RFI
អន្តរជាតិ
ប្រធានាធិបតី​ហ្វីលីពីន​ប្រកាស​​មិន​បណ្តោយ​ឱ្យ​បរទេស​រំលោភបូរណភាព​ដែន​ដី
01, Mar 2024 , 9:59 pm        
រូបភាព
ប្រធានាធិបតី​ហ្វីលីពីន​ប្រកាស​នៅ​មុខ​សភា​អូស្ត្រាលី​មិន​បណ្តោយ​ឱ្យ​បរទេស​រំលោភបូរណភាព​ដែន​ដី​សូម្បី​តែ​មួយ​សង់ទីម៉ែត្រ AP - Mick Tsikas
ប្រធានាធិបតី​ហ្វីលីពីន​ប្រកាស​នៅ​មុខ​សភា​អូស្ត្រាលី​មិន​បណ្តោយ​ឱ្យ​បរទេស​រំលោភបូរណភាព​ដែន​ដី​សូម្បី​តែ​មួយ​សង់ទីម៉ែត្រ AP - Mick Tsikas
ដោយ៖អៀង សុខម៉ិញ/RFI ខេមរភាសា

នាពេល​បំពេញ​ទស្សនកិច្ច​នៅក្នុង​ប្រទេស​អូស្ត្រាលី ប្រធានាធិបតី​ហ្វីលីពីន លោក ហ្វ៊ែរឌីណង់ ម៉ាកូស ជូញ៉រ បាន​ប្រកាស​សន្យា​នៅចំពោះ​មុខ​សភាក្រុង​កង់បេរ៉ា​ថា មិន​បណ្តោយ​ឱ្យ​មហាអំណាច​បរទេស​ណា​រំលោភ​បំពាន​បូរណភាព​ដែន​ដី​ហ្វីលីពីន សូម្បី​តែ​មួយ​សង់ទីម៉ែត្រ។ សេចក្តីប្រកាស​នេះ​ធ្វើ​ឡើង​បន្ទាប់​ពី​ហ្វីលីពីន​និង​ចិន​បាន​ប៉ះទង្គិច​គ្នា​ជាបន្ត​បន្ទាប់​​នៅ​ក្នុង​ដែន​ទឹក​ជាប់​ជម្លោះ​នា​តំបន់​សមុទ្ទ​ចិន​​ខាង​ត្បូង។

 
លោកប្រធានាធិបតី​ហ្វីលីពីន ហ៊្វែរឌីណង់​ ម៉ាកូស ជូញ៉រ កំពុង​បំពេញ​ទស្សនកិច្ច​ផ្លូវ​រដ្ឋ​នៅក្នុង​ប្រទេស​អូស្ត្រាលី។ ក្រៅ​អំពី​ជួប​ពិភាក្សា​ជាមួយ​នាយករដ្ឋមន្ត្រី​ លោក​ម៉ាកូស ជូញ៉រ បាន​ថ្លែង​ទៅ​កាន់​សភា​កង់បេរ៉ា ដោយ​សន្យា​មិន​អនុញ្ញាត​ឱ្យ​មហាអំណាច​បរទេស​ណាមួយ រំលោភ​យក​បូរណភាព​ដែន​ដី​ហ្វីលីពីនទេ។ បើ​តាម​ប្រសាសន៍​របស់​លោក​ប្រធានាធិបតី ហ្វីលីពីន​កំពុង​ស្ថិត​​នៅ​ជួរ​មុខ​ទល់​នឹង​សកម្មភាព​ដែល​ប៉ះពាល់​ដល់​សន្តិភាព និង​ស្ថិរភាព​តំបន់។ ហ្វីលីពីន​ត្រូវប្រឈម​​នឹង​អ្វី​ដែល​ទំនងជា​​ខ្លាំង​គួរឱ្យ​ខ្លាច​​ តែ​ក៏​មាន​វិធី​តប​ត​វិញក៏​ខ្លាំង​ក្លា មិន​​ព្រឺ​ខ្លាចនិង​បណ្តោយ​ឱ្យនរណា​​ធ្វើ​អ្វី​ស្រេច​ចិត្ត​ទេ។ ​នេះ​ពាក្យ​ប្តេជ្ញា​របស់​លោក​ប្រមុខ​រដ្ឋ​ហ្វីលីពីន ក្រោម​ស្នូរ​ទះ​ដៃ​យ៉ាង​កង​រំពង​របស់​សភា​អូស្រ្តាលី។ ​លោក​ម៉ាកូស​ បាន​ប្រកាស​ទៀត​ថា ការការពារ​សមុទ្ទចិន​ខាង​ត្បូង​ ជា​ផ្លូវ​សម្រាប់​ចរាចរណ៍​ដឹក​ជញ្ជូន​ពាណិជ្ជកម្ម​ពិភពលោគ ជា​ប្រការ​ចាំបាច់​ក្នុង​ការ​ថែរក្សា​សន្តិភាព​តំបន់ និង​ពិភពលោក​តែ​ម្តង។
 
ជាមួយនឹង​ការ​​ទទួល​ស្វាគមន៍​​យ៉ាងកក់​ក្តៅ នាយករដ្ឋមន្ត្រី​អូស្ត្រាលី លោក អង់តូនី អាល់បានីស៊ី ​ប្រកាស​ចាត់​ទុក​ហ្វីលីពីន​ជាប្រទេស​​ដៃគូយុទ្ធសាស្ត្រ​។ ប្រទេស​ទាំងពីរ​បាន​ចុះ​ហត្ថលេខា​លើ​កិច្ចព្រមព្រៀង​​ដើម្បី​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​សមុទ្ទ​ និង​បាន​សន្យា​សហការ​គ្នា​កាត់​ស្អិត​ល្មួត​ដើម្បី​ជំរុញ​ទស្សនវិស័យ​រួម​ក្នុង​តំបន់។
 
ហ្វីលីពីន​អាច​ទទួល​ទទួល​ការ​គាំទ្រ​ពី​អូស្ត្រាលី​បាន​យ៉ាង​ស្រួល​ ប៉ុន្តែ​ម៉ានីល​ទំនង​ត្រូវ​ជួបការ​លំបាក​ខ្លាំង​នៅ​ក្នុង​ជំនួប​​កំពូល​អាស៊ាន​ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ក្រុង​មែលប៊ូន​សប្តាហ៍ក្រោយ។ ប្រទេស​ជា​សមាជិក​អាស៊ាន​ជា​ច្រើន​ មាន​ជាអាទិ៍​កម្ពុជា ឡាវ ដែល​មាន​ទំនាក់​ទំនង​ជិត​ស្និទ្ធ​ខ្លាំងជាមួយ​ចិន មិន​ចង់​ធ្វើ​អ្វី​ឱ្យ​ឃ្នើស​ចិត្ត​ចិន​ជា​ដៃគូពាណិជ្ជកម្ម​ទេ​។
 
ម្សិលមិញ លោក​ម៉ាកូស បានសម្តែង​ការ​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង ចំពោះ​​វត្តមាន​របស់​​នាវាយោធា​ចិន​កាលពី​សប្តាហ៍មុន នៅ​ជុំ​វិញ​កូនកោះ​ថ្មប៉ប្រះទឹក​Scarborough ក្នុង​សមុទ្ទ​ចិន​ខាង​ត្បូង ដែល​ជា​ប្រភព​តាន​តឹង​រវាង​ប្រទេស​ទាំងពីរ តាំងពី​ចិន​ចូល​ទៅ​កាន់​កាប់​នៅ​ឆ្នាំ​២០១២មក។ កាលពី​ឆ្នាំទៅ មាន​​ប៉ះទង្គិច​គ្នា​  ដល់​ថ្នាក់នាវា​ចិនបាញ់​ទឹកដាក់​នាវា​ហ្វីលីពីនផង។ ប៉េកាំង​ទាមទារ​គ្រប់​គ្រងស្ទើរ​ទាំងស្រុង​តំបន់​ដែន​ទឹក​ដែល​ជា​ផ្លូវ​ផ្តោះ​ប្តូរ​ពាណិជ្ជកម្ម​រាប់​ពាន់​លាន​ដុល្លារ ហើយ​មិន​ខ្យល់​នឹង​សេចក្តី​សម្រេច​របស់​តុលាការ​អន្តរជាតិ​ឆ្នាំ​២០១៦​ថាការ​ទាមទារ​ចិន​មិន​ត្រឹម​ត្រូវ។ ប៉ុន្តែ​​ព្រុយណេ ម៉ាឡេស៊ី តែវ៉ាន់​និង​វៀតណាម ព្រមទាំង​ហ្វីលីពីន​ផ្ទាល់​ យល់ថា​ពួក​គេ​ក៏មាន​​ចំណែក​ដែរ៕​

© រក្សាសិទ្ធិដោយ thmeythmey.com