែកករណីមួយទៀត ជនឆបោក បានថតវីដេអូជួញដូរក្រលៀន ដើម្បីបំផុសរូបភាពអាក្រក់នៅកម្ពុជា​ ។ ករណីនេះ ក៏មានការចូលរួមគប់គិតពីក្រុមគ្រូពេទ្យទៀតផង។ នេះបើតាមប្រមុខរដ្ឋាភិបាល។
 
នាយករដ្ឋមន្រ្តីកម្ពុជា បញ្ជាឱ្យអាជ្ញាធរអនុវត្តច្បាប់តឹងរឹង លើជនបរទេសណា ដែលយកប្រទេសកម្ពុជា ថតសម្ដែងវីដេអូចាប់ជំរិត និងបទឧក្រិដ្ឋផ្សេងៗ ដែលគ្មានការអនុញ្ញាត៕
 

Tag:
 ហ៊ុន ម៉ាណែត
  ចាប់ជំរិត
  ចិន
© រក្សាសិទ្ធិដោយ thmeythmey.com