ជាតិ
សេដ្ឋកិច្ច
តុលាការកំពូល សម្រេចប្រើប្រាស់ថ្នាល verify.gov.kh ដើម្បីបង្កើនប្រសិទ្ធភាពការងារ​
29, Feb 2024 , 10:29 am        
រូបភាព
(ឆ្វេង) លោក ជីវ កេង ប្រធានតុលាការកំពូល និង លោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីប្រៃសណីយ៍ និងទូរគមនាគមន៍ .
(ឆ្វេង) លោក ជីវ កេង ប្រធានតុលាការកំពូល និង លោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីប្រៃសណីយ៍ និងទូរគមនាគមន៍ .
តុលាការកំពូល និងមហាអយ្យការអមតុលាការកំពូល សម្រេចប្រើប្រាស់ថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh ដើម្បីបង្កើតប្រសិទ្ធភាពការងារ។ ការប្រើប្រាស់នូវថ្នាលនេះ ត្រូវបានរៀបចំដោយក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍។

 
លោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់ស្តីពី កិច្ចសហប្រតិបត្តិការដាក់ឱ្យប្រើថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh និងការរៀបចំហេដ្ឋារចនាសម្ព័ន្ធនិងការតភ្ជាប់អ៊ីនធឺណិត ជាមួយលោក ជីវ កេង ប្រធានតុលាការកំពូល នាថ្ងៃទី២៧កុម្ភៈ ឆ្នាំ២០២៤។​ ក្រោមកិច្ចសហប្រតិបត្តិការនេះ ក្រសួងប្រៃសណីយ៍ នឹងជួយគាំទ្រដល់តុលាការកំពូល ក្នុងការធ្វើបរិវត្តកម្មឌីជីថលផ្ទៃក្នុង ដើម្បីបង្កើនប្រសិទ្ធភាពការងារ។ 
 
ក្នុងដំណាក់កាលទី១ ក្រសួងប្រៃសណីយ៍ នឹងដាក់QR Codeស្តង់ដា លើឯកសាររបស់តុលាការកំពូល និងមហាអយ្យការអមតុលាការកំពូល ដែលអាចផ្ទៀងផ្ទាត់បានតាមថ្នាល Verify.gov.kh​។ លើសពីនេះ ក្រសួង នឹងរៀបចំបណ្តាញហេដ្ឋារចនាសម្ព័ន្ធ និងតភ្ជាប់អ៊ីនធឺណិត ស្របតាមតម្រូវការនៃការប្រើប្រាស់ជាក់ស្តែង រួមទាំងការកំណត់តម្រូវការនៃប្រើប្រាស់កុំព្យូទ័រ ឬ ឧបករណ៍ឌីជីថលជារបស់រដ្ឋ និងការប្រើប្រាស់ Software ដែ​លមានអាជ្ញាបណ្ណក្នុងការងារ​ប្រចាំថ្ងៃ។​ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងប្រៃសណីយ៍។​
 
លោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ បានបញ្ជាក់ថា  Verify.gov.kh​  គឺជាថ្នាលដំណោះស្រាយឌីជីថល ដែលជួយបង្កើនប្រសិទ្ធភាពការងាររបស់ក្រសួង-ស្ថាប័ននីមួយៗ ​លើការផ្តល់សេវាសាធារណៈបានយ៉ាងរហ័ស មានសុវត្ថិភាពខ្ពស់ រួមទាំងកាត់បន្ថយចំណាយមិនចាំបាច់នានា បានច្រើនថែមទៀត។  លោកបានរំលឹកយ៉ាងដូច្នេះ ៖ «សម្រាប់វិស័យអប់រំមួយ ដែលប្រើថ្នាលឌីជីថលនេះ ក្រសួងអប់រំចំណេញយ៉ាងតិច២-៣លានដុល្លារក្នុងមួយឆ្នាំៗ តាមរយៈការកាត់បន្ថយចំណាយប្រតិបត្តិការនានា។ ជាពិសេស គឺការមិនចំណាយលើបោះពុម្ពសញ្ញាបត្របណ្តោះអាសន្នដល់សិស្សប្រឡងជាប់បាក់ឌុប»។
 
ក្រៅពីដាក់QR Codeស្តង់ដា លើឯកសារតាមថ្នាល Verify.gov.kh​  ហើយនោះ ក្រសួងប្រៃសណីយ៍ ក៏ដាក់កម្មវិធីកំណត់មុខសញ្ញាមន្ត្រីជំនាញ ដែលត្រូវទទួលបានការបណ្តុះបណ្តាល និងពិគ្រោះយោបល់រៀបចំផែនការសកម្មភាពការងារ ក្នុងក្របខណ្ឌគណៈកម្មាធិការរដ្ឋាភិបាលឌីជីថល រួមទាំងគិតគូរពីប្រព័ន្ធបច្ចេកវិទ្យាឌីជីថល សម្រាប់ការងារប្រចាំថ្ងៃដល់មន្ត្រីរបស់តុលាការកំពូល ផងដែរ។ 
 
ថ្នាលផ្ទៀងផ្ទាត់ឯកសារនេះ ត្រូវបានក្រសួងប្រៃសណីយ៍ ដាក់ឱ្យប្រើប្រាស់ ក្នុងគោលបំណងលុបបំបាត់ការក្លែងបន្លំឯកសារ​ ជាពិសេសផ្តល់ភាពងាយស្រួលក្នុងការ ផ្ទៀងផ្ទាត់ភាពត្រឹមត្រូវនៃឯកសារផ្តល់ទំនុកចិត្ត ចំណេញពេលវេលា និងកាត់បន្ថយចំណាយនានា ព្រមទាំងជំរុញការធ្វើបរិវត្តកម្មឌីជីថល ស្របតាមឧត្តមានុវត្តជាអន្តរជាតិ។
 
លោក ជា វ៉ាន់ដេត បានអះអាងថា ការផ្ទៀងផ្ទាត់ឯកសារតាមថ្នាល Verify.gov.kh​ ត្រូវបានធ្វើឡើងតាមរយៈការដាក់បញ្ជូល QR Code ស្តង់ដា ដោយប្រើបច្ចេកវិទ្យាប្លុកឆេន(Blockchain) ដែលមានសុវត្ថិភាពខ្ពស់នៅលើសន្លឹកឯកសារនីមួយៗ។ ការប្រើប្រាស់ឯកសារមានដាក់QR Code ស្តង់ដានេះ មិនតម្រូវឱ្យមានការធ្វើនីត្យានុកូលកម្ម លើឯកសារថតចម្លងក្នុងទម្រង់ជាក្រដាសឡើយ។ 
 
កាលពីថ្ងៃទី១កុម្ភៈ ឆ្នាំ២០២៤​ ថ្នាលផ្ទៀងផ្ទាល់ឯកសារ verify.gov.kh បានឈ្នះមេដាយមាស លើផ្នែកដំណោះស្រាយឌីជីថលក្នុងការផ្តល់សេវាសាធារណៈល្អបំផុតរបស់អាស៊ាន ឆ្នាំ២០២៤​ នៅប្រទេសសិង្ហបុរី ខណៈ«ប្រព័ន្ធសុខាភិបាលឌីជីថល»របស់ថៃទទួលបានមេដាយប្រាក់ ហើយ «ប្រព័ន្ធសំបុត្រកំណើត និងសំបុត្រមរណភាព» របស់សិង្ហបុរីទទួលបានមេដាយសំរឹទ្ធ។
 
គិតមកទល់បច្ចុប្បន្ន​ គឺមានក្រសួង​និងគ្រឹះស្ថានអប់រំចំនួន៣៥ហើយ ដែលប្រើថ្នាលផ្ទៀងផ្ទាត់ឯកសារVerify.gov.kh នេះ៕

Tag:
 សេដ្ឋកិច្ចឌីជីថល
© រក្សាសិទ្ធិដោយ thmeythmey.com