កីឡាអន្តរជាតិ
អន្តរជាតិ
Ronaldo រងពិន័យ ១ប្រកួត ចំពោះកាយវិការអាសអាភាស
29, Feb 2024 , 8:59 pm        
រូបភាព
ខ្សែប្រយុទ្ធ Cristiano Ronaldo រងពិន័យ ១ប្រកួត បន្ទាប់ពីបង្ហាញអាកប្បកិរិយាអាសអាភាសទៅកាន់អ្នកគាំទ្រក្រុម Al Shabab ក្នុងជ័យជម្នះរបស់ក្រុម Al Nassr លទ្ធផល ៣-២ កាលពីសប្តាហ៍មុន។ នេះបើតាមការប្រកាសរបស់គណៈកម្មាធិការវិន័យ និងក្រមសីលធម៍សហព័ន្ធបាល់ទាត់អារ៉ាប៊ីសាអូឌីត (SAFF)។



រឿងហេតុកើតឡើងបន្ទាប់ពីអាជ្ញាកណ្តាលបញ្ចប់ការប្រកួត ហើយអ្នកគាំទ្រក្នុងកីឡដ្ឋានបានថតជាប់ការធ្វើកាយវិការអាសអាភាសរបស់ Ronaldo ដែលមានបំណងឌឺដងត្រឡប់ទៅអ្នកគាំទ្រក្រុម Al Shabab។ 
 
មូលហេតុដែល Ronaldo បង្ហាញកាយវិការបែបនោះ ព្រោះតែអ្នកគាំទ្រក្រុម Al Shabab បានស្រែកចម្អកឌឺដងរូបគេមុនដោយឡាយឡំនឹងឈ្មោះខ្សែប្រយុទ្ធ Lionel Messi។ 
  


រវាងតារាបាល់ទាត់សញ្ជាតិព័រទុយហ្កាល់ និងអាហ្សង់ទីន ធ្លាប់បានក្លាយជាគូប្រជែងគ្នាដ៏ស្វិតស្វាញអំឡុងពេលប្រកបអាជីពនៅទឹកដីប្រទេសអេស្ប៉ាញ។
 
បើតាមគណៈកម្មាធិការវិន័យ SAFF ខ្សែប្រយុទ្ធសញ្ជាតិព័រទុយហ្កាល់នឹងត្រូវរងពិន័យព្រមទាំងត្រូវបង់ប្រាក់ ១០,០០០រីយ៉ាល (២,៦៦៦ដុល្លារ) ទៅកាន់សហព័ន្ធ SAFF ហើយត្រូវបង់ប្រាក់ ២០,០០០រីយ៉ាល (៥,២២២ដុល្លារ) ទៅកាន់ក្រុម Al Shabab ដើម្បីជាការសងជំងឺចិត្ត និងរ៉ាប់រងថ្លៃចំណាយលើការដាក់ពាក្យបណ្តឹង។
 
រឿងហេតុដដែលនេះ ធ្លាប់បានកើតឡើងកាលពីខែមេសា ឆ្នាំ ២០២៣ កីឡាករវ័យ ៣៩ឆ្នាំ ធ្លាប់បានបង្ហាញកាយវិការអាសអាភាសបែបនឹងម្តងរួចផងដែរ ខណៈរូបគេកំពុងធ្វើដំណើរចូលទៅក្នុងបន្ទប់ផ្លាស់សម្លៀកបំពាក់ ក្រោយក្រុម Al Nassr ចាញ់ក្រុម Al Hilal លទ្ធផល ២-០។ បច្ចុប្បន្ន Al Nassr និង​ Al Hilal ជាក្រុមកំពុងតែប្រជែងគ្នាដណ្តើមពានរង្វាន់លីគកំពូលអារ៉ាប៊ីសាអូឌីត៕

Tag:
 Cristiano Ronaldo
  Al Nassr
© រក្សាសិទ្ធិដោយ thmeythmey.com