កីឡាជាតិ
ជាតិ
លោក សេរីពិសិទ្ធិ ដាស់តឿនកីឡាករកុំមានអំនួត តែត្រូវប្រិតប្រៀង
19, Feb 2024 , 1:30 pm        
រូបភាព
លោក អាំង សេរីពិសិទ្ធ អគ្គលេខាធិការសហព័ន្ធបាល់ទះកម្ពុជា ក្រើនរំឮកកីឡាករកម្ពុជា កុំឱ្យមានភាពអំនួតខ្លាំងហួសហេតុនាពេលប្រកួត ប៉ុន្តែត្រូវប្រិតប្រៀងសមត្ថភាពឱ្យខ្លាំងក្នុងការដណ្តើមជ័យជម្នះ ព្រមទាំងរក្សាសេចក្តីថ្លៃថ្នូក្នុងនាមជាកីឡាករអាជីព។ លោក សេរីពិសិទ្ធ  លើកឡើងដូច្នេះក្នុងពិធីបិទបញ្ចប់ការប្រកួតលីគបាល់ទះ«តេជោលីគ» រដូវកាលទីមួយ បន្ទាប់ពីសមាគមបាល់ទះវិសាខា ចាញ់ញ្ជាការដ្ឋានអង្គរក្សក្នុងលទ្ធផល ៣-១សិត។



សមាគមបាល់ទះវិសាខា ធ្លាប់ឈ្នះបញ្ជាការដ្ឋានអង្គរក្ស ២លើកនៅវគ្គសន្សំពិន្ទុទាំងពីរជុំ តែបែរភ្លាត់ស្នៀតនៅការប្រកួតវគ្គផ្តាច់ព្រ័ត្រនៅចំពោះមុខអ្នកគាំទ្រកម្ពុជារាប់ពាន់នាក់នៅសាលពហុកីឡដ្ឋានជាតិអូឡាំពិក នៅយប់ថ្ងៃទី១៨ ខែកុម្ភៈ។ បរាជ័យនេះ បានក្លាយជាឧទាហរណ៍មួយ ដែល លោក សេរីពិសិទ្ធ លើកឡើងយកមកវែកញែក។
 
«យើងឃើញថាកម្រិតរបស់យើងមកដល់ពេលនេះ ក្នុងថ្នាក់តំបន់១១ប្រទេសអាស៊ីអាគ្នេយ៍ យើងអាចលេងបានទាំងអស់ និងថែមទាំងក្រុមតំបន់អាស៊ីមួយចំនួនផង។ ប៉ុន្តែទន្ទឹមនឹងនោះ ក៏យើងមិនអាចភ្លេចខ្លួនបានដែរ ​​​[…] ជាក់ស្តែងយើងមើលការប្រកួតតេជោលីគរដូវកាលទីមួយ វិសាខា ជាក្រុមខ្លាំងមួយដែលធ្វើបានល្អបំផុតតាំងពីចាប់ផ្តើម តែរបូតឱកាសនៅវេលាចុងក្រោយ។»។ លោក សេរីពិសិទ្ធបានលើកឡើងបែបនេះ។
  


ទោះជួបគ្នា ២លើក កន្លងមកតាំងពីជុំទីមួយ និងជុំទីពីរ ហើយតែងត្រូវបានក្រុមជើងខ្លាំងវិសាខា យកឈ្នះពីរលើកផ្តួនៗ ប៉ុន្តែឡើងមកកាន់វគ្គផ្តាច់ព្រ័ត្រ បញ្ជាការដ្ឋានអង្គរក្សបង្កើតភាពភ្ញាក់ផ្អើល ដោយផ្តួលវិសាខាដើម្បីក្លាយជាក្រុមម្ចាស់ពានរង្វាន់តេជោលីគ​រដូវកាលទីមួយ។
 
នៅត្រង់ចំណុចនេះ លោក អគ្គលេខាធិការបាល់ទះបានបន្តថា៖«នេះជាសារមួយ ក៏ដូចជាការទះកំផ្លៀងទៅកាន់អត្តពលិកទាំងអស់ សូមកុំមានអំនួត ប៉ុន្តែត្រូវគិតថាខ្លួនជាក្រុមលេខ២ ដរាបណា គិតថាខ្លួនលេខ១ គឺនឹងមានថ្ងៃបរាជ័យ។ ប៉ុន្តែប្រសិនបើយើងគិតថាយើងជាក្រុមលេខ ២ នោះ យើងនឹងប្រឹងប្រែងហ្វឹកហាត់ ហើយប្រយ័ត្នប្រយែងខ្លាំងបំផុតក្នុងនាមជាក្លិបមួយដែលមានបងប្អូនជនរួមជាតិយ៉ាងច្រើន ព្រោះថាយើងនៅកាន់តែខ្ពស់និងនៅកាន់តែប្រិតប្រៀងសមត្ថភាពកាន់តាំងខ្លាំង ក្របសីលធម៌ វិន័យ និងការហ្វឹកហាត់ ព្រមតាំងការរក្សាសេចក្តីថ្លៃថ្នូ។»។
  


អង្គរក្សធ្វើបានល្អដោយយកឈ្នះសិតទីមួយយកឈ្នះ ដោយលទ្ធផលពិន្ទុនាំមុខ ២៥-១៩ ដែលជាហេតុផលផ្តល់ឱកាសសន្សំកម្លាំងដល់បញ្ជាការដ្ឋានអង្គរក្សបន្តយកឈ្នះនៅសិតទី២ លទ្ធផលពិន្ទុ ២៥-២០។ ទោះត្រូវបាននាំមុខ សិតទល់ ០ ប៉ុន្តែវិសាខា បានព្យាយាមតាមវាយបកយកជ័យជម្នះ ១សិត ត្រឡប់មកវិញ នៅសិតទី៣ ដោយពិន្ទុ ២៥-២១។ 
 
មិនបណ្តោយឱកាស អង្គរក្ស បន្តធ្វើបានល្អឡើងវិញនៅការប្រកួតសិតទីបួន ដែលជាសិតកាត់សេចក្តី ដោយពួកគេអាចផ្តួលជើងខ្លាំងវិសាខា លទ្ធផលពិន្ទុ ២៥-១៩ ដើម្បីគ្រង់ជើងឯកពានរង្វាន់តេជោលីគ រដូវកាលទីមួយ។ បញ្ជាការដ្ឋានអង្គរក្ស មានប្រៀបខ្លាំង ខណៈពេលក្រុមមានកីឡាករ សញ្ជាតិឥណ្ឌូណេស៊ី ជួយពង្រឹងក្រុមដោយរួមមានកីឡាករ Doni Haryono, Luvi Dan, Dio Zulfikri ព្រមទាំងគ្រូបង្វឹកលោក Indra Wahyudi H ដែលសុទ្ធសឹងមានបទពិសោធន៍ឆ្លងកាត់ការប្រកួតវគ្គផ្តាច់ព្រ័ត្រ និងឈ្នះពាននាពេលកន្លងមក។
ដោយឡែក ស្នងការដ្ឋានរាជធានីភ្នំពេញ ប្រជែងឈ្នះលើក្រុមខ្លាំងក្រសួងមហាផ្ទៃ ដណ្តើមបានចំណាត់ថ្នាក់លេខ ៣ ដោយវាយបកយកឈ្នះលទ្ធផល ៣ សិតទល់ ២។ 
  


ដំបូងឡើយក្រសួងមហាផ្ទៃមានប្រៀបនាំមុខខ្លាំងដល់ទី ២សិត រួចទៅហើយដោយលទ្ធផលប្រទាញប្រទង់ ២៨-២៦, ២៦-២៤ តែយ៉ាងណាក្រុមកីឡាករយុវជនវ័យក្មេងស្នងការដ្ឋានរាជធានី មិនបោះបង់ការខិតខំ រហូតអាចវាយបកឈ្នះឡើងវិញលើក្រុមរៀមច្បងក្នុងលទ្ធផល ២៥-២០, ២៥-១៦ និង ១៧-១៥ ដើម្បីគ្រងតំណែងជាក្រុមលេខ ៣ នៅក្នុងការប្រកួត។
 
អង្គរក្សបញ្ចប់ចំណាត់ថ្នាក់លេខ ១ ទទួលបានប្រាក់រង្វាន់សរុប ៦០លានរៀល ខណៈដែលក្រុមលេខ ២ ដល់លេខ ៤ ទទួលបានប្រាក់រង្វាន់ ១០លានរៀលស្មើៗគ្នា៕



Tag:
 បាល់ទះ
  តេជោលីគ
© រក្សាសិទ្ធិដោយ thmeythmey.com