អន្តរជាតិ
អ៊ុយក្រែនស្វែងរកការវិនិយោគពីជប៉ុន ដោយសន្យាផ្តល់ប្រយោជន៍សេដ្ឋកិច្ច
19, Feb 2024 , 5:19 pm        
រូបភាព
លោក Denys Shmyhal នាយករដ្ឋមន្រ្តីអ៊ុយក្រែន និងសមភាគីជប៉ុន លោកគីស៊ីដា ហ្វូមីអូ(ស្តាំ) ក្នុងក្រុងតូក្យូ នៅថ្ងៃទី១៩ ខែកុម្ភៈ។ រូបភាព AFP
លោក Denys Shmyhal នាយករដ្ឋមន្រ្តីអ៊ុយក្រែន និងសមភាគីជប៉ុន លោកគីស៊ីដា ហ្វូមីអូ(ស្តាំ) ក្នុងក្រុងតូក្យូ នៅថ្ងៃទី១៩ ខែកុម្ភៈ។ រូបភាព AFP
ក្រុមហ៊ុនឯកជនជប៉ុន ដែលវិនិយោគនៅអ៊ុយក្រែនក្នុងពេលនេះ នឹងទទួលបានប្រយោជន៍ និងឱកាសមិនគួរឱ្យជឿនៅរយៈពេលប៉ុន្មានឆ្នាំបន្ទាប់។ ប្រមុខរដ្ឋាភិបាលអ៊ុយក្រែន លោក Denys Shmygal បានសន្យាបែបនេះនៅថ្ងៃទី១៩ ខែកុម្ភៈ ស្របពេលអ៊ុយក្រែន កំពុងស្វះស្វែងរកការវិនិយោគពីបរទេស ដើម្បីស្តារសេដ្ឋកិច្ចក្រោយសង្រ្គាម។

 
ក្នុងសន្និសីទមួយដែលមានមន្រ្តីរដ្ឋាភិបាល និងមេដឹកនាំធុរកិច្ចចូលរួមប្រមាណ ៣០០នាក់ នៅក្នុងក្រុងតូក្យូ លោក Denys Shmygal នាយករដ្ឋមន្រ្តីអ៊ុយក្រែន បានថ្លែងអរគុណទៅកាន់ជប៉ុន ដែលបានផ្តល់ជំនួយសម្រាប់ខ្លួនដ៏ច្រើនសន្ធឹក ស្របពេលរុស្ស៊ីឈ្លានពាន។ ជប៉ុន ជាម្ចាស់ជំនួយធំទីបួន ដែលមានទំហំ ១០ពាន់លានដុល្លារ ចាប់តាំងពីសង្រ្គោះផ្ទុះឡើងក្នុងឆ្នាំ២០២២។ 
 
ពី «សន្និសីទអ៊ុយក្រែន-ជប៉ុន សម្រាប់លើកតម្កើងកំណើនសេដ្ឋកិច្ច និងស្ថាបនាឡើងវិញ» ប្រមុខរដ្ឋាភិបាលអ៊ុយក្រែន បានស្វះស្វែងរកការវិនិយោគពីក្រុមហ៊ុនជប៉ុន ដោយសន្យាផ្តល់ផលប្រយោជន៍នៅពេលសង្រ្គាមបញ្ចប់។ 
 
«ក្រុមហ៊ុនដែលវិនិយោគក្នុងសេដ្ឋកិច្ចអ៊ុយក្រែន នឹងទទួលបានប្រយោជន៍ចំណេញ និងឱកាសក្នុង ២ ឬ៣ឆ្នាំខាងមុខ ដែលអ្នកមិនគួរឱ្យជឿ»។ លោក Shmygal បានថ្លែងបែបនេះ នៅចំពោះមុខអ្នកជំនួញជប៉ុន ក្នុងថ្ងៃទី១៩ ខែកុម្ភៈ។ មេដឹកនាំអ៊ុយក្រែនរូបនេះ បានបន្តបញ្ចុះបញ្ចូលថា វិស័យឯកជន គឺដើរតួនាទីសំខាន់ណាស់ ក្នុងការស្ថាបនាអ៊ុយក្រែនឡើងវិញ ដោយក្នុងនោះវិស័យឯកជនពីជប៉ុន បានចូលរួមចំណែកយ៉ាងខ្លាំង។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP។ 
 
នៅសប្តាហ៍មុន របាយការណ៍ដែលស្រាវជ្រាវរួមគ្នាដោយធនាគារពិភពលោក (WB), សហភាពអឺរ៉ុប និងអង្គការសហប្រជាជាតិ (UN) បានង្ហាញថា ការចំណាយលើការស្ថាបនាអ៊ុយក្រែនឡើងវិញ គឺមានទំហំរហូតដល់ ៤៨៦ពាន់លានដុល្លារ ដោយក្នុងនោះ ១៥ពាន់លានដុល្លារក្នុងឆ្នាំ២០២៤។ 
 
ក្នុងថ្ងៃដដែល សមភាគីជប៉ុន លោកគីស៊ីដា ហ្វូមីអូ បានបន្តប្តេជ្ញាជួយអ៊ុយក្រែន នៅចំពោះមុខការឈ្លានពានរបស់អ៊ុយក្រែន។ 
 
«ស្ថានភាពនៅអ៊ុយក្រែន គឺមិនងាយស្រួលឡើយ ប៉ុន្តែជួយស្តារសេដ្ឋកិច្ចក្រុងកៀវ ជាការវិនិយោគក្នុងថ្ងៃអនាគត»។ ទីភ្នាក់ងារព័ត៌មាន Kyodo បានស្រង់សម្តីរបស់លោក គីស៊ីដា បែបនេះ។ ក្នុងជំនួបនៅក្រុងតូក្យូ នៅថ្ងៃទី១៩ ខែកុម្ភៈ លោក Shmygal និងលោកគីស៊ីដា បានពិនិត្យមើលការចុះហត្ថលេខាលើអនុស្សរណៈជាង៥០នៃកិច្ចសហប្រតិបត្តិការទ្វេភាគីពាក់ព័ន្ធការដោះមីន, កសិកម្ម, ការកសាងហេដ្ឋារចនាសម្ព័ន្ធឡើងវិញ និងការកែលម្អស្ថានភាពមនុស្សធម៌ជាដើម។ 

Tag:
 ជប៉ុន
  អ៊ុយក្រែន
© រក្សាសិទ្ធិដោយ thmeythmey.com