ច្បាប់ / សិទិ្ធមនុស្ស / តុលាការ
ជាតិ
បាត់ខ្លួនដោយបង្ខំ៖ សង្គមស៊ីវិលថា UN អាចលើកយកករណីបាត់ខ្លួនលោក វ៉ាន់ឆាឡឺម មកសួរកម្ពុជា
19, Feb 2024 , 2:40 pm        
រូបភាព
លោក Wanchalearm Satsaksit សកម្មជន​នយោបាយ​ថៃ ប្រឆាំង​របប​ដឹកនាំ​របស់លោក ប្រា​យុទ្ធ ចាន់​អូ​ចារ នាយករដ្ឋមន្ត្រី​ថៃ ត្រូវបាន​មនុស្ស​មួយក្រុម​ចាប់ខ្លួន កាលពី​ថ្ងៃទី​៤ មិថុនា ឆ្នាំ២០២០។
លោក Wanchalearm Satsaksit សកម្មជន​នយោបាយ​ថៃ ប្រឆាំង​របប​ដឹកនាំ​របស់លោក ប្រា​យុទ្ធ ចាន់​អូ​ចារ នាយករដ្ឋមន្ត្រី​ថៃ ត្រូវបាន​មនុស្ស​មួយក្រុម​ចាប់ខ្លួន កាលពី​ថ្ងៃទី​៤ មិថុនា ឆ្នាំ២០២០។
ភ្នំពេញ៖ លោក កែវ សុទ្ធិ ​អនុប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ដឹកនាំក្រុមការងារចូលរួមកិច្ចប្រជុំពិនិត្យរបាយការណ៍លើកដំបូង ស្ដីពីការអនុសញ្ញាសអន្តរជាតិស្ដីពីការការ​ពារជនគ្រប់រូបពីការបាត់ខ្លួនដោយបង្ខំ នៅថ្ងៃទី១៩-២០កុម្ភៈ នៅទីក្រុងហ្ស៊ីណែវ ប្រទេសស្វ៊ីស។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់ គណៈកម្មាធិការសិទ្ធិមនិស្សកម្ពុជា (CHRC) ចេញថ្ងៃទី១៧ កុម្ភៈ។

 
គណៈកម្មាធិការបាត់ខ្លួនដោយបង្ខំ នៃអង្គការសហប្រជាជាតិ(UN Committee on Enforced Disappearances) បើកសម័យប្រជុំលើកទី២៦ ដើម្បី​ពិនិត្យ​ករណី​បាត់​ខ្លួន​នៅ​​កម្ពុជា និងប្រទេសពីរទៀត គឺបូគីណា ហ្វាសូ (Burkina Faso) និង​​ហុងឌុយរ៉ាស់ (Honduras) ពីថ្ងៃទី១៩ កុម្ភៈ ដល់១ មីនា ឆ្នាំ២០២៤។
 
មកដល់ពេលនេះ មិនទាន់មានរបាយការណ៍លម្អិតបង្ហាញពីកិច្ចប្រជុំខាងលើឡើយ។ យ៉ាងណាក៏ដោយ លោក អំ សំអាត នាយក​ទទួល​បន្ទុក​កិច្ច​ការ​ទូទៅ​នៃ​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ​ បានថ្លែងប្រាប់សារព័ត៌មានថ្មីៗតាមទូរសព្ទថា ជាទូទៅកិច្ចប្រជុំនេះ គណៈកម្មាធិការបាត់ខ្លួនដោយបង្ខំនៃអង្គការសហប្រជាជាតិ នឹងលើកយកករណីបាត់ខ្លួនដោយបង្ខំ តាមប្រទេសនីមួយៗដែលជារដ្ឋភាគីនៃអនុសញ្ញានេះ មកសួរដេញដោលគ្នា។ 
 
សម្រាប់ករណីនេះ លោក សំអាត គិតថាគណៈកម្មាធិការបាត់ខ្លួនដោយបង្ខំ ទំនងជាលើកយកករណីបាត់ខ្លួន លោក វ៉ាន់ឆាឡឺម សាតស័ក្តិសិទ្ធ(Wanchalearm Satsaksit ) ដែលជាសកម្មជនថៃ មកសាកសួរប្រតិភូកម្ពុជា។ បើតាមលោក សំអាត កន្លងមកគណៈកម្មាធិការនេះ ធ្លាប់បានទទូចឱ្យកម្ពុជាផ្ដល់ព័ត៌មានលម្អិត និងស្រាវជ្រាវពីករណីលោក វ៉ាន់ឆាឡឺម ​ដែរ។ 
 
«អ្វីដែលខ្ញុំបារម្ភ គណៈកម្មាធិការបាត់ខ្លួនដោយបង្ខំនៃអង្គការសហប្រជាជាតិ អាចនឹងលើកពីករណីបាត់ខ្លួនរបស់ វ៉ាន់ឆាឡឺន មកជជែកជាមួយកម្ពុជា ព្រោះថារដ្ឋជាភាគីណាមួយនៃអនុសញ្ញា ត្រូវបង្ហាញរបាយការណ៍ស្រាវជ្រាវ ឬវឌ្ឍនភាពនៃសំណុំរឿងនេះ ដោយសារកន្លងមកក្រុមគ្រួសារជនរងគ្រោះ បានស្នើសុំកិច្ចអន្តរាគមន៍»។ ​លោក អំ សំអាត ប្រាប់សារព័ត៌មានថ្មីៗបន្ថែមដូច្នេះ។
សេចក្ដីប្រកាសព័ត៌មានរបស់គណៈកម្មាធិការសិទ្ធិមនិស្សកម្ពុជា បានអះអាងថា ភាគីកម្ពុជាមានឆន្ទៈមុតមាំ ក្នុងការលើកកម្ពស់សិទ្ធិមនុស្ស តាមរយៈការផ្ដល់សច្ចាប័ន និងការចូលជាសមាជិកកតិកាសញ្ញា និងអនុសញ្ញាសិទ្ធិមនុស្សអន្តរជាតិ។ ជាពិសេសចូលជាសមាជិកនៃអនុសញ្ញាអន្តរជាតិ ស្ដីពីការការពារជនគ្រប់រូបពីការបាត់ខ្លួនដោយបង្ខំ នៅឆ្នាំ២០១៣។ 
 
គណៈកម្មាធិការសិទ្ធិមនិស្សកម្ពុជា សង្កត់ធ្ងន់ថា៖ «ក្នុងនាមជារដ្ឋភាគីនៃអនុសញ្ញាអន្តរជាតិស្ដីពីការការពារជនគ្រប់រូបពីការបាត់ខ្លួនដោយបង្ខំ កម្ពុជាមានកាតព្វកិច្ចសរសេររបាយការណ៍ ដាក់ជូនគណៈកម្មាធិការស្ដីពីការបាត់ខ្លួនដោយបង្ខំ…»។ 
 
លោក វ៉ាន់ឆាឡឺម​ ​ដែលត្រូវគេស្គាល់ថា ជា​សកម្មជនប្រជាធិបតេយ្យ ​តែងតែ​រិះគន់​​រដ្ឋាភិបាល​ លោក ប្រាយុទ្ធ ចាន់​អូចា​។ ក្រោយរដ្ឋប្រហារនៅថៃ ឆ្នាំ​២០១៤​ លោក វ៉ាន់ឆាឡឺម បានគេចខ្លួនចេញក្រៅប្រទេស ដោយសារជាប់ពាក់ព័ន្ធរឿងក្ដីមួយចំនួន ដូចជាបទ​ល្មើស​ប្រមាថ​ព្រះ​មហាក្សត្រ ​និងបទ​ឧក្រិដ្ឋ​តាម​ប្រព័ន្ធ​កុំព្យូទ័រ​ជាដើម។ សាច់ញាតិនិងអ្នកគាំទ្រ វ៉ាន់ឆាឡឺម អះអាងថា សកម្មជនរូបនេះ បានបាត់ខ្លួនចុងក្រោយនៅកម្ពុជា កាលពីខែមិថុនា ឆ្នាំ២០២០៕ 

Tag:
 សិទ្ធិមនុស្ស
© រក្សាសិទ្ធិដោយ thmeythmey.com