ដោយ៖ ម៉ម ពិសី /RFI ខេមរភាសា
កម្មវិធីពិព័រណ៍យន្តហោះនៅសិង្ហបុរី ដែលគេរៀបចំធ្វើរៀងរាល់២ឆ្នាំម្តង បានចាប់ផ្តើមបើកទ្វារ កាលពីថ្ងៃអង្គារ ទី២០កុម្ភៈ។ ជាលើកទី១ ចិនបានតាំងបង្ហាញយន្តហោះថ្មីផលិតក្នុងស្រុករបស់ខ្លួន គឺយន្តហោះប្រភេទ C919។ ចំណែកក្រុមហ៊ុនអាកាសចរណ៍ Thai Airways បានបញ្ជាទិញយន្តហោះ Boeing Dreamliners ចំនួនដល់ទៅ៤៥គ្រឿង ដើម្បីឆ្លើយតបទៅនឹងទំហំកើនឡើងខ្លាំង នៃវិស័យដឹកជញ្ជូនផ្លូវអាកាសរបស់ថៃ។
យ៉ាងហោចណាស់ មានសហគ្រាសផលិតយន្តហោះ រួមទាំងក្រុមហ៊ុនអាកាសចរណ៍ សរុបទាំងអស់ចំនួន១០០០ ដែលបានមកចូលរួម ក្នុងពិព័រណ៌យន្តហោះ ឆ្នាំ២០២៤នៅសិង្ហបុរី។ ក្នុងចំណោមសហគ្រាសផលិតយន្តហោះធំៗ គឺមានដូចជា ក្រុមហ៊ុនAirbus ក្រុមហ៊ុនBoeing ក្រុមហ៊ុនLockheed Martin និងក្រុមហ៊ុនផលិតយន្តហោះចិន២ គឺComac និង Avic។
ជាលើកទី១ ក្រុមហ៊ុន Comac របស់ចិនបានតាំងបង្ហាញ យន្តហោះ C919 ជាប្រភេទយន្តហោះ ហោះបានចំងាយមធ្យម ប្រជែងទីផ្សារជាមួយ យន្តហោះAirbus A320 ឬយន្តហោះBoeing 737។ ក្រុមហ៊ុន Comac បានអះអាងថា ក្នុងឱកាសពិព័រណ៌នៅសិង្ហបុរីឆ្នាំនេះ គេបានទទួលការបញ្ជាទិញយន្តហោះ C919 ចំនួន៤០គ្រឿង ពីសំណាក់ក្រុមហ៊ុន Tibet Airlines។
ចំណែកក្រុមហ៊ុន Boeing វិញបានឲ្យដឹងថា គេបានទទួលការបញ្ជាទិញយន្តហោះ Boeing 787 Dreamliners ចំនួនដល់ទៅ៤៥គ្រឿង ពីក្រុមហ៊ុនក្រុមហ៊ុន Thai Airways។ Boeing មិនបានបញ្ជាក់ឲ្យដឹងថា ការបញ្ជារទិញនេះមានទំហំទឹកប្រាក់ប៉ុន្មានទេ តែបើផ្អែកទៅលើតម្លៃកាតាឡុក គឺគិតជាសរុបប្រមាណ១៣០០០លានដុល្លារ។ បន្ថែមពីក្រុមហ៊ុន Thai Airways ដែលធ្វើការបញ្ជាទិញយ៉ាងសម្បើមនេះ ក្រុមហ៊ុន Royal Brunei Airlines បានបញ្ជាទិញ យន្តហោះ Boeing 787 Dreamliners ចំនួន៤គ្រឿងដែរ។
លោក អគ្គនាយកក្រុមហ៊ុន Thai Airways បានឲ្យដឹងថា ក្រុមហ៊ុនលោកបានសម្រេចចិត្តទិញយន្តហោះថ្មី ហោះចម្ងាយឆ្ងាយដល់ទៅ៤៥គ្រឿង គឺដើម្បីឆ្លើយតបទៅនឹងការរីកចម្រើនខ្លាំង នៃវិស័យសេដ្ឋកិច្ចថៃ។ បន្ថែមពីនេះ យន្តហោះ Boeing 787 Dreamliners មានបច្ចេកវិទ្យាទំនើប សន្សំសាំងបានដល់ទៅ២៥%បើប្រៀបធៀបទៅយន្តហោះដែល Thai Airways ប្រើបច្ចុប្បន្ន។
គួរកត់សំគាល់ថា វិស័យដឹកជញ្ជូនផ្លូវអាកាស ហាក់បានកើនឡើងសន្ទុះខ្លាំង ស្មើនឹងមុនពេលមានវិបត្តិកូវីដ១៩។ លោក Steven Townend អគ្គនាយក BOC Aviation ប្រចាំនៅសិង្ហបុរី បានអះអាងថា ឧស្សាហកម្មយន្តហោះ កំពុងរីកចម្រើន ហើយក្រុមហ៊ុនអាកាសចរណ៍វិញ បានត្រឡប់មកចំណេញបានប្រាក់វិញហើយ នៅទូទាំងពិភពលោក។
តែទន្ទឹមនឹងនេះ គេសង្កេតឃើញថា សហគ្រាសផលិតយន្តហោះ កំពុងជួបការលំបាកខ្លាំង ដើម្បីបំពេញកាតព្វកិច្ចទៅការបញ្ជាទិញ ដែលកាន់តែសំបូរ។ មានកត្តាជាច្រើន ដែលផ្តល់ការលំបាកដល់បណ្តាញផលិត ក្រោយវិបត្តិកូវីដ១៩ នោះគឺកង្វះបុគ្គលិក ព្រមទាំងបញ្ហាមួយចំនួនទាក់ទិននឹងការយឺតយ៉ាវ នៃការផលិតនិងដឹកជញ្ជូនគ្រឿងផ្សំយន្តហោះ។
ដោយសារតែបញ្ហាយឺតយ៉ាវទាំងនេះ ក្រុមហ៊ុន Airbus បច្ចុប្បន្នផលិតយន្តហោះ A320neo បានចំនួន៥០គ្រឿងក្នុងមួយខែ ខណៈកម្មវត្ថុផលិតកំណត់កាលចុងឆ្នាំ គឺ៥៨គ្រឿង។ ក្នុងឱកាស ពិព័រណ៍យន្តហោះនៅសិង្ហបុរីនេះដែរ Airbus បានប្រកាសថាគេនឹងលើកពេលប្រគល់យន្តហោះប្រភេទថ្មី A321XLR ពីពាក់កណ្តាលឆ្នាំ ទៅត្រីមាសទី៣ឆ្នាំនេះវិញ។
ជាការកាត់សំគាល់ដែរ ថ្វីបើកក្រុមហ៊ុនBoeing ញញឹមរីករាយនឹងការបញ្ជាទិញដ៏សន្ធឹកក្នុងពេលនេះ តែក្រុមហ៊ុននេះ កំពុងតែជួបបញ្ហាធ្ងន់ធ្ងរ ទាក់ទិននឹងសុវត្ថិភាពនៃយន្តហោះ 737 Max ក្រោយជួបហេតុការណ៍របើកទ្វារយន្តហោះAlaska Airlines កាលពីដើមខែមករា។ ការិយាល័យសុវត្ថិភាពផ្លូវអាកាសអាមេរិក បានបញ្ជាឲ្យ Boeing ផលិតយន្តហោះត្រឹមតែ៣៨គ្រឿងក្នុងមួយខែបានហើយ ដើម្បីមានពេលពិនិត្យសុវត្ថិភាពគ្រប់គ្រាន់៕