ជាតិ
សាសនា / ធម៌
វត្តគល់ទទឹង រៀបចំប្រឡងបុណ្យមាឃបូជា ដើម្បីបញ្ជ្រាបខ្លឹមសាសនាដល់យុវជន
19, Feb 2024 , 3:20 pm        
រូបភាព
ភ្នំពេញ៖ វត្តនិគ្រោធវ័ន ហៅ វត្តគល់ទទឹង ទទួលបានជោគជ័យ ក្នុងការរៀបចំកម្មវិធីប្រឡងបុណ្យមាឃបូជា ដើម្បីបញ្ជ្រាបខ្លឹមព្រះពុទ្ធសាសនា ទៅដល់យុវជន ពិសេសសិស្សថ្នាក់វិទ្យាល័យ។




កាលពីថ្ងៃទី១៤ ខែកុម្ភៈ កន្លងទៅ វត្តនិគ្រោធវ័នគល់ទទឹង បានរៀបចំកម្មវិធីប្រឡងបុណ្យមាឃបូជា ក្នុងបរិវេណវត្តផ្ទាល់ ដោយមានសិស្សានុសិស្ស ថ្នាក់ទី១០,១១ និង១២ ចំនួន២០០នាក់ មកពីវិទ្យាល័យព្រែកថ្មី ចូលរួមប្រឡង។
 
ព្រះភិក្ខុ កង សុភ័ណ ព្រះលេខាវត្តនិគ្រោធវ័នគល់ទទឹង បានមានថេរដីកា ប្រាប់សារព័ត៌មានថ្មីៗថា ការប្រឡងលើកដំបូងនេះ ដើម្បីស្ទង់មើលចំណាប់អារម្មណ៍របស់យុវជន ចំពោះពិធីបុណ្យមាឃបូជា។ ជាលទ្ធផល វត្តទទួលបានជោគជ័យច្រើន ដោយសារតែបេក្ខភាពទាំងអស់ រីករាយក្នុងការប្រឡង ហើយភាគច្រើនពួកគេសរសេរចម្លើយ និងការយល់ឃើញរបស់ខ្លួន បានល្អប្រសើរ។
  
 ព្រះភិក្ខុ កង សុភ័ណ ព្រះលេខាវត្តនិគ្រោធវ័នគល់ទទឹង

ព្រះអង្គបានបន្ថែមថា ការប្រឡងនោះ មាន២ដំណាក់កាល។  ដំណាក់កាលទី១ វត្តបានផ្ដល់សំណួរ ដល់នាយកសាលា ដើម្បីចែកដល់សិស្ស ដែលចាប់អារម្មណ៍ប្រឡង សរសេររៀបរាប់ពីពិធីបុណ្យមាឃបូជា។​ ដំណាក់កាលទី១នេះ មានរយៈពេលក្នុងរង្វង់២សប្ដាហ៍ ដោយវត្តទុកពេលវេលាឱ្យសិស្សស្រាវជ្រាវ។ បើតាមព្រះអង្គ សុភ័ណ ក្នុងរង្វង់២សប្ដាហ៍នេះ វត្តក៏បានបញ្ជូនព្រះសង្ឃ ទៅក្នុងសាលា ដើម្បីធ្វើបទបង្ហាញខ្លះៗ ជុំវិញពីធីបុណ្យមាឃបូជា ដល់សិស្សផងដែរ។ បេក្ខជនដែលធ្វើបានល្អ ក្នុងវគ្គទី១នេះ ទទួលបានពិន្ទុ៥០ភាគរយ។
 
ដំណាក់កាលទី២ តម្រូវឱ្យសិស្សានុសិស្ស ទៅប្រឡងជុំគ្នាក្នុងទីតាំងវត្តតែម្ដង ដោយវិញ្ញាសាមានទាំងសំណួរបិទ និងសំណួរបើក។ សម្រាប់ការដាក់ពិន្ទុវិញ ផ្ដោតលើចម្លើយត្រឹមត្រូវ ប្រកបដោយការស្រាវជ្រាវ រួមទាំងអក្ខរាវិរុទ្ធ និងការសរសេរអក្សរស្អាតផងដែរ។
 
«អ្នកជាប់លេខ១ គាត់សរសេរអក្ខរាវិរុទ្ធបានត្រឹមត្រូវ ពិសេសឈ្មោះអគ្គសាវករបស់ព្រះពុទ្ធ។ សំណេរជារួមរបស់គាត់ មានខុសខ្លះដែរ ប៉ុន្តែខុសតិចតួច។ អ្នកខ្លះសរសេរឈ្មោះអគ្គសាវកអត់ត្រូវទេ អានដូចគ្នា ប៉ុន្តែខុសអក្ខរាវិរុទ្ធ។ បើនិយាយពីបេក្ខជនទូទៅ ដែលបានចូលរួមប្រឡង អក្ខរាវិរុទ្ធរបស់គាត់ត្រូវភាគច្រើន»។ នេះជាការបញ្ជាក់របស់ ព្រះភិក្ខុ សុភ័ណ។
  
សកម្មភាពលោកគ្រូ កំពុងចែកវិញ្ញាសាដល់សិស្ស Front សកម្មភាពសិស្សានុសិស្ស ដើម្បីប្រឡងបុណ្យមាឃបូជា ក្នុងទីធ្លាវត្តនិគ្រោធវ័ន គល់ទទឹង

ការប្រឡងសាកល្បងលើកទី១នេះ វត្តយកវិទ្យាល័យតែ១ប៉ុណ្ណោះ ក្នុងការជ្រើសរើសសិស្សមកប្រឡង។ ព្រះភិក្ខុអង្គនេះ បានបញ្ជាក់ពីមូលហេតុដែលជ្រើសរើសវិទ្យាល័យព្រែកថ្មី មកសាកល្បងដូច្នេះ៖«យើងយកតែ៣កម្រិតសិស្ស មានថ្នាក់ទី១០,១១និង១២ ដោយសារតែគាត់មានវ័យសមល្មម ដែលអាចមានចំណេះដឹងច្រើន អាចស្រាវជ្រាវបាន។ មូលហេតុដែលយើងជ្រើសយក វិទ្យាល័យព្រែកថ្មី ដោយសារតែកន្លងទៅ ពេលវត្តមានកម្មវិធីផ្សេងៗ យើងតែងតែពឹងសិស្សពីសាលានោះ ឱ្យមកជួយវត្ត។ ម្យ៉ាងនេះគឺជាការសាកល្បងប្រឡង លើកទី១ដែរ»។
 
ព្រះអង្គ កង សុភ័ណ អះអាងថា ការដាក់ពិន្ទុ និងត្រួតពិនិត្យអក្ខរាវិរុទ្ធ មានការចូលរួមពីព្រះសង្ឃ និងលោកគ្រូ អ្នកគ្រូ មកពីវិទ្យាល័យព្រែកថ្មីផ្ទាល់តែម្ដង។
 
សម្រាប់ឆ្នាំក្រោយវិញ វត្តពុំទាន់មានគម្រោងច្បាស់លាស់នៅឡើយ ថានឹងរៀបចំការប្រឡងនេះ បន្តទៀតឬយ៉ាងណា ដោយសារការប្រឡង ត្រូវការចំណាយច្រើន ដូច្នេះទាល់តែមានជំនួយពីសប្បុរសជន។ ព្រះលេខាវត្តនិគ្រោធវ័នគល់ទទឹង ព្រះភិក្ខុ កង សុភ័ណ មានថេរដីកា ៕ 

Tag:
 សាសនា
  បុណ្យ
  មាឃបូជា
  ប្រឡង
© រក្សាសិទ្ធិដោយ thmeythmey.com