ជាតិ
សេដ្ឋកិច្ច
ជប៉ុនផ្តល់ជំនួយ​​​ជាង៧៦ម៉ឺនដុល្លារ ដើម្បីលើកកម្ពស់ការអប់រំបរិស្ថានដល់កុមារតូច
27, Feb 2024 , 3:59 pm        
រូបភាព
រដ្ឋាភិបាលជប៉ុនសម្រេចផ្តល់ជំនួយឥតសំណង ចំនួន ៧៦៨ ៦២៧ដុល្លារ ដល់អង្គភាពបីដើម្បីលើកកម្ពស់ការអប់រំកុមារតូចរបស់កម្ពុជា។​ ជំនួយនេះ នឹងជួយដល់កុមារតូចៗដែលរស់នៅក្នុងខេត្តព្រះសីហនុ ឧត្តរមានជ័យ​ និងប្រជាជនពលរដ្ឋមួយចំនួនរស់នៅក្នុងខេត្តក្រចេះ។​

 
បើតាមសេចក្តីប្រកាសព័ត៌មានរបស់ស្ថានទូតជប៉ុនប្រចាំកម្ពុជា​ ក្នុងចំណោមជំនួយឥតសំណងទាំងជាង៧៦ម៉ឺនដុល្លារនោះ គឺមាន១៦០ ១៤០ ដុល្លារ​ ផ្តល់ទៅឱ្យអង្គការមិនរកប្រាក់ចំណេញ Nature Center Risen។ ជំនួយនេះប្រើសម្រាប់លើកកម្ពស់ការអប់រំបរិស្ថានដល់កុមារតូចនៅក្នុងក្រុងព្រះសីហនុ។
 
ស្ថានទូតជប៉ុនប្រចាំកម្ពុជា បានបញ្ជាក់ថា  តាមរយៈគម្រោងនេះ អង្គការ Nature Center Risen នឹង សកម្មភាព ដើម្បីផ្សព្វផ្សាយការអប់រំបរិស្ថាន ចាប់ពីវ័យកុមារភាព នៅសាលាមត្តេយ្យមួយចំនួនក្នុងខេត្តព្រះសីហនុ ដើម្បីដោះស្រាយបញ្ហាដែលកាន់តែលំបាកទៅៗ ទន្ទឹមនឹងកំណើនសេដ្ឋកិច្ច។ គម្រោងនេះមានគោលបំណងលើកកម្ពស់ការរស់នៅជាមួយ    ធម្មជាតិសម្រាប់កុមារ និងមាតាបិតារបស់ពួកគេ។
 
ជាមួយគ្នានេះ អង្គការសន្តិស្ម័គ្រចិត្ត (SVA) ក៏ទទួលបានជំនួយ ៤១៤ ៧៥៦ ដុល្លារ ពីរដ្ឋាភិបាលជប៉ុន ដើម្បីលើកកម្ពស់លទ្ធភាពទទួលបាន និងគុណភាពនៃការអប់រំកុមារតូច របស់សាលាមត្តេយ្យសិក្សារដ្ឋ ក្នុងខេត្តឧត្តរមានជ័យ ផងដែរ។ 
 
នៅក្នុងគម្រោងនេះ អង្គការសន្តិស្ម័គ្រចិត្ត នឹងកែលម្អបរិយាកាសអប់រំទាំងបុគ្គល និងបរិក្ខារ ដែលគាំទ្រដល់កុមារតូចៗ ដើម្បីដោះស្រាយគម្លាតនៃការអប់រំរវាងទីក្រុង និងតំបន់ជនបទ។ លើសពីនេះ អង្គការមានគោលដៅកែលម្អលទ្ធភាពទទួលបាន និងគុណភាពនៃសកម្មភាព នៅក្នុងសាលាមត្តេយ្យសិក្សារដ្ឋ ក្នុងខេត្តឧត្តរមានជ័យ។
 
សម្រាប់ជំនួយ១៩៣,៧៣១ ដុល្លារទៀត រដ្ឋាភិបាលជប៉ុនសម្រេចផ្តល់ឱ្យ​អង្គការមូលនិធិសម្រាប់ការអភិវឌ្ឍន៍ និងជំនួយសង្គ្រោះអន្តរជាតិ (FIDR) ដើម្បីគម្រោងលើកកម្ពស់ប្រព័ន្ធកិច្ចសហប្រតិបត្តិការផ្នែកវេជ្ជសាស្រ្ដ នៅក្នុងតំបន់ភូមិភាគឦសាន តាមរយៈការពង្រឹងការអនុវត្តការវះកាត់។
 
នៅក្នុងគម្រោងនេះ អង្គការនឹងធ្វើឱ្យប្រសើរឡើងនូវកិច្ចសហប្រតិបត្តិការក្នុងចំណោមមន្ទីរពេទ្យ និងមណ្ឌលសុខភាពនៅភូមិភាគឦសាន្ត ដោយពង្រឹងសមត្ថភាព និងភាពជាអ្នកដឹកនាំរបស់មន្ទីរពេទ្យបង្អែកខេត្តក្រចេះ ដើម្បីបម្រើជាមជ្ឈមណ្ឌលក្នុងតំបន់ សម្រាប់ការវះកាត់។ លើសពីនេះ មន្ទីរពេទ្យបង្អែកស្រុក និងមណ្ឌលសុខភាពក៏នឹងទទួលការបណ្តុះបណ្តាល ដើម្បីកំណត់រោគសញ្ញាអ្នកជំងឺ និងបញ្ជូនពួកគេទៅមន្ទីរពេទ្យដែលមានកម្រិតខ្ពស់ជាងឲ្យបានត្រឹមត្រូវ។
 
បើតាមលោក តានីណៃ អ៊ីឈិតូមុ ភារធារីស្តីទីនៃស្ថានទូតជប៉ុនប្រចាំកម្ពុជា​ ចាប់តាំងឆ្នាំ២០០២មក​ រដ្ឋាភិបាលជប៉ុន បានជំនួយឥតសំណង​​សម្រាប់គម្រោងអង្គ​ការ​ក្រៅរដ្ឋាភិបាល​ ដើម្បីគាំទ្រដល់​សកម្មភាពរបស់អង្គការទាំងនោះ​​ក្នុងកិច្ច​ខិតខំ​​ប្រឹង​ប្រែង ដើម្បីជួយដល់​ការអភិវឌ្ឍ និងស្ថាបនាកម្ពុជាឡើងវិញនៅតាមកម្រិតមូលដ្ឋាន។​ លោកបានបញ្ជាក់ថា រយៈពេល២០ឆ្នាំមកនេះ រដ្ឋាភិបាលជប៉ុនបានផ្តល់ថវិកាជាង​៥៤លានដុល្លារ ដល់គម្រោង​ចំនួន ១៥៦  ដែល​ផ្ដោត​សំខាន់​ទៅ​លើ​វិស័យ​អប់រំ​នៅ​កម្រិតបឋមសិក្សា វិស័យ​សុខាភិបាល វិស័យ​កសិកម្ម​ និង​សកម្មភាព​បោស​សម្អាត​មីននៅកម្ពុជា៕

Tag:
 ​ព្រះវិហារ
  ឧត្តរមានជ័យ
 ​ ក្រចេះ
© រក្សាសិទ្ធិដោយ thmeythmey.com