សេដ្ឋកិច្ច
អន្តរជាតិ
កូរ៉េខាងត្បូង ផ្តល់ផ្ទះជួលតម្លៃថោកសម្រាប់អ្នកនៅលីវ
02, Mar 2024 , 8:59 am        
រូបភាព
រូបភាព ៖ Texture on Texture
រូបភាព ៖ Texture on Texture
រដ្ឋាភិបាលទីក្រុងសេអ៊ូល នឹងផ្តល់ផ្ទះជួលដែលមានតម្លៃសមរម្យជាងមុន សម្រាប់អ្នកនៅលីវក្នុងទម្រង់ជាលំនៅឋានរួមគ្នា ខណៈដែលចំនួនអ្នកដែលរស់នៅម្នាក់ឯងនៅកូរ៉េខាងត្បូងកើនឡើងយ៉ាងឆាប់រហ័ស។

 
ការផ្តល់ជូនលំនៅឋានរួមនេះមានតម្លៃថោកជាងទីផ្សារដល់ ៥០ភាគរយសម្រាប់ការសម្រាប់អ្នកនៅលីវដែលមានប្រាក់ចំណូលទាប និង ៧០ភាគរយសម្រាប់អ្នកនៅលីវដែលគ្មានផ្ទះសម្បែង។ ការជួលអប្បរមាមានរយៈពេល៦ ឆ្នាំចំពោះមនុស្សចាប់ពីអាយុ ១៩-៣៩ឆ្នាំ និងអតិបរមា ១០ឆ្នាំសម្រាប់មនុស្សដែលមានអាយុលើសពី ៤០ឆ្នាំ។ នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់រដ្ឋាភិបាលទីក្រុងសេអ៊ូលនៅថ្ងៃទី២៦ ខែកុម្ភៈ។ 
 
លំនៅឋានរួម ជាប្រភេទផ្ទះដែលលំហផ្ទាល់ខ្លួន និងផ្នែកខ្លះរួមគ្នាក្នុងអគារតែមួយ។ ជាឧទាហរណ៍ បន្ទប់គេង និងបង្គន់ត្រូវបានផ្តល់ជូនក្នុងទម្រង់ជាអាផាតមិនស្ទូឌីយោដាច់ដោយឡែក ខណៈពេលបន្ទប់ទទួលភ្ញៀវ និងផ្ទះបាយត្រូវបានប្រើប្រាស់រួមគ្នាជាមួយអ្នករស់នៅ។
 
រដ្ឋាភិបាលទីក្រុងសេអ៊ូលគ្រោងសង់លំនៅឋានរួមដែលមានចំនួន ២០ពាន់យូនីតសម្រាប់អ្នកនៅលីវក្នុងរយៈពេល ៤ឆ្នាំខាងមុខ។ យូនីតទាំងនេះ នឹងត្រូវបានសាងសង់នៅក្នុងទីតាំងដែលនៅជិតស្ថានីយ៍រថភ្លើងក្រោមដី ផ្លូវធំៗ និងកន្លែងថែទាំសុខភាព ដើម្បីបំពេញតម្រូវការពីក្រុមមនុស្សផ្សេងៗគ្នា។ រដ្ឋាភិបាលទីក្រុងសេអ៊ូល នឹងផ្តល់ការលើកទឹកចិត្តដល់អ្នកអភិវឌ្ឍន៍លំនៅឋានក្នុងការសាងសង់ផ្ទះបែបនេះ។ 
 
«យើងប៉ាន់ប្រមាណថា តម្រូវការលំនៅឋានរួមនឹងឈានដល់ប្រហែល ១០០ពាន់យូនីតនៅឆ្នាំ ២០៣០»។ នេះបើតាមការចុះផ្សាយរបស់សារព៏ត៌មានកូរ៉េខាងត្បូង MK ដកស្រង់សម្តីលោក Byeongyong Han ប្រធានការិយាល័យគោលនយោបាយលំនៅដ្ឋានទីក្រុងសេអ៊ូល។
 
បើតាមសេចក្តីថ្លែងការណ៍ទីក្រុងសេអ៊ូល វាជាភាពចាំបាច់ក្នុងការផ្គត់ផ្គង់លំនៅដ្ឋានរួមគ្នា ដើម្បីស្របតាមនិន្នាការកើនឡើងយ៉ាងឆាប់រហ័សនៃអ្នកដែលចង់រស់នៅម្នាក់ឯង។  ទិន្នន័យពីការិយាល័យស្ថិតិជាតិកូរ៉េខាងត្បូងបង្ហាញ ផលធៀបនៃអ្នកដែលរស់នៅក្នុងបន្ទប់ជួលតែម្នាក់ឯងនាពេលបច្ចុប្បន្ននៅក្នុងទីក្រុងសេអ៊ូលមានចំនួន ៤,១៣លាននាក់ ហើយរំពឹងថានឹងកើនប្រហែល ៤០ភាគរយនៅឆ្នាំ ២០៣០។
 
ក្នុងពេលបច្ចុប្បន្ន ចំនួនមនុស្សដែលរស់នៅម្នាក់ឯងមានចំនួន ១ភាគ៣ នៃគ្រួសារសរុបក្នុងដ្ឋធានីកូរ៉េខាងត្បូងមួយនេះ ដោយសារចំនួនអ្នករៀបការតិចជាងមុន ព្រមចំនួនប្រជាជនវ័យចំណាស់រស់នៅតែឯងកើនឡើង៕ 
 

Tag:
 សេអ៊ូល
  អ្នកនៅលីវ
  លំនៅឋាន
  កូរ៉េខាងត្បូង
© រក្សាសិទ្ធិដោយ thmeythmey.com