RFI
អន្តរជាតិ
សង្រ្គាមហ្កាហ្សា៖ កាតាជា​តួអង្គមិនអាចខ្វះបាន នៅក្នុង​ការចរចា​បទឈប់បាញ់ និង​ដោះដូរ​ចំណាប់ខ្មាំង
01, Mar 2024 , 7:59 am        
រូបភាព
ប្រធានាធិបតីបារាំង លោកម៉ាក្រុង ទទួលប្រមុខរដ្ឋកាតា អេមៀ តាមីម បិន ហាម៉ាដ អាល់ ថានី​ នៅវិមានអេលីហ្សេ នៅថ្ងៃទី​២៧​កុម្ភៈ ២០២៤ AP - Thibault Camus
ប្រធានាធិបតីបារាំង លោកម៉ាក្រុង ទទួលប្រមុខរដ្ឋកាតា អេមៀ តាមីម បិន ហាម៉ាដ អាល់ ថានី​ នៅវិមានអេលីហ្សេ នៅថ្ងៃទី​២៧​កុម្ភៈ ២០២៤ AP - Thibault Camus
ដោយ៖ RFI ខេមរភាសា
 
ប្រមុខរដ្ឋកាតា អេមៀ តាមីម បិន ហាម៉ាដ អាល់ ថានី​ផ្តើមទស្សនកិច្ច​ផ្លូវរដ្ឋ រយៈពេល​២​ថ្ងៃ នៅ​ប្រទេស​បារាំង។ ក្រៅតែពីជំរុញ​ទំនាក់ទំនង​បារាំង និងកាតា ដែលជា​ប្រទេស​មហា​សេដ្ឋីប្រេង ទស្សនកិច្ច​ជាលើកទី១​របស់​ព្រះចៅកាតា នៅ​ទីក្រុង​ប៉ារីស នឹង​ផ្តោតសំខាន់​លើ​ការចរចា​បទឈប់បាញ់ និង​ការដោះលែង​ចំណាប់ខ្មាំង។ ខណៈដែលនាយករដ្ឋមន្រ្តី​អ៊ីស្រាអែល​ត្រៀមលក្ខណៈ​វាយប្រហារ​ជើងគោក​ចូល​ទីក្រុង​រ៉ាហ្វា ដែលជា​ជំរកចុងក្រោយ​របស់​ប្រជាជន​ប៉ាឡេស្ទីន នៅ​ហ្កាហ្សា បារាំង អេហ្ស៊ីប និងអាមេរិក​ងាកទៅ​ជំនួយ​ពីកាតា ដែលជាអន្តរការី ធ្លាប់ដើរតួសំខាន់ នៅ​ក្នុង​ការចរចា​ឲ្យមានការផ្អាកបាញ់ នៅហ្កាហ្សា ជាថ្នូរនឹង​ការដោះលែង​ចំណាប់ខ្មាំងជាង ១០០នាក់​ កាល​ពី​ខែ​វិច្ឆិកា​ឆ្នាំមុន។ ហេតុអ្វីបានជា​កាតា​ជាតួអង្គមិនអាច​ខ្វះបាន នៅក្នុងការចរចា​ស្តីការដោះដូរ​ចំណាប់ខ្មាំង ឬបទឈប់បាញ់​នៅ ហ្កាហ្សា?



នៅប៉ុន្មានថ្ងៃ​មកនេះ យុទ្ធនាការចរចាដើម្បី​ជំរុញ​ឲ្យ​មាន​បទឈប់បាញ់​នៅហ្កាហ្សា ជាថ្នូរ​នឹង​ការដោះលែង​ចំណាប់ខ្មាំង​អ៊ីស្រាអែល មាន​កាន់​តែ​ច្រើន ជាពិសេស នៅចំពោះមុខ​វិបត្តិមនុស្សធម៌​ដ៏អាក្រក់ក្រៃលែងនៅហ្កាហ្សា និងការគំរាម​របស់​នាយករដ្ឋមន្រ្តីអ៊ីស្រាអែល ដើម្បី​បើកសមរភូមិជើងគោកសម្រុកចូលក្រុង​រ៉ាហ្វា ដែលជា​ជំរកចុងក្រោយ​របស់​ប្រជាជន​ប៉ាឡេស្ទីន។
 
នៅចំពោះមុខស្ថានការណ៍បន្ទាន់ ​ប្រធានាធិបតីអាមេរិក លោក​ចូ បៃដិន​ប្រកាសនៅថ្ងៃចន្ទថា អ៊ីស្រាអែល​យល់ព្រម​បទឈប់បាញ់នៅហ្កាហ្សា ​នៅអំឡុងបុណ្យតមអាហារ​របស់​អ្នកកាន់សាសនាអ៊ីស្លាម។ មួយថ្ងៃក្រោយ អ្នកនាំពាក្យ​របស់​ក្រសួងការបរទេស​កាតា​វិញបាន​និយាយ​ថា កាតា​សង្ឃឹម​ ជំរុញ​ឲ្យមានបទឈប់បាញ់ឲ្យបាន ​នៅមុន​ពិធីបុណ្យតមអាហារ ឬ រ៉ាម៉ាដង់ ដែលត្រូវចាប់ផ្តើម​នៅថ្ងៃទី​១១​មីនាខាងមុខ។ កាតាមិនទាន់ប្រាកដក្នុងចិត្ត​ថា​នឹងអាច​មានកិច្ចព្រមព្រៀងស្តីពីបទឈប់បាញ់ ព្រោះថា អ្វីៗ​អាច​ប្រែប្រួលគ្រប់ពេលវេលាទៅតាម​ការសម្រេចចិត្តរបស់ភាគីជម្លោះជាពិសេស អ៊ីស្រាអែល ដែលធ្លាប់​ប្តេជ្ញាចិត្ត​បិទផ្លូវ លែងចរចាជាមួយក្រុមហាម៉ាស។
 
ក្រុមហាម៉ាសផ្ទាល់ដែលជា​ភាគីជម្លោះ​នៅក្នុង​សង្រ្គាមហ្កាហ្សា​ក៏បាន​ពន្លយ​ដែរថា ការដោះលែង ឬ​មិន​ដោះលែងចំណាប់ខ្មាំង អាស្រ័យទៅលើលទ្ធផលចរចា​នៅទីក្រុង​ប៉ារីស។ ក្រុមហាម៉ាស​ចង់សំដៅ​ដល់​វត្តមាន​របស់​អេមៀររបស់កាតា លោកតាមីម បិន ហាម៉ាដ អាល់ ថានី នៅទីក្រុង​ប៉ារីស ជាទីដែល​ប្រមុខរដ្ឋ​របស់​មហាសេដ្ឋីប្រេងមួយនេះ​ត្រូវ​ជួបពិភាក្សា​ជាមួយ​ប្រធានាធិបតីបារាំងស្តីពីការដោះដូរចំណាប់ខ្មាំង។ ការដោះដូរចំណាប់ខ្មាំង​ជា​បញ្ហាអាទិភាព​សម្រាប់បារាំង ដែលមានជនជាតិ​របស់ខ្លួន​៣នាក់កំពុងជាប់ក្នុងដៃ​របស់​ក្រុមហាម៉ាស។
 
ជាមួយអាមេរិក អេហ្ស៊ីប​ និង​បារាំង កាតា​បានដើរតួជាអន្តរការីដ៏សំខាន់នៅក្នុងការចរចា​រវាងភាគីជម្លោះអ៊ីស្រាអែល និង​ក្រុមហាម៉ាស​ប៉ាឡេស្ទីន។ គិតចាប់តាំងពី​ផ្ទុះសង្រ្គាម​ហ្កាហ្សា កាលពី​ដើម​ខែ​តុលា កាតា​ធ្លាប់​បង្ហាញ​ស្នាដៃ​ដែលគេ​មិនអាច​មិនកោតសរសើរបាន នោះ​គឺការ​ជួយសម្របសម្រួល បញ្ចុះបញ្ចូល​រហូតដល់​មាន​បទឈប់បាញ់មនុស្សធម៌នៅ​ហ្កាហ្សា និង​​ឈានទៅដល់​ការដោះលែង​ចំណាប់ខ្មាំង​ប្រមាណ​១០០នាក់ ដែល​ក្រុមហាម៉ាស​ចាប់អូសយកទៅ​លាក់​ទុកនៅហ្កាហ្សា​នៅ​ថ្ងៃ​ធ្វើភេរវកម្ម​ ៧តុលា។
 
ជោគជ័យ​របស់​កាតា​ក្នុងនាមជា​អន្តរការី​នៅក្នុង​ការចរចារវាង​ភាគីជម្លោះអ៊ីស្រាអែល និង​ក្រុមហាម៉ាស​បាន​រំលេច​ឲ្យឃើញពីភាពប៉ិនប្រសប់​នយោបាយការទូត​របស់​ប្រទេសកូនរដ្ឋ​ដ៏តូចមួយនេះ​នៅ​ឈូងសមុទ្រ​ពែរ្ស៍។ ជា​មហាសេដ្ឋីឧស្ម័ន​ធម្មជាតិ លំដាប់លេខ៣ នៅក្នុងពិភពលោក កាតាចេះប្រកាន់ជំហរពិសេស​ នោះគឺចុះសម្រុងជាមួយគ្រប់គ្នា។ នៅដៃម្ខាង កាតាចាប់ដៃល្អូកល្អឺនជាមួយ​មហាអំណាច​លោកខាងលិច ប៉ុន្តែ នៅដៃម្ខាងទៀត កាតានៅតែ​ចាប់ក្រសោប​ រក្សាទំនាក់ទំនងជិតស្និទ្ធជាមួយក្រុមជ្រុលនិយម ដូចជា​ក្រុមប្រដាប់អាវុធហាម៉ាស ឬអ៊ីរ៉ង់ដែលជារដ្ឋ​សំអប់របស់​សម្ព័ន្ធមិត្តអាមេរិក​របស់កាតា។ សម្រាប់អ្នកជំនាញ នៅក្នុង​ការចរចា​ស្តីពីវិបត្តិនៅហ្កាហ្សា កាតា​មាន​សមត្ថភាពពិសេស​ដែលគ្មានអន្តរការីណា​មានដូចខ្លួន។ កាតា​ផ្តល់ទីតាំងសម្រាប់ឲ្យក្រុមហាម៉ាសមានទីស្នាក់ការផ្លូវការរបស់ខ្លួននៅទីក្រុង​ដូហា ក្រោមភ្លើងខៀវរបស់អាមេរិកដែលចង់មានខ្សែទាក់ទងចរចាជាមួយក្រុមនេះម្តងម្កាល។
 
តាមមន្រ្តីកាតា ការិយាល័យនយោបាយរបស់ក្រុមហាម៉ាស​នៅ ទីក្រុង​ដូហា ធ្លាប់​ទាក់ទង​ជាមួយរដ្ឋបាលអាមេរិកជាច្រើនដើម្បីធានា​ស្ថានភាពនៅហ្កាហ្សា និង​នៅអ៊ីស្រាអែល។ ម្យ៉ាង ដោយសារ​តែកាតាជាអ្នកឧបត្ថម្ភយ៉ាងទៀងទាត់​ទឹកប្រាក់​៣០លាន​ដុល្លារសម្រាប់​បើកប្រាក់ខែ​ឲ្យ​មន្រ្តីហាម៉ាស​នៅហ្កាហ្សា​ជាង ១០ឆ្នាំមកនេះ ចង់ឬមិនចង់កាតា ដែលជាអ្នកចិញ្ចឹមចលនាហាម៉ាសនៅហ្កាហ្សា មានទំនាក់ទំនងពិសេស មាន​ទឹកមាត់ប្រៃ​នៅក្នុងរឿងចរចា​​ជំរុញឲ្យក្រុមហាម៉ាសដោះលែងចំណាប់ខ្មាំង។
 
ដោយសារតែកាតាមានទំនាក់ទំនង និងឧបត្ថម្ភក្រុមប្រដាប់អាវុធហាម៉ាសដែលអាមេរិកចាត់ចូលក្នុងបញ្ជីភេរវនិយម និងមានទំនាក់ទំនងល្អជាមួយអ៊ីរ៉ង់ដែលជា​សត្រូវស៊ូពូជរបស់ អាមេរិក និងអ៊ីស្រាអែល កាតា​មិនសូវស្ថិតក្នុងក្រសែភ្នែកល្អ​របស់​ប្រទេស​ទាំងពីរឡើយ ប៉ុន្តែ គេគ្មានជម្រើសនោះទេ​។ ទី១ នៅកាតា អាមេរិកមាន​មូលដ្ឋានទ័ពដ៏ធំរបស់ខ្លួននៅទីនោះ។

ចំណែកអ៊ីស្រាអែលវិញ ទោះមិនសូវល្អូកល្អឺនជាមួយកាតា ប៉ុន្តែ អ៊ីស្រាអែល​នៅតែ​ត្រូវការចាំបាច់​ប្រទេស​កាតា​នៅក្នុងក្តីសង្ឃឹមថា នៅថ្ងៃណាមួយ កាតា​នឹងជួយជំរុញឲ្យមានការផ្លាស់ប្តូរក្បាលម៉ាស៊ីនដឹកនាំ​ប៉ាឡេស្ទីន​ ដោយផាត់ចោល​ក្រុមប្រដាប់អាវុធហាម៉ាស។
 
សម្រាប់សហគមន៍អន្តរជាតិ​ កាតាមិនមែនប៉ិនប្រសប់​ជួយ​ដោះស្រាយវិបត្តិចំណាប់ខ្មាំងអ៊ីស្រាអែល​តែមួយមុខនោះទេ។ កន្លងមក​ កាតា​ធ្លាប់បង្ហាញ​ស្នាដៃ​របស់ខ្លួនក្នុងនាមជា​អន្តរការីដ៏​លេចធ្លោ មាន​សមត្ថភាពបញ្ចុះបញ្ចូល​ឲ្យពួកតាលីបង់​បង្កើតការិយាល័យនយោបាយ​នៅ​ទីក្រុង​ដូហា។ គំនិតផ្ចុងផ្តើម​របស់​កាតា​បាន​ជួយឲ្យអាមេរិក​អាច​ចរចា​ដកទ័ពចេញពីអាហ្វហ្កានីស្ថាន​នៅ​ពាក់កណ្តាល​ឆ្នាំ​២០២១។ មួយវិញទៀត គេ​ក៏មិនត្រូវភ្លេចទេថា អ៊ីរ៉ង់​យល់ព្រមដោះលែងអ្នកទោសអាមេរិកកាលពីពេលថ្មីៗនេះ ក៏ដោយមកពីមានអន្តរាគមន៍​របស់​កាតា​ដែលមានទំនាក់ទំនង​ជិតស្និទ្ធជាមួយ​ឆ្មាំបដិវត្តន៍អ៊ីរ៉ង់ដែរ។ ភាពប៉ិនប្រសប់​របស់​កាតា​មិនត្រឹមធ្វើឲ្យកាតាក្លាយជា​អន្តរការី​ដ៏លេចធ្លោ ជួយដោះស្រាយវិបត្តិ​ចំណាប់ខ្មាំង​នៅដើមបូព៌ាតែប៉ុណ្ណោះទេ ប៉ុន្តែ វាធ្វើឲ្យកាតា​ល្បីឈ្មោះ​រហូត​ដល់ទឹកដីអឺរ៉ុប។ នៅខែតុលា​ចុងឆ្នាំមុន កាតាបានប្រកាសថា ខ្លួន​បានជួយសម្របសម្រួលរហូតធ្វើឲ្យកុមារអ៊ុយក្រែន៤នាក់ដែលត្រូវ​អាជ្ញាធររុស្ស៊ីចាប់យកទៅ​រុស្ស៊ី​នៅពេល​ដើមដំបូង​នៃ​សង្រ្គាម ​អាច​វិលត្រលប់ទៅជួបជុំឪពុកម្តាយរបស់ខ្លួននៅអ៊ុយក្រែនវិញ។
 
បន្ទាប់ពីជោគជ័យ​នៅក្នុងការសម្របសម្រួល​ភាគីជម្លោះអ៊ីស្រាអែល និងក្រុមហាម៉ាស រហូត​ដល់​មានការផ្អាកបាញ់មនុស្សធម៌ និងការដោះលែងចំណាប់ខ្មាំងរហូត​ដល់​១០០នាក់ កាតា​ត្រលប់​មកធ្វើអន្តរការី​ដ៏សកម្មសាជាថ្មី ដោយលើកនេះ កាតា​ត្រូវ​បញ្ចុះបញ្ចូលធ្វើយ៉ាងណា​ឲ្យអ៊ីស្រាអែល​យល់ព្រម​អនុវត្ត​បទឈប់បាញ់​ ជាថ្នូរនឹងការដោះលែង​ចំណាប់ខ្មាំងពីក្នុងដៃ​របស់​ពួកហាម៉ាស។ ប៉ុន្តែ ការងារជា​អន្តរការីរបស់​កាតាលើកនេះ​លំបាកជាងលើកមុន ព្រោះថា ភាគីជម្លោះម្ខាងៗ​ដាក់លក្ខខណ្ឌ​ច្រើនរៀងៗខ្លួន។ ពួកហាម៉ាស​ទាមទារថា ជាថ្នូរនឹងការដោះលែង​ចំណាប់ខ្មាំង១នាក់ អ៊ីស្រាអែល​ត្រូវអនុវត្តបទឈប់បាញ់​១ថ្ងៃ ដោះលែងអ្នកទោសប៉ាឡេស្ទីន១០នាក់។ លើសពីនោះអ៊ីស្រាអែលត្រូវបើកផ្លូវ​ឲ្យគេនាំយកជំនួយមនុស្សធម៌បន្ទាន់ដូចជាស្បៀងអាហារ ថ្នាំពេទ្យ​សម្រាប់ប្រជាជនប៉ាឡេស្ទីននៅរ៉ាហ្វា។ តាម​ប្រភពស្និទ្ធនឹងក្រុមចរចាដែលស្រង់ដោយ​​កាសែតអាមេរិក អ៊ីស្រាអែល​អាច​យល់ព្រម​ដោះលែងអ្នកទោសប៉ាឡេស្ទីន​១៥នាក់​ជាថ្នូរនឹងការដោះលែង​ទាហាន​អ៊ីស្រាអែល៥នាក់ដែលពួកហាម៉ាស​ចាប់ជាចំណាប់ខ្មាំងនៅហ្កាហ្សា។ ការទាមទារ​របស់ក្រុមហាម៉ាស​មានច្រើន​បើប្រៀបធៀប​នឹង​អ៊ីស្រាអែលដែលកំពុងមានប្រៀប​ក្នុងទីលាន​ប្រយុទ្ធហ្កាហ្សា។ ដូច្នេះ​តើ​កាតា​នៅតែ​ជា​អន្តរការីមានថ្វីមាត់​ដើម្បី​សម្របសម្រួល​ឲ្យមានបទឈប់បាញ់ក្នុងអំឡុងបុណ្យរ៉ាម៉ាដង់ ដើម្បី​ទប់ស្កាត់​ការសម្លាប់បង្ហូរឈាម​នៅរ៉ាហ្វាដែរឬទេ? លទ្ធផលយ៉ាងណា​ គេនឹងអាច​ដឹង​នៅ​ចុងសប្តាហ៍នេះ។ នេះបើតាម​ការលើកឡើង​របស់​គ្រប់ភាគីពាក់ព័ន្ធ​នឹងការចរចា ដែលនៅក្នងនោះមានផងដែរ លោក​ប្រធានាធិបតី​អាមេរិក ចូ បៃដិន៕
 

© រក្សាសិទ្ធិដោយ thmeythmey.com