សេដ្ឋកិច្ចអន្តរជាតិ
អន្តរជាតិ
សេដ្ឋកិច្ចអុីស្រាអែលធ្លាក់ចុះជិត ២០ភាគរយ ក្រោយមានសង្រ្គាមជាមួយក្រុមហាម៉ាស មនុស្សម្នាទិញឥវ៉ាន់នៅផ្សារមួយកន្លែងភាគខាងត្បូងតំបន់កាហ្សា ។ រូបភាព ៖ AFP
× សេដ្ឋកិច្ចរបស់អ៊ីស្រាអែលបានធ្លាក់ចុះជិត២០ភាគរយនៅក្នុងត្រីមាសទី៤ ឆ្នាំ២០២៣ ក្នុងបរិបទដែលប្រទេសនេះបានលះបង់ធនធាន សម្រាប់សង្គ្រាមនៅតំបន់កាហ្សាជាមួយកម្លាំងហាម៉ាស។
ការធ្លាក់ចុះនៃផលិតផលក្នុងស្រុកសរុប (GDP)របស់អ៊ីស្រាអែល គឺមានទំហំធំជាងអ្វី ដែលអ្នកវិភាគបានព្យាករពីមុន។ ការណ៍នេះបានកើតឡើងពេលទាហានបម្រុងអ៊ីស្រាអែលរាប់សែននាក់ ត្រូវបានចល័តទៅកាន់សមរភូមិ នៅពេលដែលសង្រ្គាមបានផ្ទុះឡើង បន្ទាប់ពីការវាយប្រហាររបស់ក្រុមហាម៉ាសកាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣។
កំណើនសេដ្ឋកិច្ចអ៊ីស្រាអែលបានថយចុះ ១៩,៤ភាគរយនៅក្នុងត្រីមាសទី៤ បើប្រៀបធៀបទៅនឹងត្រីមាសទី៣ ឆ្នាំ២០២៣។ បើតាមទីភ្នាក់ងារស្ថិតិអ៊ីស្រាអែលកងកម្លាំងបម្រុងជាង ៣០០ពាន់នេះ បានទុកការងាររបស់ពួកគេ ដើម្បីចូលរួមក្នុងការប្រយុទ្ធប្រឆាំងនឹងក្រុមហាម៉ាស ដែលបណ្តាលឱ្យកម្លាំងការងាររបស់ប្រទេសនេះ ធ្លាក់ចុះ៧ភាគរយ ។
កត្តាដែលបណ្តាលឱ្យសេដ្ឋកិច្ចអ៊ីស្រាអែលធ្លាក់ចុះ គឺកម្មវិធីឧបត្ថម្ភលំនៅដ្ឋានរបស់រដ្ឋាភិបាលសម្រាប់មនុស្សជាង ១២០ពាន់នាក់ ដែលជម្លៀសចេញពីតំបន់ភាគខាងជើង និងភាគខាងត្បូងរបស់ប្រទេស។
បន្ទាប់ពីសង្គ្រាមផ្ទុះឡើង អ៊ីស្រាអែលបានដាក់ការរឹតបន្តឹងយ៉ាងតឹងរ៉ឹង លើកម្មករប៉ាឡេស្ទីនពីតំបន់ West Bank ចូលមកក្នុងប្រទេស។ កង្វះប្រភពកម្លាំងពលកម្មមួយផ្សេងទៀត បានប៉ះពាល់យ៉ាងខ្លាំងដល់ឧស្សាហកម្មសំណង់របស់អ៊ីស្រាអែល ដែលបង្កើនឧបសគ្គដល់កំណើនសេដ្ឋកិច្ច។
យ៉ាងណាមិញ នៅឆ្នាំ២០២៣ សេដ្ឋកិច្ចអ៊ីស្រាអែល នឹងនៅតែមានភាពលូតលាស់ក្នងអត្រា ២ភាគរយ បើធៀបនឹងឆ្នាំ២០២២។ ប៉ុន្តែកំណើននេះ នៅតែទាបជាងឆ្នាំ២០២២ ដែលមានអត្រាកើនឡើងរហូតដល់ ៦,៥ភាគរយ។
ការចំណាយរបស់រដ្ឋាភិបាលអ៊ីស្រាអែលបានកើនឡើង ៨៨ភាគរយក្នុងរយៈពេល៣ខែ បន្ទាប់ពីសង្រ្គាមបានផ្ទុះឡើងបើធៀបទៅនឹងត្រីមាសទី៣ ឆ្នាំ២០២៣។ លើសពីនេះ ការប្រើប្រាស់របស់អ៊ីស្រាអែលបានធ្លាក់ចុះ ២៧ភាគរយក្នុងត្រីមាសទី ៤ ខណៈការនាំចូលទំនិញ និងសេវាកម្មបានធ្លាក់ចុះ ៤២ភាគរយ។ ចំណែកការនាំចេញបានថយចុះ ១៨ភាគរយ ហើយការវិនិយោគបានថយចុះ ៦៧,៨ភាគរយ៕
Tag:
អ៊ីស្រាអែល
ហាម៉ាស
សេដ្ឋកិច្ច
© រក្សាសិទ្ធិដោយ thmeythmey.com