អន្តរជាតិ
តួកគី​ទទួល​​លិខិត​ព្រាង​​អាម៉េរិកដែល​អនុម័ត​លើ​កិច្ច​ព្រម​ព្រៀងទិញយន្តហោះ F-16
01, Mar 2024 , 8:59 pm        
រូបភាព
យន្តហោះចម្បាំង F-15
យន្តហោះចម្បាំង F-15
អ្នកនាំពាក្យក្រសួងការពារជាតិតួកគី នៅថ្ងៃទី២៩ ខែកុម្ភៈ បានលើកឡើងថា អាម៉េរិកបានផ្ញើលិខិតព្រាងសំណើបង្កើតកុងត្រា ទាក់ទងនឹងការទិញយន្តហោះចម្បាំង Block-70 F-16 និងគ្រឿងបរិក្ខារ។

 
តួកគីបានដាក់សំណើទិញយន្តហោះចម្បាំង F-16 ក្នុងខែតុលា ឆ្នាំ ២០២១ ពីរឆ្នាំបន្ទាប់ពីអាម៉េរិកបានបណ្តេញ ប្រទេសមួយនេះចេញពីកម្មវិធីយន្តហោះចម្បាំង F-35 ជំនាន់ទី ៥ ជុំវិញការទិញប្រព័ន្ធការពារមីស៊ីលរុស្ស៊ី។ ក្រោយពន្យារពេលចរចាជាបន្តបន្ទាប់ រយៈពេលជិត ២ ឆ្នាំជាងមកនេះ ទីបំផុតរដ្ឋបាលអាម៉េរិកបានយល់ព្រមលើកិច្ចព្រមព្រៀងទិញF-16 បន្ទាប់ពីការសម្រេចចិត្តរបស់តួកគីលើសមាជិកភាពរបស់ស៊ុយអែតចូលអង្គការណាតូ។ 
 
ការសម្រេចនេះត្រូវបានរំពឹងថាជាដំណាក់កាលចុងក្រោយ ដោយសភា​អាម៉េរិកមិនបានរារាំង ការអនុម័តនៃការលក់ក្នុងរយៈពេល ១៥ ថ្ងៃ គិតចាប់ពីដើមខែកុម្ភៈមក។
 
«ក្រសួងរបស់យើងបានទទួលសេចក្តីព្រាងសំណើរបង្កើតកិច្ចព្រមព្រៀង យកដែលផ្ញើដោយ អាម៉េរិកសម្រាប់ការលក់ Block-70 F-16 ថ្មីចំនួន ៤០ គ្រឿង គ្រឿងបរិក្ខារចំនួន៧៩ គ្រាប់កាំភ្លើង និងឧបករណ៍ផ្សេងៗ»។ អ្នកនាំពាក្យក្រសួងការពារជាតិតួកគី ឧត្តមនាវីទោ លោក Zeki Akturk បានប្រាប់អ្នកសារព័ត៌មានបែបនេះរួចបន្តថា ពួកគេបានចាប់ផ្តើមការពិនិត្យ និងវាយតម្លៃដែលចាំបាច់។
 
បន្ទាប់ពីការពិនិត្យឡើងវិញរបស់តួកគីលើសំណើព្រាងខាងលើ មន្ត្រីនៃប្រទេសទាំងពីររំពឹង នឹងជួបប្រជុំគ្នា ដើម្បីបញ្ចប់កិច្ចព្រមព្រៀងនេះ។
 
គួរបញ្ជាក់ថា តួកគីជាប្រតិបត្តិករដ៏ធំបំផុតមួយនៃយន្តហោះចម្បាំង F-16 ជាមួយនឹងកង នាវារបស់ខ្លួនដែលបង្កើតឡើងដោយម៉ូដែលចាស់ៗ Block 30 40 និង 50​ ជាង ២០០ គ្រឿង។ បន្ទាប់​ពី​បាន​ជួប​ជាមួយ​ប្រធានាធិបតី​តួគី លោក Tayyip Erdogan និង​រដ្ឋមន្ត្រី​ការ​បរទេស ​លោក Hakan Fidan សមាជិកព្រឹទ្ធសភាអាម៉េរិក លោក Chris Murphy លើក​ឡើង​នៅសប្តាហ៍​មុន​ថា ទំនាក់ទំនងរវាងសម្ព័ន្ធមិត្តណាតូទាំងពីរ បានទទួលនូវសន្ទុះយ៉ាងសំខាន់ដែល ពួកគេអាចទទួលចាប់យកឱកាស ដើម្បីទទួលបានអត្ថប្រយោជន៍៕

Tag:
 តួកគី
  អាម៉េរិក
© រក្សាសិទ្ធិដោយ thmeythmey.com