អន្តរជាតិ
លោកពូទីនព្រមានលោកខាងលិចពីជម្លោះអាវុធនុយក្លេអ៊ែរ
01, Mar 2024 , 3:09 pm        
រូបភាព
លោកប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន។ រូបភាព AFP
លោកប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន។ រូបភាព AFP
អត្ថបទដោយ៖ ម៉ី មិនិត្យ (Minith Mey) 

ប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន នៅទី២៩ ខែកុម្ភៈ បានព្រមានប្រទេសលោកខាងលិចពីការបង្កហានិភ័យនៃសង្គ្រាម​នុយក្លេអ៊ែរ ប្រសិនបើ​ហ៊ានបញ្ជូន​ទ័ពទៅអ៊ុយក្រែន ដើម្បីជួយច្បាំងប្រឆាំងនឹងរុស្ស៊ី។ យ៉ាងណាមិញ បណ្តាសមាជិកណាតូ បានបញ្ជាក់រួចហើយថា គ្មានឡើយលទ្ធភាពបញ្ជូនទ័ពទៅអ៊ុយក្រែន។

 
សង្រ្គាមនៅអ៊ុយក្រែន បានបង្កឱ្យមានវិបត្តិដ៏អាក្រក់បំផុតចំពោះទំនាក់ទំនងរវាងទីក្រុងម៉ូស្គូ និងលោកខាងលិចចាប់តាំងពីវិបត្តិមីស៊ីលគុយបាឆ្នាំ ១៩៦២។ កន្លងមក លោកវ្ល៉ាឌីមៀ ពូទីន ប្រធានាធិបតីរុស្ស៊ី បានព្រមានពីការប្រឈមមុខដោយផ្ទាល់រវាងរុស្ស៊ី និងណាតូតែម្តង។ 
 
នៅចំពោះមុខសមាជិកសភា លោកពូទីន បានចោទជាថ្មីលើបណ្តាប្រទេសលោកខាងលិចថាមានចេតនា ធ្វើឱ្យរុស្ស៊ីទន់ខ្សោយ ហើយថែមទាំងព្រមានបណ្តាប្រទេសទាំងនោះពីគ្រោះថ្នាក់នៃការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ខ្លួនថែមទៀត។ 
 
«(ប្រទេសលោកខាងលិច) ត្រូវតែដឹងថា យើងក៏មានអាវុធដែលអាចវាយប្រហារលើទឹកដីរបស់ពួកគេ។ ទាំងអស់នេះហើយដែលគំរាមកំហែងដល់ជម្លោះអាវុធនុយក្លេអ៊ែរ និងការបំផ្លិចបំផ្លាញអរិយធម៌របស់យើង ពូកគេមិនយល់ទេឬ?» លោក ពូទីន បានសង្កត់ធ្ងន់បែបនេះ នៅថ្ងៃទី២៩ ខែកុម្ភ មុនការបោះឆ្នោតប្រធានាធិបតីខិតចូលមកដល់។ 
 
ជាការពិត ការប្រើពាក្យសម្តីខ្លាំងៗរបស់មេដឹកនាំរុស្ស៊ីខាងលើ ធ្វើឡើង ក្រោយប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង នៅថ្ងៃទី២៦ ខែកុម្ភៈ បានស្វះស្វែងរកការបញ្ជូនទ័ពជើងគោកជួយអ៊ុយក្រែន។ យ៉ាងណាមិញ កិច្ចខិតខំនេះ ប៉ុន្តែត្រូវបានអាមេរិក អាល្លឺម៉ង់ អង់គ្លេស និងប្រទេសប៉ុន្មានទៀតបដិសេធ។ ទន្ទឹមនេះ ប្រមុខអង្គការណាតូ លោក Jens Stoltenberg ក៏បានច្រានចោលលទ្ធភាពក្នុងការបញ្ជូនទ័ពជួយក្រុងកៀវផងដែរ។ 
 
ក្នុងសុន្ទរកថា នៅថ្ងៃទី២៩ ខែកុម្ភៈដដែល មេដឹកនាំរុស្ស៊ី បានប្រកាសយ៉ាងច្បាស់ថា កងកម្លាំងនុយក្លេអ៊ែរយុទ្ធសាស្រ្ត បានត្រៀមខ្លួនរួចរាល់ហើយ ខណៈមីស៊ីលមានល្បឿនលឿនជាងសំឡេង អាចបំពាក់នុយក្លេអ៊ែរ ក៏ត្រូវបានពង្រាយរួចដែរ ឬស្ថិតក្នុងដំណាក់កាលបញ្ចប់ការធ្វើតេស្ត និងអភិវឌ្ឍ។
 
សូមបញ្ជាក់ថា វាមិនមែនជាលើកទីមួយឡើយ ដែលលោកពូទីន បានព្រមានពីការប្រើអាវុធនុយក្លេអ៊ែរ ស្របពេលសង្រ្គាមនៅអ៊ុយក្រែន កំពុងកើតឡើង៕​

Tag:
 រុស្ស៊ី
  ណាតូ
  បារាំង
© រក្សាសិទ្ធិដោយ thmeythmey.com