អន្តរជាតិ
ស្រីលង្កាបញ្ឈប់ការផ្តល់ទិដ្ឋាការឥតគិតថ្លៃសម្រាប់ជនជាតិរុស្ស៊ី និងអ៊ុយក្រែន
01, Mar 2024 , 11:59 am        
រូបភាព
រូបភាព Xinhua
រូបភាព Xinhua
ស្រីលង្កាបានសម្រេចចិត្តបញ្ឈប់ការផ្តល់ទិដ្ឋាការរយៈពេលវែងដោយឥតគិតថ្លៃដល់ជនជាតិរុស្ស៊ី និងអ៊ុយក្រែន ដែលបានរស់នៅក្នុងរយៈពេលពីរឆ្នាំកន្លងមក។ នេះបើតាមការបញ្ជាក់របស់មន្ត្រីរដ្ឋា ភិបាលស្រីលង្កានៅថ្ងៃទី២៩ ខែកុម្ភៈ។

 
ចាប់តាំងពីរុស្ស៊ីបានឈ្លានពានអ៊ុយក្រែន ក្នុងខែកុម្ភៈ ឆ្នាំ២០២២ ស្រីលង្កាបានអនុញ្ញាតឱ្យជនជាតិរុស្ស៊ី និងអ៊ុយក្រែនស្នាក់នៅក្នុងប្រទេសខ្លួនដោយមិនបង់ប្រាក់សម្រាប់ទិដ្ឋាការ ប៉ុន្តែឥឡូវនេះពួកគេនឹងតម្រូវឱ្យបង់ថ្លៃសេវាវិញហើយ។ រដ្ឋមន្ត្រីសន្តិសុខសាធារណៈ ស្រីលង្កា លោក Tiran Alles បានប្រាប់ទីភ្នាក់ងារព័ត៌មានReuters ថា ការបង់ប្រាក់ គឺមានចំនួនប្រហែល ៥០ដុល្លារសម្រាប់ទិដ្ឋាការរយៈពេល ៣០ថ្ងៃ ប្រសិនបើពួកគេចង់ស្នាក់នៅស្រីលង្កា។
 
«បុគ្គលដែលចង់ស្នាក់នៅបន្តអាចស្នើសុំទិដ្ឋាការថ្មី។» លោក Alles មានប្រសាសន៍បែបនេះ រួចបន្តកត់សម្គាល់ផងដែរថា ពួកគេអាចបន្តទិដ្ឋាការបានភ្លាមៗ ហើយអាចបន្តស្នាក់នៅប្រទេសនេះ។
 
កាលពីសប្តាហ៍មុន អាជ្ញាធរអន្តោប្រវេសន៍បាននិយាយថា ពួកគេកំពុងបញ្ចប់គម្រោងទិដ្ឋាការ រយៈពេលវែងដោយឥតគិតថ្លៃសម្រាប់ជនជាតិរុស្ស៊ី និងអ៊ុយក្រែន ដោយកំណត់ថ្ងៃផុតកំណត់ នៅថ្ងៃទី៧ ខែមីនា សម្រាប់ការចាកចេញរបស់អ្នកដែលគ្មានទិដ្ឋាការថ្មី។ សេចក្ដីជូនដំណឹង នេះបង្កឱ្យមានជាមតិវែកញែកគាំទ្រ និងជំទាស់នៅលើប្រព័ន្ធបណ្ដាញសង្គមផងដែរ។
 
ប្រធានអាជ្ញាធរអភិវឌ្ឍន៍ទេសចរណ៍ស្រីលង្កា លោក Priantha Fernando បានថ្លែងថា ជនជាតិរុស្សី និងអ៊ុយក្រែនប្រហែល៣០០ ទៅ ៤០០នាក់ ត្រូវបានប៉ាន់ស្មានថា បានស្នាក់នៅ ស្រីលង្កាចាប់តាំងពីខែកុម្ភៈ ឆ្នាំ ២០២២​ មក។ យ៉ាងណាមិញ លោកFernando បានបញ្ជាក់ថា នេះ​មិន​មាន​ពាក់ព័ន្ធ​នឹង​អ្នក​ទេសចរ​ធម្មតាដែលធ្វើដំណើរចូលប្រទេសក្នុងរយៈពេលខ្លី​នោះទេ។
 
អង់គ្លេស អាល្លឺម៉ង់ ឥណ្ឌា និងរុស្ស៊ី ជាភ្ញៀវទេសចរកំពូលទៅកាន់ស្រីលង្កា ដែលបានទទួលភ្ញៀវទេសចរជិត ៤០ ម៉ឺននាក់រួចហើយនៅដើមឆ្នាំ២០២៤។ ស្រីលង្កាមានគោលបំណងស្វាគមន៍ភ្ញៀវទេសចរប្រហែល ២,២ លាននាក់ត្រឹមខែធ្នូ ឆ្នាំនេះ ក្នុងកិច្ច ប្រឹងប្រែងរបស់ខ្លួនក្នុងការងើបឡើងវិញពីវិបត្តិហិរញ្ញវត្ថុដ៏អាក្រក់បំផុតរបស់ខ្លួន។ 
 
យ៉ាងណាក៏ដោយ អ្នកទេសចររុស្ស៊ីថ្មីនឹងមានសិទ្ធិទទួលបានទិដ្ឋាការដោយឥតគិត ថ្លៃក្រោមគម្រោងផ្សព្វផ្សាយដាច់ដោយឡែកដែលបានអនុម័តកាលពីខែវិច្ឆិកាឆ្នាំមុន។ ក្រោមគម្រោងនេះ ភ្ញៀវទេសចរមកពីចិន ឥណ្ឌា ឥណ្ឌូណេស៊ី ជប៉ុន ម៉ាឡេស៊ី រុស្ស៊ី និងថៃ នឹងបន្ត ចេញទិដ្ឋាការដោយឥតគិតថ្លៃរហូតដល់ថ្ងៃទី ៣១ ខែមីនា៕

Tag:
 រុស្ស៊ី
  អ៊ុយក្រែន
© រក្សាសិទ្ធិដោយ thmeythmey.com