សេដ្ឋកិច្ចអន្តរជាតិ
អន្តរជាតិ
ក្រុមហ៊ុនសិង្ហបុរី បោះទុនអភិវឌ្ឍន៍លំនៅឋានក្បែរអាកាសយានដ្ឋានតេជោក្រុងតាខ្មៅ
29, Feb 2024 , 9:29 pm        
រូបភាព
 រូបភាព ៖ Marum Estate
រូបភាព ៖ Marum Estate
ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ Sir Stamford Raffles Group (SSRG) មានមូលដ្ឋាននៅសិង្ហបុរីបានដាក់បង្ហាញគម្រោងលំនៅឋានដំបូងនៅកម្ពុជាមានឈ្មោះថា Marum Estate។ គម្រោងនេះ សាងសង់លើផ្ទៃដីទំហំ ២២,៦ហិកតា ដែលមានទីតាំងជិតអាកាសយានដ្ឋានអន្តរជាតិថ្មី ខេត្តកណ្តាល។

 
គម្រោងលំនៅឋាន Marum Estate បានដាក់បង្ហាញជាសារធារណៈលើកដំបូងកាលពីថ្ងៃទី៣១ ខែមករា ស្ថិតនៅភាគខាងត្បូងទីក្រុងភ្នំពេញ​ ដែលមានការអភិវឌ្ឍន៍បែបចម្រុះរួមបញ្ចូលនូវលំនៅឋាន តំបន់ពាណិជ្ជកម្ម ការថែទាំសុខភាព ការអប់រំ  និងគ្រឿងបរិក្ខារសម្រាប់ចាស់ជរា។ 
 
Marum Estate មានទីតាំងស្ថិតនៅជាប់នឹងទន្លេបាទី និងខាងក្រោយភ្នំតាម៉ៅ ដែលមានអាកាសយានដ្ឋានអន្តរជាតិតេជោតាខ្មៅនៅក្បែរផងនោះ។  ខេត្តកណ្តាល នឹងក្លាយជាច្រករបៀងសេដ្ឋកិច្ចថ្មីរបស់កម្ពុជា។ 
 
«ភាគខាងត្បូងខេត្តកណ្តាល ជាច្រករបៀងសេដ្ឋកិច្ចថ្មីដោយសារការរីកចម្រើននៃព្រលានយន្តហោះតេជោតាខ្មៅ។ អាកាសយានដ្ឋាននេះគ្រោងបញ្ចប់នៅឆ្នាំ២០២៥។ វាជាការតភ្ជាប់ដ៏ល្អជាមួយការអភិវឌ្ឍ Marum Estate។ លោក Ng Aung San ស្ថាបនិក SSRG និងជាសហនាយកប្រតិបត្តិក្រុមហ៊ុនបានប្រាប់សារព័ត៌មានបែបនេះក្នុងអំឡុងពេលសម្ពោធ Marum Estate ដែលធ្វើនៅក្នុងសណ្ឋាគារ Hyatt Regency Phnom Penh។
 
រូបភាព ៖ Marum Estate 

លោកបន្ថែមថា ក្រៅពីព្រលានយន្តហោះថ្មី គម្រោងហេដ្ឋារចនាសម្ព័ន្ធដូចជា ស្ពានអាកាសព្រះមុនីវង្សថ្មី រំពឹងថានឹងកាត់បន្ថយការកកស្ទះចរាចរណ៍តទៅកាន់ខេត្តកណ្តាល។ «នៅពេលដែលវារួចរាល់ ការតភ្ជាប់ពី Marum Estate ទៅកាន់រាជធានីនឹងកាន់តែលឿន និងងាយស្រួលជាងមុន»។  
 
គម្រោងលំនៅឋាន Marum Estate រំពឹងថានឹងបញ្ចប់នៅឆ្នាំ២០៣០ ហើយចែកការអភិវឌ្ឍជា២ដំណាក់កាល។ ដំណាក់កាលទី១ ការសាងសង់ភាគច្រើនផ្តោតលើលំនៅឋានរស់នៅ និងកន្លែងលក់ទំនិញមួយចំនួន ដែលនឹងចាប់ផ្តើមសាងសង់នៅត្រីមាសទី២ ឆ្នាំនេះ។ 
 
យោងតាម ​​SSRG គម្រោង Marum Estate នឹងផ្តល់ជូនលំនៅឋានសរុបចំនួន៦៤២ ចែកចេញជា ៦ប្រភេទមាន Greenwood Residences (បន្ទប់គេង៣) Orchard Residences (បន្ទប់គេង៤) Sanctuary Residences (បន្ទប់គេង៥) Reserve Residences (បន្ទប់គេង៦) និង Reserve Residences (បន្ទប់គេង៨)។ តម្លៃលក់សម្រាប់លំនៅឋាននៅទីនេះចាប់ពី ១៩ម៉ឺនដុល្លារឡើងទៅ។ នេះបើតាមសារព័ត៌មាន​ The Edge។ 
 
គម្រោង Marum Estate ផ្តោតលើអតិថិជនក្នុងស្រុកជាចម្បង ។«យើងកំពុងកំណត់អតិថិជនគោលដៅសម្រាប់ប្រជាជនកម្ពុជាដែលមានជីវភាពធូរធារក្នុងស្រុកប្រហែល ៨០ទៅ៩០ភាគរយ... វាក៏នឹងផ្គត់ផ្គង់ដល់ការរស់នៅបែបចម្រុះ»។ លោកNg Aung San បានថ្លែងបែបនេះដោយបន្តថា ផ្នែកដែលនៅសេសសល់ ១០-២០ភាគរយគឺទុកសម្រាប់អតិថិជនបរទេស៕ 

Tag:
 អចលនទ្រព្យ
  សិង្ហបុរី
© រក្សាសិទ្ធិដោយ thmeythmey.com