RFI
អន្តរជាតិ
អាកាសធាតុ​ឡើង​ក្តៅ​ខ្លាំង​ហួសហេតុខុស​ប្រក្រតី​​នៅភាគ​ខាងត្បូង​វៀតណាម
29, Feb 2024 , 7:39 pm        
រូបភាព
អាកាសធាតុ​ឡើង​ក្តៅ​ខ្លាំង​ហួសហេតុខុស​ប្រក្រតី​​នៅភាគ​ខាងត្បូង​វៀតណាម REUTERS - ALY SONG
អាកាសធាតុ​ឡើង​ក្តៅ​ខ្លាំង​ហួសហេតុខុស​ប្រក្រតី​​នៅភាគ​ខាងត្បូង​វៀតណាម REUTERS - ALY SONG
ដោយ៖អៀង សុខម៉ិញ /RFI ខេមរភាសា
 
ទីភ្នាក់ងារ​ឧតុនិយម​វៀតណាម​បាន​ប្រកាស​នៅថ្ងៃ​ទី ២៨ ​កុម្ភៈ​ ២០២៤​នេះ ថា​ភាគ​ខាង​ត្បូង​ប្រទេស​ដែល​តំបន់​យុទ្ធសាស្ត្រ​សម្រាប់​ដាំ​ដុះ​ស្រូវ កំពុង​រង​រលក​កម្តៅ​ខ្លាំង​ហួសហេតុ​ខុស​ប្រក្រតី។ ជា​អាកាសធាតុ​ក្តៅ​ខ្លាំង​ហើយ មាន​រយៈ​ពេល​យូរ និង​ជា​ទូទៅ​តែម្តង។

 
តាម​ធម្មតា តំបន់​ភាគ​ខាង​ត្បូង​ប្រទេស​វៀតណាម​ ក៏​ដូច​ជាតំបន់​អាស៊ីអាគ្នេយ៍​ទាំង​មូល តែង​មាន​អាកាសធាតុ​ក្តៅ​ខ្លាំងបំផុត​ដល់​កំពូល​ ​ខែ​មេសា​ឬ​នៅ​ខែ​ឧសភា ដោយ​សីតុណ្ហភាព​អាច​ឡើង​ដល់​៣៩​អង្សា។ ប៉ុន្តែ​នៅ​ឆ្នាំ​២០២៤​នេះ រលក​កម្តៅ​បានឡើង​ខ្ពស់​ខ្លាំង​មុន​រដូវ ហើយ​អូស​បន្លាយ​ពេល​យូរខែ​ទៀត និង​មាន​លក្ខណៈ​ក្តៅ​ខ្លាំង​ជាទូទៅ​តែម្តង ជាមួយ​សីតុណ្ហភាព​វិល​ម្តុំ​ ៣៧-៣៨​អង្សា។ នេះ​បើ​តាម​សេចក្តីប្រកាស​​របស់លោក Dinh Quyet ប្រធាន​ទី​ភ្នាក់ងារ​ព្យាករណ៍​ឧតុនិយមវៀតណាម​ភាគ​ខាង​ត្បូង ដោយ​លម្អិត​ថា​ អាកាសធាតុ​ក្តៅ​ចម្លែក​ ខុស​ទម្លាប់​នេះ បណ្តាល​មក​ពីបាតុភូត​ធម្មជាតិ​អែលនីញ៉ូ បូក​ផ្សំ​នឹង​​ការ​ប្រែប្រួល​អាកាសធាតុ​នៃ​ភព​ផែន​ដី​សម្រាប់​ពិភពលោក​ទាំងមូល​ផង។
 
តាំងពី​ដើម​ខែ​កុម្ភៈ​ ក្រុង​ហូជីមិញ តំបន់​​ដែល​តា​ទន្លេមេគង្គភាគ​ខាង​ត្បូង​ប្រទេស​វៀតណាម​ រង​រលក​កម្តៅ​យ៉ាងខ្លាំង ដែល​ធ្វើ​ឱ្យ​បណ្តាញ​ប្រលាយ​ទឹកដ៏​ចាំបាច់​សម្រាប់​ធ្វើ​ស្រែ​និង​សម្រាប់​ជា​ផ្លូវ​ចរាចរណ៍​ដឹកជញ្ជូន​ទំនិញ​កសិកកម្ម​បាន​ហួត​ស្ទើរ​អស់។ បើតាមការ​​ពន្យល់របស់​អាជ្ញាធរ​ ប្រលាយ​ជាង​៨០​នៅ​ស្រុក​Tran Van Thoi ខេត្ត​Ca Mau បាន​រីង​។ កសិករ​ត្រូវ​ធ្វើ​ស្រែ​រំពឹង​លើ​ទឹក​ភ្លៀង​ ប៉ុន្តែ​ដោយ​មិន​អាច​ទប់​​ទឹកបាន​​គ្រប់គ្រាន់​ គេ​ត្រូវ​បូម​បន្ថែម​ពី​ប្រភព​ផ្សេងៗ​ ដែល​ជា​ហេតុ​ធ្វើ​ឱ្យ​ស្ងួត​ប្រេះ​និង​បាក់​ដី ប្រមាណ​៣៤០កន្លែង​ហើយ​ គិត​ចាប់​តាំងពី​ដើម​ឆ្នាំ​មក។ ឯ​​ដំណាំ​ស្រូវ​មួយភាគ​ធំ​នឹងក៏​ផ្តល់​មិន​ល្អ​ដោយ​ខ្វះ​ទឹក។
 
អង្គការ​ឧតុនិយម​ពិភពលោក និងទីភ្នាក់ងារ​សង្កេត​មហាសមុទ្ទ​និង​បរិយាកាស​​អាមេរិក​ បាន​ព្រមាន​ កាលពីកណ្តាល​​​ខែ​មករា​ថា ឆ្នាំ​២០២៤ អាច​នឹង​បំបែក​ឯតទគ្គកម្ម​កម្តៅ​ ឆ្នាំ​ចាស់​ឆ្នាំ​២០២៣។ ទី​​ភ្នាក់ងារ​អាមេរិក​ប្រាកដ​ក្នុង​ចិត្ត​ស្ទើរ​ទាំង​ស្រុង​ (៩៩%) ថា​២០២៤​នឹង​ជាប់​ចំណាត់​ថ្នាក់ក្នុង​ចំណោម ​ឆ្នាំទាំង​៥​ដែល​​ក្តៅ​ជាង​គេ​បំផុត​ក្នុងប្រវត្តិសាស្ត្រ៕
 

© រក្សាសិទ្ធិដោយ thmeythmey.com