កីឡាជាតិ
ជាតិ
គ្រូក្លិបអង្គរក្សថា ជ័យជម្នះលើវិសាខា ដោយសារបានសិក្សាពីកំហុស និងបរាជ័យ២លើកកន្លងមក
19, Feb 2024 , 4:39 pm        
រូបភាព
​លោក Indra Wahyudi H គ្រូបង្វឹកក្លិបបញ្ជាការដ្ឋានអង្គរក្ស ម្ចាស់ពានរង្វាន់លីគបាល់ទះ«តេជោលីគ» រដូវកាលទីមួយ បានប្រាប់សារព័ត៌មានថ្មីៗថា ក្រុមបានផ្តោតយកចិត្តទុកដាក់លើការប្រកួតកន្លងមក ទាំងឈ្នះ ទាំងចាញ់ និងបានដកស្រង់ស្ថិតិរាល់ការប្រកួតយកមកសិក្សា ដើម្បីបង្កើតជាយុទ្ធស្តាស្ត្រប្រកួតប្រជែងដល់វគ្គផ្តាច់ព្រ័ត្រ ហើយទទួលបានជ័យជម្នះ។



បញ្ជាការដ្ឋានអង្គរក្ស គ្រងជើងឯកលីគបាល់ទះកំពូលកម្ពុជា «តេជោលីគ» រដូវកាលទីមួយ បានបំបាក់ក្រុមជើងខ្លាំង សមាគមបាល់ទះវិសាខា លទ្ធផល ៣សិត ទល់១ (២៥-១៩, ២៥-២០, ២១-២៥ និង ២៥-១៩) នាសាលបាល់ទះពហុកីឡដ្ឋានជាតិអូឡាំពិក ថ្ងៃទី១៨ ខែកុម្ភៈ។
 
«ដូចដែលខ្ញុំធ្លាប់បានប្រាប់អ្នកពីពេលមុនមក ខ្ញុំផ្តោតតែលើក្រុមរបស់ខ្ញុំ និងយុទ្ធសាស្ត្ររបស់យើងតែមួយប៉ុណ្ណោះ ជាជាងក្រុមដទៃពេលនៅជុំទីមួយ។ ហើយជុំទីពីរ ខ្ញុំបានគិតខ្លះពីក្រុមនគរបាលភ្នំពេញ, ក្រសួងមហាផ្ទៃ ហើយខ្លាំងជាងនេះនោះគឺ វិសាខា។ មានយុទ្ធសាស្ត្រជាច្រើន ដែលយើងបានប្រើប្រាស់ ហើយប្រហែលពេលខ្លះយើងឈ្នះ ពេលខ្លះយើងចាញ់ ហើយយើងបានធ្វើជាគ្រោងការទិន្នន័យ និងបានសិក្សាពីវា។ ដូច្នេះទើបយើងអាចឡើងមកដល់វគ្គផ្តាច់ព្រ័ត្រ និងអាចឈ្នះ។»។ លោក Indra Wahyudi H បាននិយាយប្រាប់បែបនេះ។
  


ការប្រកួត ២ជុំ កន្លងមក បញ្ជាការដ្ឋានអង្គរក្ស មិនដែលយកឈ្នះលើវិសាខា ម្តងឡើយ ដោយកាលជុំទីមួយរងបរាជ័យ ក្នុងលទ្ធផលសិត ៣-២ និងនៅជុំទីពីរបរាជ័យលទ្ធផលសិត ៣-០។ ប៉ុន្តែការប៉ះគ្នាជាថ្មី នៅផ្តាច់ព្រ័ត្រនេះ ក្រុមអង្គរក្ស បានធ្វើឱ្យវិសាខាភ្ញាក់ផ្អើលពីសមត្ថភាពដ៏ខ្លាំង របស់ពួកគេ។
 
ត្រង់ចំណុចនេះ លោកបន្តថា៖«ខ្ញុំបានប្រាប់ទៅកាន់កីឡាករថា យើងគ្មានកីឡាករដែលលេងនៅក្នុងក្រុមជម្រើសជាតិឡើយ។ យើងគ្រាន់តែដាក់កីឡាករឥណ្ឌូណេស៊ី ៣រូប ចូលរួមក្នុងក្រុម។ វាមានភាពលំបាកខ្លាំង ក្នុងការធ្វើឱ្យក្រុមអាចលេងបានល្អ។ ខ្ញុំក៏បានលើកទឹកចិត្តដល់កីឡាករថា យើងនឹងអាចធ្វើបានមកកាន់វគ្គផ្តាច់ព្រ័ត្រ គឺជាការប្រកួតប្រជែងដ៏ពិតប្រាកដ​ ហើយការប្រកួតនៅកាលពីជុំទីពីរ គឺត្រឹមជាបទពិសោធន៍ប៉ុណ្ណោះ។»។
  


លោក Indra ធ្លាប់បានដឹកនាំក្រុមជម្រើសជាតិឥណ្ឌូណេស៊ី ប្រកួតឈ្នះមេដាយមាសព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ បុរសរូបនេះបានចាត់ទុកប្រទេសកម្ពុជា ជាផ្ទះទីពីរ ក្នុងនាមជាគ្រូបង្វឹកក្រុមអង្គរក្ស។ 
 
ក្រោយដឹកនាំក្រុមបញ្ជាការដ្ឋានកងអង្គរក្សបានជោគជ័យហើយ គ្រូបង្វឹករូបនេះ អស់ភារកិច្ចដែរ។ ប៉ុន្តែមិនចាកចេញពីកម្ពុជា គ្រូបង្វឹកសញ្ជាតិឥណ្ឌូណេស៊ីរូបនេះ បានបញ្ជាក់ថា លោក នឹងវិលត្រឡប់មកដឹកនាំក្រុមបញ្ជាការដ្ឋានអង្គរក្ស ឬក្រុមកម្ពុជាដទៃទៀត សាជាថ្មី បើសិនជាពួកគេត្រូវការលោក៕

Tag:
 Indra Wahyudi H
  បាល់ទះ
  តេជោលីគ
© រក្សាសិទ្ធិដោយ thmeythmey.com