កម្ពុជាបានពង្រីកការទូទាត់ប្រាក់រៀលតាមប្រព័ន្ធឌីជីថល (ស្កេន QR Code) ជាមួយម៉ាឡេស៊ី។ នេះជាផ្នែកមួយនៃអនុស្សរណៈយោគយល់ ដែលត្រូវបានចុះហត្ថលេខាដោយលោកស្រី ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា ជាមួយលោក Abdul Rasheed Ghaffour ទេសាភិបាលធនាគារកណ្ដាលម៉ាឡេស៊ីនាអំឡុងនៃដំណើរទស្សនកិច្ចផ្លូវការរបស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត នៅម៉ាឡេស៊ីថ្ងៃទី២៧កុម្ភៈ។
តាមសេចក្តីប្រកាសព័ត៌មានរបស់ធនាគារជាតិនៃកម្ពុជា កិច្ចសហប្រតិបត្តិការជំរុញនវានុវត្តន៍ហិរញ្ញវត្ថុ និងប្រព័ន្ធទូទាត់សងប្រាក់ នឹងផ្តល់ប្រយោជន៍ដល់ប្រជាពលរដ្ឋ និងធុរជនរបស់ប្រទេសទាំងពីរ ជាពិសេសការជួយលើកកម្ពស់ការប្រើប្រាស់រូបិយវត្ថុក្នុងស្រុកសម្រាប់ការទូទាត់ ព្រមទាំងជួយគាំទ្រដល់យន្តការកិច្ចសហការត្រួតពិនិត្យការទូទាត់ឆ្លងដែន ឱ្យកាន់តែមានសុវត្ថិភាព។
«ការណ៍នេះ នឹងផ្តល់នូវភាពងាយស្រួលដល់ពលរដ្ឋម៉ាឡេស៊ី អាចទូទាត់ប្រាក់របស់ខ្លួនដោយគ្រាន់តែស្កេនឃ្យូអរកូតរបស់អាជីវករណាមួយកម្ពុជា។ រីឯពលរដ្ឋកម្ពុជាក៏អាចទូទាត់តាមរយៈការស្កេនឃ្យូអរកូតនៅម៉ាឡេស៊ីទៅវិញទៅមក បានផងដែរ ដោយប្រើប្រាស់រូបិយវត្ថុក្នុងស្រុកសម្រាប់ការទូទាត់»។ នេះបើតាមការលើកឡើងរបស់ធនាគារជាតិនៃកម្ពុជា។
អនុស្សារណៈយោគយល់ដែលត្រូវបានចុះហត្ថលេខានៅចំពោះមុខប្រមុខរដ្ឋាភិបាលទាំងពីរ នឹងជួយសម្រួលដល់សកម្មភាពពាណិជ្ជកម្ម និងវិស័យទេសចរណ៍របស់ប្រទេសទាំងពីរ ព្រមទាំងជួយទ្រទ្រង់ដល់កំណើនសេដ្ឋកិច្ចក្នុងតំបន់។ ជាមួយគ្នានេះ វានឹងផ្តល់អត្ថប្រយោជន៍ដល់ពាណិជ្ជករទូទាត់រាយនៃប្រទេសទាំងពីរដែលទទួលយកការទូទាត់តាមស្កេនឃ្យូអរកូតមានប្រមាណ៥លានទីតាំង រាប់បញ្ចូលទាំងអាជីវកម្ម ខ្នាតតូច។
សម្រាប់លោកស្រី ជា សិរី នេះជាការបោះជំហានដ៏សំខាន់មួយដើម្បីឆ្ពោះទៅរកការពង្រឹងកិច្ចសហប្រតិបត្តិការរបស់ធនាគារកណ្តាលទាំងពីរ។
លោកស្រីទេសាភិបាល បានបន្ថែមថា៖ «តាមរយៈអនុស្សរណៈយោគយល់នេះ ធនាគារជាតិនៃកម្ពុជានិងធនាគារកណ្តាលម៉ាឡេស៊ី នឹងសហការគ្នា ដើម្បីជំរុញនវានុវត្តន៍ហិរញ្ញវត្ថុ និងកែលម្អប្រព័ន្ធទូទាត់ឆ្លងដែនសំដៅជំរុញ សកម្មភាពពាណិជ្ជកម្ម និងបរិយាបន្នហិរញ្ញវត្ថុរបស់ប្រទេសទាំងពីរព្រមទាំងជួយលើកកម្ពស់ការប្រើប្រាស់ រូបិយវត្ថុក្នុងស្រុក ស្របតាមគោលដៅរបស់អាស៊ាន»។
ជាមួយគ្នានេះ លោក Abdul Rasheed Ghaffour ទេសាភិបាលធនាគារកណ្ដាលម៉ាឡេស៊ី មើលឃើញថា អនុស្សរណៈយោគយល់នេះបានឆ្លុះបញ្ចាំងអំពីការប្តេជ្ញាចិត្តរបស់ធនាគារកណ្តាលទាំងពីរក្នុងការលើកកម្ពស់ប្រតិបត្តិការទូទាត់ឆ្លងដែន ការផ្ទេរប្រាក់ និងការទូទាត់ដោយប្រើប្រាស់រូបិយវត្ថុជាតិ។ «កិច្ចសហការនេះ នឹងធ្វើឱ្យកាន់តែស៊ីជម្រៅថែមទៀត នូវកិច្ចសហប្រតិបត្តិការយូរអង្វែងរវាងធនាគារកណ្តាល ម៉ាឡេស៊ី និងធនាគារជាតិនៃកម្ពុជា ក្នុងបុព្វហេតុផលប្រយោជន៍របស់ពលរដ្ឋ និងធុរជននៃប្រទេសទាំងពីរ»។
សម្រាប់លោក Abdul Rasheed Ghaffour ការណ៍ខាងលើនេះនឹងជាកម្លាំងចលករមួយក្នុងការជំរុញនវានុវត្តន៍ និងសមាហរណកម្មហិរញ្ញវត្ថុដែលនឹងគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ចក្នុងតំបន់។
បច្ចុប្បន្ន កម្ពុជាកំពុងអនុវត្តការទូទាត់សងប្រាក់តាមប្រព័ន្ធឌីជីថល(ស្កេនឃ្យូអរកូត) ជាមួយថៃ វៀតណាម ឡាវ និងជាមួយក្រុមហ៊ុន Union Pay International របស់ប្រទេសចិន។
ក្រៅពីនេះ ធនាគារជាតិនៃកម្ពុជានឹងពង្រីកកិច្ចសហប្រតិបតិ្តការនៃប្រព័ន្ធទូទាត់សងប្រាក់តាមប្រព័ន្ធឌីជីថលនេះ ជាមួយប្រទេសដៃគូពាក់ព័ន្ធផ្សេងទៀតក្នុងនោះមាន ឥណ្ឌា(ក្រុមហ៊ុន PNCI) ចិន (ក្រុមហ៊ុនAlipay)ជប៉ុន សិង្ហបុរី ហ្វីជី កោះសូឡូម៉ុន និងរវ៉ាន់ដា ជាដើម៕