រដ្ឋាភិបាលត្រូវការថវិកាប្រមាណ៣៦,៦ពាន់លានដុល្លារអាម៉េរិក ដើម្បីអភិវឌ្ឍប្រព័ន្ធដឹកជញ្ជូនចំនួន១៧៤គម្រោងនៅកម្ពុជា ក្នុងរយៈពេល១០ឆ្នាំខាងមុខ។ ផែនការមេគ្រប់ជ្រុងជ្រោយស្ដីពីប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយ និងភស្ដុភារកម្មកម្ពុជា ២០២៣-២០៣៣ បានបង្ហាញថា ក្នុងនោះរដ្ឋមានតម្រូវការប្រាក់១៩ ៩២៦លានដុល្លារ សម្រាប់អនុវត្តគម្រោងរយៈពេលខ្លី និងមធ្យម ពីឆ្នាំ២០២៣-២០២៧។
ក្នុងចំណោមគម្រោងអទិភាពទាំង១៧៤ ដែលរដ្ឋាភិបាលបានកំណត់នៅក្នុងផែនការគ្រប់ជ្រុងជ្រោយ ស្ដីពីប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយ និងភស្ដុភារកម្មកម្ពុជា រយៈពេល១០ឆ្នាំនោះ មាន៩៤ជាគម្រោងផ្លូវថ្នល់។ ក្រៅពីនេះ មានគម្រោងផ្លូវដែកចំនួន៨, គម្រោងដឹកជញ្ជូនតាមទន្លេ មាន២៣ , គម្រោងដឹកជញ្ជូនតាមសមុទ្រ មាន២០, គម្រោងផ្លូវអាកាស មាន១០, គម្រោងប្រព័ន្ធឡូជីស្ទីក មាន១៥ និងគម្រោងបន្ថែមផ្សេងទៀតចំនួន៤។
គម្រោងខាងលើនេះ ក៏មានបញ្ជូលនូវគម្រោងតភ្ជាប់ពីមធ្យាបាយដឹកជញ្ជូនមួយ ទៅមធ្យាបាយដឹកជញ្ជូនមួយទៀត និងទៅកាន់មជ្ឈមណ្ឌលឡូជីស្ទីក ព្រមទាំងបែងចែកជារយៈពេលខ្លី និងមធ្យមចំនួន៩០គម្រោង និងរយៈវែងចំនួន៩១គម្រោង។ នេះបើតាមផែនការមេ ដែលរដ្ឋាភិបាលបានអនុម័តដាក់ឱ្យប្រើប្រាស់ជាផ្លូវការ កាលពីថ្ងៃទី២ ខែសីហា ឆ្នាំ២០២៣។
ដើម្បីសម្រេចបាននូវការអភិវឌ្ឍប្រព័ន្ធដឹកជញ្ជូនទាំង១៧៤គម្រោង រដ្ឋាភិបាលត្រូវការហិរញ្ញប្បទាន ក្នុងទំហំ៣៦ ៦៧៩លានដុល្លារ។ ក្នុងនោះ តម្រូវការរយៈពេលខ្លី និងមធ្យម ពីឆ្នាំ២០២៣-២០២៧ មានចំនួន១៩ ៩២៦លានដុល្លារ ។ បើគិតជាមធ្យមក្នុងមួយឆ្នាំ កម្ពុជាត្រូវការហិរញ្ញប្បទាន ៣ ៩៨៥លានដុល្លារ។
ជាមួយគ្នានេះ រដ្ឋាភិបាល កំពុងស្វែងរកការគាំទ្រផ្នែកហិរញ្ញវត្ថុ សម្រាប់គម្រោងវិនិយោគសាធារណៈ តាមយន្តការភាពជាដៃគូរវាងរដ្ឋ និងវិស័យឯកជន រួមទាំងប្រភពហិរញ្ញប្បទានពីក្រៅប្រទេសជាដើម។
«ដើម្បីឱ្យ១៧៤គម្រោងទៅមុខបានតាមផែនការ គឺយើងត្រូវតែផ្សព្វផ្សាយផែនការរបស់យើង ឱ្យបានទូលំទូលាយនៅទូទាំងពិភពលោក។ បើផ្នែកឯកជនចាប់អារម្មណ៍លើគម្រោងណា សុំអញ្ជើញមកសហការជាមួយកម្ពុជា ដើម្បីកសាង ឬអភិវឌ្ឍន៍លើគម្រោង១៧៤នេះ»។ លោក ស៊ុន ចាន់ថុល អនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងជាប្រធានក្រុមប្រឹក្សាជាតិភស្ដុភារកម្ម បានលើកឡើងបែបនេះទៅកាន់ក្រុមអ្នកសារព័ត៌មានក្នុងកិច្ចប្រជុំលើកទី៤ នៃក្រុមប្រឹក្សាជាតិភស្ដុភារកម្ម ដើម្បីពិនិត្យវឌ្ឍនភាពនៃផែនការមេគ្រប់ជ្រុងជ្រោយស្ដីពីប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយ និងភស្ដុភារកម្មកម្ពុជា ២០២៣-២០៣៣ នាថ្ងៃទី២០កុម្ភៈ។
លោក ស៊ុន ចាន់ថុល បានបញ្ជាក់ថា ឡូជីស្ទីក ជាប្រព័ន្ធដ៏សំខាន់ក្នុងការទាក់ទាញអ្នកវិនិយោគ ក្នុងការយកទំនិញ ឬផលិតផល និងកសិផលកម្ពុជា ទៅកាន់ទីផ្សារអន្តរជាតិ។
បើតាមលោកឧបនាយករដ្ឋមន្ត្រីរូបនេះ គម្រោង«ព្រែកជីកហ្វូណនតេជោ»តម្លៃ១៧០០លានដុល្លារ ដែលនឹងត្រូវបើកការដ្ឋានសាងសង់ នៅចុងឆ្នាំ២០២៤ ក៏ស្ថិតក្នុងគម្រោងទាំង១៧៤ នៃផែនការមេរដ្ឋាភិបាលដែរ។ «ព្រែកជីកហ្វូណនតេជោ»នេះ គឺជាគម្រោងប្រវត្តិសាស្រ្តលើកទី១ ក្នុងវិស័យដឹកជញ្ជូនផ្លូវទឹករបស់កម្ពុជា ដើម្បីតភ្ជាប់ប្រព័ន្ធទន្លេមេគង្គ និងផ្លូវសមុទ្រ។
ការសិក្សាសមិទ្ធិលទ្ធភាពគម្រោងផ្លូវនាវាចរណ៍ និងប្រព័ន្ធភស្តុភារកម្មទន្លេបាសាក់នេះ ក្រសួងសាធារណការបានបែងចែកជា២ដំណាក់កាល។ ក្នុងនោះដំណាក់កាលទីមួយ គឺជាការសិក្សាបឋម ប្រើរយៈពេល១៤ខែ និងដំណាក់កាលទីពីរ ជាការសិក្សាសមិទ្ធិលទ្ធភាព ប្រើរយៈពេល១២ខែ។
គម្រោងព្រែកជីកនេះ ត្រូវបានក្រសួងសាធារណការ សិក្សាជាមួយក្រុមហ៊ុនសាជីវកម្មស្ពានថ្នល់ចិន (CRBC) និងក្រុមហ៊ុន CCCC Transportation Consultants Co., Ltd របស់ប្រទេសចិន៕