សេដ្ឋកិច្ចអន្តរជាតិ
អន្តរជាតិ
G7 ខ្វែងគំនិតគ្នាលើរបៀបដោះស្រាយទ្រព្យសម្បត្តិរុស្ស៊ី ៣០០ពាន់លានដុល្លារ
01, Mar 2024 , 9:58 am        
រូបភាព
លោក Bruno Le Maire រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបារាំងថ្លែងនៅក្និងកិច្ចប្រជុំ G20 នៅប្រេស៊ីល ។ រូបភាព ៖ Reuters
លោក Bruno Le Maire រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបារាំងថ្លែងនៅក្និងកិច្ចប្រជុំ G20 នៅប្រេស៊ីល ។ រូបភាព ៖ Reuters
កិច្ចប្រជុំហិរញ្ញវត្ថុនៃក្រុមប្រទេស G7 បានខ្វែងគំនិតគ្នាជុំវិញរបៀបដោះស្រាយទ្រព្យសម្បត្តិរុស្ស៊ី ៣០០ពាន់លានដុល្លារដែលត្រូវបានបង្កក។ អាម៉េរិក​ចង់​រឹបអូស​ទ្រព្យសម្បត្តិ​នៅ​បរទេស​របស់​រុស្ស៊ីទាំងស្រុង ខណៈ​បារាំង​​ថា​មិនមាន​មូលដ្ឋាន​ច្បាប់​គ្រប់គ្រាន់​ដើម្បី​ធ្វើ​កិច្ចការ​នេះ។

 
បន្ទាប់ពីរុស្ស៊ីបានប្រតិបត្តិការយោធានៅអ៊ុយក្រែនក្នុងខែកុម្ភៈឆ្នាំ២០២២ ប្រទេសលោកខាងលិចបានដាក់ទណ្ឌកម្មជាបន្តបន្ទាប់លើសេដ្ឋកិច្ចរុស្ស៊ី និងបានបង្កកប្រាក់ប្រហែល ៣០០ពាន់លានដុល្លារនៅក្នុងទុនបំរុងប្តូរប្រាក់បរទេស និងទ្រព្យសម្បត្តិរបស់មហាសេដ្ឋីរបស់ប្រទេសនេះ។ សហភាពអឺរ៉ុបធ្លាប់មានគម្រោង រឹបអូសទ្រព្យសម្បត្តិរបស់រុស្ស៊ីដែលជាប់គាំង និងស្វែងរកដំណោះស្រាយផ្លូវច្បាប់ដើម្បីប្រើប្រាស់លុយនោះជួយអ៊ុយក្រែន ប៉ុន្តែរហូតមកដល់ពេលនេះភាគីនានានៅតែមិនយល់ស្រប។
 
នៅថ្ងៃទី ២៨ខែកុម្ភៈ មុនពេលកិច្ចប្រជុំរបស់មន្ត្រីហិរញ្ញវត្ថុ G7 នៅទីក្រុង Sao Paulo (ប្រេស៊ីល) រដ្ឋមន្ត្រីក្រសួងរតនាគារអាម៉េរិកលោកស្រី Janet Yellen បាននិយាយថា វាសមស្របតាមច្បាប់អន្តរជាតិ សេដ្ឋកិច្ច និងសីលធម៌ ដើម្បីបង្វែរថវិកា ៣០០ពាន់លានដុល្លារនេះ។ លោកស្រីថា លោកខាងលិចអាចរឹបអូស ឬប្រើប្រាស់វាជាវត្ថុបញ្ចាំ។ ទន្ទឹមនេះ អ៊ុយក្រែន​កំពុង​ត្រូវ​ការ​ជំនួយ​ជា​បន្ទាន់ ខណៈ​ការ​ប្រយុទ្ធ​គ្នា​បាន​ឈាន​ចូល​ឆ្នាំ​ទី​៣ហើយ។
 
ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ក្នុង​កិច្ច​ប្រជុំ​បន្ទាប់​ រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ​បារាំង Bruno Le Maire បាន​ច្រាន​ចោល​គំនិត​នេះទាំងស្រុង។ លោកថា បារាំងមិនបានឃើញមូលដ្ឋានច្បាប់អន្តរជាតិគ្រប់គ្រាន់ដើម្បីធ្វើដូចការលើកឡើងខាងលើនោះទេ ហើយ G7 ចាំបាច់ត្រូវពិចារណាឱ្យបានហ្មត់ចត់ជាងនេះ។
 
បើតាមលោក Bruno Le Maire វិធានការស្រដៀងគ្នានេះ ចាំបាច់ត្រូវអនុវត្តតាមច្បាប់អន្តរជាតិ និងការគាំទ្រពីសមាជិក G20 រួមទាំងរុស្ស៊ី ចិន និងប្រទេសដែលមិនមែនជាសម្ព័ន្ធមិត្តរបស់អាម៉េរិក។ 
 
​មួយ​ឆ្នាំ​កន្លង​ទៅ មន្ត្រី G7 មិន​បាន​​ធ្វើអ្វី​ជាមួយ​ទ្រព្យសម្បត្តិ​រុស្ស៊ី​ដែលរឹបអូសនោះ​ទេ។ ការ​ជជែក​ដេញដោល​គ្នា​នៅ​ថ្ងៃ​ទី​២៨ កុម្ភៈ បង្ហាញ​ថា លទ្ធភាព​នៃ​ការ​ឯកភាព​គ្នាតិចតួចបំផុត។
 
អនុរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុជប៉ុនលោក Masato Kanda បាននិយាយទៅកាន់សារព័ត៌មានបន្ទាប់ពីកិច្ចប្រជុំថា «យើងកំពុងពិភាក្សាដើម្បីឆ្ពោះទៅរកគោលដៅរួមមួយ ដោយនៅតែគោរពតាមច្បាប់អន្តរជាតិ»។
 
យ៉ាងណាមិញ លោក Le Maire បាននិយាយថា សំណើរបស់សហភាពអឺរ៉ុប (EU) នៅថ្ងៃទី២៨ ខែកុម្ភៈ ក្នុងការប្រើប្រាស់រកប្រាក់ចំណេញពីទ្រព្យសម្បត្តិខាងលើនេះ ជាជំហានដ៏សំខាន់មួយ។ រដ្ឋមន្ត្រីហិរញ្ញវត្ថុអាល្លឺម៉ង់ Christian Lindner បានហៅវាថាជា «វាជំហានជាក់ស្តែង និងផ្លូវច្បាប់ដែលអាចអនុវត្តបានយ៉ាងឆាប់រហ័ស» ។
 
សម្រាប់លោក Kanda យល់ថា ការប្រើប្រាស់ប្រាក់ចំណេញដែលរឹបអូសពីទ្រព្យសម្បត្តិរបស់រុស្ស៊ីទំនងជានឹងត្រូវបានអនុម័តដោយ G7 និងអន្តរជាតិ។ កាណាដាយល់ស្របថា ចាំបាច់ត្រូវពន្លឿនការរឹបអូសទ្រព្យសម្បត្តិរបស់រុស្ស៊ី ដើម្បីជួយអ៊ុយក្រែន ហើយរុស្ស៊ី​នៅតែ​គំរាម​សងសឹក ប្រសិនបើ​លោកខាងលិច​បន្ត​ចេតនា​នេះ​៕ 

Tag:
 G7
  បារាំង
  អាម៉េរិក
  រុស្ស៊ី
© រក្សាសិទ្ធិដោយ thmeythmey.com