អន្តរជាតិ
UN៖ គ្រោះទុរ្ភិក្សនៅកាហ្សាស្ទើរតែជៀសមិនរួច ខណៈប្រព័ន្ធសុខាភិបាលធ្លាក់ដល់បាត
02, Mar 2024 , 11:29 am        
រូបភាព
រូបភាព Xinhua
រូបភាព Xinhua
អង្គការសហប្រជាជាតិ (UN) នៅថ្ងៃទី១ ខែមីនា បានលើកឡើងថា គ្រោះទុរ្ភិក្ស នៅតំបន់កាហ្សា គឺស្ទើរតែជៀសមិនរួច លុះត្រាតែសង្រ្គាមអ៊ីស្រាអែល-ហាម៉ាសមានការផ្លាស់ប្តូរវិជ្ជមាន។ បន្ថែមពីនេះ ប្រព័ន្ធសុខាភិបាល និងមន្ទីរពេទ្យស្ថិតក្នុងស្ថានភាពដ៏អាក្រក់បំផុតផងដែរ។

 
អង្គការសហប្រជាជាតិ (UN) និងស្ថាប័នមនុស្សធម៌ផ្សេងទៀត មិនទាន់បានប្រកាសពីស្ថានភាពទុរ្ភិក្សនៅក្នុងតំបន់ កាហ្សានៅឡើយ បើទោះបីជាស្ថានភាពកាន់តែអាក្រក់នៅក្នុងទឹកដីប៉ាឡេស្ទីន ចាប់តាំងពី ការវាយប្រហាររបស់ពួកហាម៉ាសលើអ៊ីស្រាអែលកាលពីថ្ងៃទី ៧ ខែតុលា។ អ្នកនាំពាក្យរបស់ការិយាល័យ UN សម្រាប់ការសម្របសម្រួលកិច្ចការមនុស្សធម៌ (OCHA) លោក Jens Laerke បានព្រមានថា នៅពេលដែលគ្រោះទុរ្ភិក្សត្រូវបានប្រកាស វាយឺត ពេលសម្រាប់មនុស្សដ៏ច្រើនលើសលប់។
 
«យើងមិនចង់ទៅដល់ស្ថានភាពនោះទេ ហើយយើងត្រូវការអ្វីៗដើម្បីផ្លាស់ប្តូរមុននោះ»។ លោក Laerke បានប្រាប់សន្និសីទខ្លីមួយនៅទីក្រុងហ្សឺណែវបែបនេះរួចបន្តថា ប្រទេសនីមួយៗ ត្រូវពិនិត្យមើលពីស្ថានភាពសន្តិសុខស្បៀងនៅទូទាំងតំបន់កាហ្សា ជាពិសេសនៅភាគខាងជើង ហើយប្រសិនបើអ្វីមួយមិនផ្លាស់ប្តូរនោះទេ គ្រោះទុរ្ភិក្ស គឺស្ទើរតែជៀសមិនរួច ចំពោះនិន្នាការបច្ចុប្បន្ន។
 
ទន្ទឹមនេះ លោក Laerke ក៏បានលើកឡើងពីការបិទជិតសរុបនៃការនាំចូលអាហារពាណិជ្ជកម្ម ឡានដឹកទំនិញដែលចូលមកជាមួយជំនួយស្បៀងអាហារ និងឧបសគ្គក្នុងការអនុញ្ញាតឱ្យឆ្លង កាត់ដើម្បីផ្លាស់ទីជុំវិញក្នុងទឹកដីប៉ាឡេស្ទីន។ គ្រប់កត្តាទាំងអស់នេះរួមបញ្ចូលគ្នានាំឱ្យឈាន ដល់ការព្រមានពីស្ថានភាពធ្ងន់ធ្ងរខ្លាំងដែលនឹងចូលមកយ៉ាងលឿន។
 
ស្រដៀងគ្នានេះ អ្នកនាំពាក្យអង្គការសុខភាពពិភពលោក (WHO) លោក Christian Lindmeier ប្រាប់អ្នកសារព័ត៌មានដាច់ដោយឡែកថា ប្រព័ន្ធសុខាភិបាលនៅតំបន់កាហ្សាកំពុងស្ថិតក្នុង កម្រិតដ៏ទាបបំផុតដែលផ្ដល់ផលអវិជ្ជមានយ៉ាងខ្លាំងដល់អាយុជីវិតប្រជាជននៅទីនោះ។
 
កងកម្លាំងអ៊ីស្រាអែលនៅតំបន់កាហ្សាដែលបំផ្លិចបំផ្លាញដោយសង្រ្គាមបានបើកការបាញ់
ប្រហារកាលពីថ្ងៃទី២៩ ខែកុម្ភៈ ខណៈដែលជនស៊ីវិលប៉ាឡេស្ទីនបានរង់ចាំទៅយកជំនួយ ស្បៀងអាហារអំឡុងពេលមានឧបទ្ទវហេតុវឹកវរដែលក្រសួងសុខាភិបាលបាននិយាយថាបានសម្លាប់មនុស្សជាង១០០នាក់។ 
 
លោក Lindmeier ជម្រាបថា មនុស្សអស់សង្ឃឹមយ៉ាង ខ្លាំងចំពោះអាហារ ទឹកសាប ការផ្គត់ផ្គង់ណាមួយ ដូច្នេះ ពួកគេប្រថុយជីវិតក្នុងការទទួល បានអាហារ គ្រឿងផ្គត់ផ្គង់ណាមួយដើម្បីចិញ្ចឹមកូន និងសម្រាប់ផ្ទាល់ខ្លួន។
 
តាមស្ថិតិដែលចងក្រងឡើងដោយក្រសួងសុខាភិបាលដែលគ្រប់គ្រងដោយក្រុមហាម៉ាស កុមារចំនួន១០ នាក់ ត្រូវបានចុះឈ្មោះជាផ្លូវការនៅក្នុងមន្ទីរពេទ្យមួយ ដោយសារការអត់ឃ្លានរហូតដល់ស្លាប់ ខណៈចំនួនមិនផ្លូវការអាចត្រូវបានរំពឹងថានឹងខ្ពស់ជាងនេះទៅទៀត៕

Tag:
 UN
  កាហ្សា
  អុីស្រាអែល
© រក្សាសិទ្ធិដោយ thmeythmey.com