សេដ្ឋកិច្ចអន្តរជាតិ
អន្តរជាតិ
ទេសចរ​ចិន​សម្រុក​មក​អាស៊ីអាគ្នេយ៍ ជាពិសេសសិង្ហបុរី ថៃ ម៉ាឡេស៊ី ក្រោយការលើកលែងទិដ្ឋាការ
21, Feb 2024 , 8:59 pm        
រូបភាព
ភ្ញៀវទេសចរចិនទស្សនាព្រះបរមរាជវាំងថៃ។ រូបភាព ៖ Xinhua
ភ្ញៀវទេសចរចិនទស្សនាព្រះបរមរាជវាំងថៃ។ រូបភាព ៖ Xinhua
ក្នុងឱកាសបុណ្យចូលឆ្នាំចិន ភ្ញៀវទេសចរចិនបានសម្រុកទៅកាន់តំបន់ទេសចរណ៍នានាក្នុងតំបន់អាស៊ីអាគ្នេយ៍ដូចជា សិង្ហបុរី ថៃ និងម៉ាឡេស៊ី។ មូលហេតុចម្បងដោយសារប្រទេសទាំងនោះមានគោលនយោបាយលើកលែងទិដ្ឋាការឲ្យភ្ញៀវទេសចរចិន។

 
គោលនយោបាយគ្មានទិដ្ឋាការរបស់បណ្តាប្រទេសអាស៊ីអាគ្នេយ៍សម្រាប់ភ្ញៀវទេសចរចិនបានជំរុញឱ្យមានការដើរកម្សាន្តនៅក្រៅប្រទេស។ វាជាសញ្ញានៃការរស់ឡើងវិញយ៉ាងខ្លាំងនៅក្នុងវិស័យទេសចរណ៍ចាប់តាំងពីទីក្រុងប៉េកាំងបានលុបចោលការរឹតបន្តឹងការធ្វើដំណើរយ៉ាងតឹងរ៉ឹងនៅដើមឆ្នាំ២០២៣ បន្ទាប់ពីការបិទព្រំដែនរយៈពេល ៣ឆ្នាំ។
 
កន្លងមកនៅថ្ងៃទី២ ខែកុម្ភៈ ចិន និងសិង្ហបុរីបានចុះហត្ថលេខាលើឯកសារលើកលែងទិដ្ឋាការទ្វេភាគីសម្រាប់រយៈពេល ៣០ថ្ងៃសម្រាប់ពលរដ្ឋដែលកាន់លិខិតឆ្លងដែនធម្មតា។ គោលនយោបាយលើកលែងទិដ្ឋាការទ្វេភាគីរវាងប្រទេសទាំងពីរចូលជាធរមានចាប់ពីថ្ងៃទី ៩ ខែកុម្ភៈ ឆ្នាំ២០២៤។
 
ទន្ទឹមនេះ ចិន និងថៃបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងលើកលែងទិដ្ឋាការ នៅថ្ងៃទី២៨ ខែមករាដែលអនុញ្ញាតឱ្យប្រជាជនប្រទេសទាំងពីរចេញ-ចូល ដោយគ្មានទិដ្ឋាការរយៈពេល៣០ថ្ងៃ  ដោយចូលជាធរមានចាប់ពីថ្ងៃទី១ ខែមីនា ។
 
របាយកាណ៍ស្រាវជ្រាវរបស់ធនាគារ HSBC បាននិយាយថា ៖« ដ្បិតមានការលំបាកផ្នែកសេដ្ឋកិច្ចខ្លះ យើងជឿថាប្រជាជនចិននៅតែមានឆន្ទៈក្នុងការចំណាយលើសេវាកម្មដែលទាក់ទងនឹងការធ្វើដំណើរ ។ យើងរំពឹងថាការចំណាយទាក់ទងនឹងការធ្វើដំណើរអាចបន្តលើសពីការប្រើប្រាស់ក្នុងស្រុក»។
 
យោងតាមប្រតិបត្តិករគេហទំព័រទេសចរណ៍ Trip.com ការកក់ដំណើរទេសចរណ៍ទៅកាន់សិង្ហបុរី ថៃ និងម៉ាឡេស៊ី បានកើនឡើងជាង ៣០ភាគរយចាប់ពីថ្ងៃទី១០-១៧ ខែកុម្ភៈ បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០១៩។ ទន្ទឹមនេះ ចំនួនភ្ញៀវទេសចរចិនទៅកម្សាន្តនៅជប៉ុន និងកូរ៉េខាងត្បូងបានកើនឡើងក្នុងឲកាសបុណ្យចូលឆ្នាំចិន។  
 
ដោយឆ្លុះបញ្ចាំងពីនិន្នាការកើនឡើងពីគោលនយោបាយគ្មានទិដ្ឋាការ ការកក់សណ្ឋាគារនៅទីក្រុងបាងកកបានកើនឡើង៣ដងក្នុងអំឡុងថ្ងៃទី ១០-១៣ ខែកុម្ភៈ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ខណៈការកក់សណ្ឋាគារនៅសិង្ហបុរីបានកើនឡើង៩ ដង។ នេះយោងតាមគេហទំព័រទេសចរណ៍ LY.com។
 
ចំណែកការទូទាត់ប្រាក់តាមរយៈ Alipay របស់ភ្ញៀវទេសចរចិននៅសិង្ហបុរី ថៃ និងម៉ាឡេស៊ីបានកើនឡើង ៧,៥ភាគរយចន្លោះថ្ងៃទី ៩-១២ ខែកុម្ភៈ ធៀបនឹងឆ្នាំ២០១៩ ដែលកើនជិត៧ដងបើធៀបជាងឆ្នាំមុន។
 
ក្រៅពីតំបន់អាស៊ីអាគ្នេយ៍ ភ្ញៀវទេសចរចិនក៏កំពុងស្វែងរកគោលដៅថ្មីនៅមជ្ឈិមបូព៌ាដែរ៕ 

Tag:
 ចិន
  ទេសចរ
  ថៃ
© រក្សាសិទ្ធិដោយ thmeythmey.com